website_news:2023040406

អាជ្ញាធរកម្ពុជានៅឡាវបញ្ជូនពលករខ្មែរចំនួន ៧ នាក់មកកម្ពុជាវិញ ក្រោយរំដោះចេញពីក្រុមហ៊ុនចិនដែលឃុំឃាំងឱ្យធ្វើការ

https://www.postkhmer.com/national/2023-04-01-0916-248676.html រី សុចាន់ | Publication date 01 April 2023 | 16:16 ICT

ភ្នំពេញៈ ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវបានបញ្ជូនពលករខ្មែរចំនួន ៧ នាក់ត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី១ ខែមេសា នេះបន្ទាប់ពីត្រូវបានរំដោះចេញពីក្រុមហ៊ុនចិន ដែលឃុំឃាំងពួកគេឱ្យធ្វើការមិនឱ្យចេញពីក្រុមហ៊ុន។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំឡាវបញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី១ ខែមេសា ថាស្ថានទូតកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទស និងអាជ្ញាធរមូលដ្ឋានខេត្តបរកែវប្រទេសឡាវ ដែលជាខេត្តស្ថិតនៅតំបន់ត្រីកោណមាស ជាប់ព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា និងថៃ «ដើម្បីរំដោះពលករខ្មែរ ៧ នាក់ ដែលត្រូវថៅកែក្រុមហ៊ុនចិនរំលោភលើសិទ្ធិការងារឃុំឃាំង ឱ្យធ្វើការមិនឱ្យចេញពីក្រុមហ៊ុនចិន»។

ហ្វេសប៊ុកដដែលបន្តថា៖ «នៅថ្ងៃសៅរ៍ ទី១ ខែមេសា នេះ ស្ថានទូតបានសហការជាមួយស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងប៉ាក់សេ បញ្ជូនពលករទាំង ៧ នាក់នោះត្រឡប់ទៅកម្ពុជាវិញ»។។ ស្ថានអគ្គកុងស៊ុលបានផ្តល់អាហារហូបចុក ព្រមទាំងជួលឡានដឹកជញ្ជូនពលករទាំង ៧ នាក់តាមច្រកព្រំដែនអន្តរជាតិណងណុកខៀន-ត្រពាំងគ្រៀលមកភ្នំពេញវិញ។ ហ្វេសប៊ុកដដែលបន្ថែមថា ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា ក៏បានណែនាំដល់ពលករខ្មែរទាំងនោះ ត្រូវពិចារណាឱ្យបានច្បាស់មុននឹងសម្រេចចិត្តចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេស ពិសេសការទៅធ្វើការខុសច្បាប់ ដោយមិនត្រូវជឿតាមការអូសទាញពីមេខ្សល់ ដែលអាចបង្កជាបញ្ហាជាច្រើនដល់ខ្លួនឯង៕

website_news/2023040406.txt · Last modified: 2023/04/04 09:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki