website_news:2023040801

កម្ពុជា-ថៃ ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមក

https://freshnewsasia.com/index.php/en/localnews/302804-2023-08-03-08-22-05.html 2023-08-03 03:22pm

(ភ្នំពេញ)៖ ភាគីកម្ពុជា និងថៃ បានប្តេជ្ញាក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិ ស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត សំដៅធានាដល់ប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមក។ ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក ឆឺតគៀត អាត់ថៈកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។

នាឱកាសនោះ លោក អ៉ិត សំហេង បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងភាគីកម្ពុជា និងភាគីថៃ ជាពិសេសភាគីទាំងពីរ បានខិតខំអនុវត្តបានយ៉ាងល្អ នូវអនុស្ស រណៈយោគយល់គ្នាចំនួន៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ការផ្លាស់ប្តូរកម្លាំងពលកម្ម និងការរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលផ្អែកលើក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ជាអំណោយផលល្អដល់ការជំរុញកំណើនសេដ្ឋកិច្ច សង្គម វប្បធម៌ វិស័យអប់រំជាដើម គឺមានការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក បានយ៉ាងល្អប្រសើរ។ ការបើកឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជាទៅធ្វើការនៅប្រទេសថៃ ពិតជាបានរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចប្រទេសទាំងពីរទទួលបាននូវវឌ្ឍភាពជាច្រើន ហើយពលករកម្ពុជាក៏ទទួលបាននូវប្រាក់ចំណូល និងបទពិសោធន៍ការងារ រួមទាំងជំនាញ ចំណេះដឹងផ្សេងៗផងដែរ។

លោករដ្ឋមន្រ្តីបានអំណរគុណចំពោះភាគីថៃ ដែលបានយកចិត្តទុកដាក់ដល់ការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនដល់ពលករកម្ពុជា ព្រមទាំងបានបង្កលក្ខណៈងាយស្រួលដល់ពួកគេក្នុងការស្នាក់នៅ និងបំពេញការងារនៅប្រទេសថៃ ដែលចាត់ទុកថាជានយោបាយឈ្នះ-ឈ្នះមួយរបស់ភាគីទាំង២ ក្នុងនោះពលករកម្ពុជាជាកម្លាំងបំពេញឱ្យតម្រូវការទីផ្សារការងាររបស់ថៃ ហើយពលករកម្ពុជាទទួលបានប្រាក់ចំណូលខ្ពស់ ទទួលបានជំនាញបន្ថែម និងជំរុញរំហូរហិរញ្ញវត្ថុចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិកម្ពុជាផងដែរ។ លោករដ្ឋមន្ត្រីបន្ថែមថា នៅក្នុងប្រទេសកម្ពុជាមិនខ្វះទេការងារដែលមានចំណូលសមរម្យដូចនៅប្រទេសថៃ ប៉ុន្តែដោយសារតែប្រជាពលរដ្ឋចង់ទៅធ្វើការនៅក្រៅប្រទេស ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាក៏ផ្ដល់ជម្រើស និងជួយសម្របសម្រួលឱ្យពួកគេបានទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់។

ភាគីទាំងពីរ ក៏បានឯកភាពគ្នាផងដែរនឹងពិនិត្យមើលការលើកទឹកចិត្តឱ្យពលករកម្ពុជាប្រើប្រាស់ប្រព័ន្ធធនាគាក្នុងការផ្ញើប្រាក់ជូនក្រុមគ្រួសារនៅស្រុក ដើម្បីជួយកាត់បន្ថយនូវហានិភ័យនានា និងងាយស្រួលដល់ការគ្រប់គ្រងផងដែរ។ ចំពោះវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈវិញ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានថ្លែងអំណរគុណចំពោះភាគីថៃដែលជួយផ្ដល់អាហារូបករណ៍ទទួលនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសថៃ ពិសេសគឺបានបង្កើតឱ្យមានវិទ្យាស្ថានមិត្តភាពអភិវឌ្ឍន៍ជំនាញកម្ពុជា-ថៃពូនភ្នំ សម្រាប់ផ្ដល់ការបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមកម្ពុជាឱ្យមានចំណេះជំនាញក្នុងការប្រកបវិជ្ជាជីវៈ។

ភាគីកម្ពុជា បានដាក់សំណើររួចហើយទៅភាគីថៃ ស្នើសុំផ្តល់នូវការបណ្តុះបណ្តាលលើមុខជំនាញចំនួន៦ រួមមាន៖ ១-ជំនាញវិស្វកម្មអេឡិចត្រូនិក ២-សំណង់ស៊ីវិល ៣-គ្រឿងយន្ត (Automotive) ៤-បរិក្ខារត្រជាក់ ៥-ព័ត៌មានវិទ្យា និង៦-វគ្គបណ្តុះបណ្តាលសម្រាប់បុគ្គលិកការិយា ល័យ។ ភាគីកម្ពុជាសង្ឃឹមថា បន្ទាប់ពីទទួលបានសំណើនេះ ភាគីថៃនិងផ្តល់ជូនវិទ្យាស្ថានមិត្តភាពអភិវឌ្ឍន៍ជំនាញកម្ពុជា-ថៃពូនភ្នំ តាមសំណើនេះនឹងបន្តទទួលបានកិច្ចសហប្រតិបត្តិការពីភាគីថៃលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបន្តទៀត ហើយនឹងបង្កើតឱ្យមានកម្មវិធីរួមគ្នាជាច្រើនទៀត ដូចការរៀបចំវេទិកាការងាររវាងកម្ពុជា-ថៃជាដើម៕

website_news/2023040801.txt · Last modified: 2023/08/04 10:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki