website_news:2023041002

ក្រសួងមហាផ្ទៃ បញ្ជាអាជ្ញាធរ បិទច្រករបៀងខុសច្បាប់ និងចាត់វិធានម៉ឺងម៉ាត់ ចំពោះមេខ្យល់

https://dap-news.com/national/2023/10/04/363410/ ByPH104Posted on October 4,2023 8:57 am

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអាជ្ញាធរខេត្តជាប់ព្រំដែន ត្រូវបិទច្រករបៀង ខុសច្បាប់ទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងចាត់វិធានការផ្លូវច្បាប់ ម៉ឺងម៉ាត់ចំពោះមេខ្យល់ និងអ្នកសមគំនិត អូសទាញប្រជាពលរដ្ឋ ឲ្យឆ្លងដែនខុសច្បាប់ ។

តាមរយៈលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ថា «សូមធ្វើការក្រើនរំលឹកដល់ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងករណីចាំបាច់ ត្រូវ ធ្វើការសិក្សា ស្រាវជ្រាវ និងវាយតម្លៃលើ សក្តានុពលសេដ្ឋកិច្ច និង សង្គមរបស់ច្រកដែល មានស្រាប់ រួចលើកសំណើមកក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋានសិក្សា និងលើកយោបល់ ជូនថ្នាក់ដឹកនាំ ពិនិត្យ សម្រេច ក្នុងការបង្កើតជាច្រកទ្វារព្រំដែនផ្លូវការ»។

ក្រសួងបន្ដថា ត្រូវចាត់វិធានការ ដើម្បីពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យអ្នកដំណើរ ទំនិញ និងមធ្យោបាយ ចេញចូលឆ្លងកាត់ព្រំដែន សំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសត្រូវពង្រឹងការទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅតាមបណ្តាច្រកទ្វារព្រំដែនដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ក្រសួង បន្ថែមថា ត្រូវក្រើនរំលឹកដល់អាជ្ញាធរ មានសមត្ថកិច្ចឈរជើង នៅតាមបណ្តាច្រកទ្វារព្រំដែនទាំងអស់ ឱ្យបញ្ឈប់ជាបន្ទាន់នូវការចេញ ឯកសារឆ្លងដែនមិនប្រក្រតី និងការយកកម្រៃក្រៅផ្លូវការពី ពលករ និងប្រជាពលរដ្ឋទូទៅនៅពេលពួកគាត់ឆ្លង កាត់ចេញចូលតាមបណ្តាច្រកទ្វារព្រំដែន ដែលផ្ទុយពីស្មារតីនៃ កិច្ចព្រមព្រៀងជាមួយប្រទេសជិតខាង ព្រមទាំងច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួង បន្ថែមថា ត្រូវបន្តផ្តល់សេវាសាធារណៈ និងសេវាប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋដោយគ្មានការ រើសអើង ដើរទន្ទឹមនឹងការគ្រប់គ្រងស្ថិតិនិងលំហូរប្រជាពលរដ្ឋ ចេញចូលឆ្លងកាត់ព្រំដែន ឲ្យបានច្បាស់លាស់ ព្រមទាំងខិតខំដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើង នៅតាមបណ្តាច្រកទ្វារព្រំដែន ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ។

លើសពីនេះ ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា «ត្រូវចាត់វិធានការផ្លូវច្បាប់ឲ្យ បានម៉ឺងម៉ាត់ ក្នុងការបង្ក្រាបសកម្មភាព មេខ្យល់ និងអ្នកសមគំនិត ដែលអូសទាញប្រជាពលរដ្ឋ ឱ្យឆ្លងដែនខុសច្បាប់តាមគ្រប់រូបភាព។ ស្របគ្នានេះដែរ ត្រូវធ្វើ ការអប់រំ ណែនាំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាប់ជាប្រចាំដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន នៅពេលចេញចូលឆ្លង កាត់ព្រំដែន ត្រូវមានឯកសារឆ្លងដែនស្របច្បាប់ ដែលចេញដោយ ក្រសួងស្ថាប័ននិង អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចៀសវាងការជួញដូរមនុស្ស ការកេងប្រវ័ញ្ច កម្លាំងពលកម្ម ការប្រព្រឹត្តបទល្មើស និងផលវិបាកផ្សេងៗ នៃការឆ្លងដែនខុសច្បាប់»៕

website_news/2023041002.txt · Last modified: 2023/10/04 11:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki