website_news:2023041003

ចាប់ខ្លួនប្តីប្រពន្ធ២នាក់នាំនារីខ្មែរ៧នាក់ទៅឡាវ ក្រោយនាងបង្ហោះហ្វេសប៊ុកស្វែងរកការជួយសង្គ្រោះ

https://kohsantepheapdaily.com.kh/article/1813726.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram ភ្នំពេញ០៣ ខែ តុលា ឆ្នាំ ២០២៣ ម៉ោង ១៦:២៨

រាជធានីភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ ជាមេខ្យល់រៀបចំនាំនារីខ្មែរចំនួន៧នាក់ ឲ្យទៅបម្រើការងារដោយខុសច្បាប់នៅប្រទេសឡាវ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានភ្នំពេញ នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នេះ ពាក់ព័ន្ធករណី «លក់ដូរមនុស្សសម្រាប់ឆ្លងដែន ដោយមិនស្របច្បាប់»។ ប្តីប្រពន្ធទាំង២នាក់ ជាមេខ្យល់ខាងលើនេះ រួមមាន ៖ ១- បុរសជាប្តីឈ្មោះ ហង្ស វិចេន ហៅ ចេម អាយុ២១ឆ្នាំ និងប្រពន្ធមានឈ្មោះ ឌុច ទូច អាយុ៣០ឆ្នាំ ទីលំនៅមិនពិប្រាកដ។

បើតាមមន្ត្រីនគរបាល បានបង្ហើបប្រាប់ឲ្យដឹងថា ២នាក់ប្តីប្រពន្ធខាងលើនេះ គឺជាមេខ្យល់អ្នករៀបចំនាំយកមនុស្សចេញទៅប្រទេសឡាវ តាមច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចបន្តទៅបាងកក និងឆ្លងកាត់ខេត្តឈៀងរ៉ៃ ប្រទេសថៃ ហើយក៏បានបន្តចូលទៅប្រទេសឡាវទៀត។ រីឯថៅកែ ដែលរង់ចាំទទួលនៅប្រទេសឡាវ ក្នុងតំបន់ត្រីកោណនោះ គឺជាជនជាតិចិនទៀតផង។ បើតាមមន្ត្រីនគរបាល ប្រាប់បន្តថា ជនសង្ស័យ២នាក់ប្តីប្រពន្ធជាប់ពាក់ព័ន្ធពីបទ «អំពើលក់ដូរមនុស្សសម្រាប់ឆ្លងដែន» ខាងលើនេះ ជនណាដែលលក់ដូរជនដទៃ ក្នុងគោលដៅប្រគល់ ឬនាំយកទៅក្រៅព្រះរាជាណាចក្រកម្ពុជានោះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី៧ឆ្នាំ រហូតទៅ១៥ឆ្នាំ ។

ជនណាដែលលក់ដូរជនដទៃ ក្នុងប្រទេសណាមួយ ក្រៅពីព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅប្រគល់ ឬនាំជនរងគ្រោះនោះទៅប្រទេសផ្សេងទៀត ត្រូវផ្តន្ទាទោសដូចគ្នានិងកថាខណ្ឌទី១ ខាងលើ។ ដោយផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី១៥ឆ្នាំ ដល់២០ឆ្នាំ ក្នុងករណីដែល ៖ ១- ជនរងគ្រោះជាអនិតិជន៊។ ២- អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពា.នដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ។ ៣- អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង ។

សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានទទួលព័ត៌មានតាមបណ្តាញសង្គមថា «ដោយមាននារីខ្មែរចំនួន៧នាក់នៅធ្វើការងារក្នុងប្រទេសឡាវ កំពុងដង្ហើយរកសមត្ថកិច្ចឲ្យជួយសង្គ្រោះ»។ ក្រោយពីទទួលបានព័ត៌មានខាងលើនោះភ្លាម កម្លាំងជំនាញបានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកជំទាវ ឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោយសហការជាមួយស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឡាវ អន្តរាគមន៍ ជួយសង្គ្រោះជនរងគ្រោះបាន៦នាក់ ក្នុងនោះអនីតិជនចំនួន៤នាក់ និងបានធ្វើការឃាត់ខ្លួនជនប្រព្រឹត្តិល្មើសចំនួន២នាក់ប្តីប្រពន្ធ នៅខេត្តបន្ទាយមានជ័យ។ ហើយជនរងគ្រោះ ពេលនេះកំពុងស្ថិតនៅប្រទេសឡាវនៅឡើយទេ ដោយអគ្គកុងស៊ុលនឹងសម្របសម្រួលត្រៀមបញ្ជូនមកកម្ពុជាវិញ ក្នុងរយៈពេលឆាប់បំផុតតាមដែលអាចធ្វើបាន។

សូមបញ្ជាក់ថា នៅថ្ងៃខាងលើនេះដែរ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ ក៏បានទទួលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីស្ត្រីខ្មែរចំនួន៧នាក់ ដែលបានបង្ហោះសារអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុក ស្វែងរកការជួយសង្គ្រោះពួកគេ។ ស្ត្រីទាំង៧នាក់នេះ ត្រូវបានជនខិលខូចបោកប្រាស់ឲ្យទៅធ្វើការនៅខេត្តបរកែវ នៃប្រទេសឡាវ ហើយបានរត់ចេញពីកន្លែងធ្វើការ បន្ទាប់ពីមានបញ្ហាជាមួយថៅកែ ដែលគ្រោងនឹងលក់ពួកគេឲ្យទៅប្រទេសទី៣ ។ ក្រោយពីបានទទួលព័ត៌មាននេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ បានសុំការសហការភ្លាមៗពីអាជ្ញាធរឡាវ ដើម្បីជួយសង្គ្រោះស្ត្រីខ្មែរទាំង៧រូបនោះ ។

ជាមួយគ្នានោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំរុញស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ ឱ្យផ្តល់នូវការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ ដោយសហការជាមួយសមត្ថកិច្ចឡាវ ។ លុះរហូតមកដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ មាននារីខ្មែរ៦នាក់ត្រូវបានជួយសង្គ្រោះ និងកំពុងស្ថិតនៅកន្លែងមានសុវត្ថិភាព ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាបាល នៃប្រទេសទាំងពីរ ។ ចំណែកស្ថានទូត ក៏បាននិងកំពុងបន្តសហការជាមួយកម្លាំងសមត្ថកិច្ចឡាវ ដើម្បីបន្តខិតខំប្រឹងប្រែងជួយសង្គ្រោះនារីខ្មែរម្នាក់ទៀតផងដែរ។

ការជួយសង្គ្រោះនារីខ្មែរទាំង៧រូបនេះខាងលើនេះ បានបង្ហាញឱ្យឃើញពីចំណាត់ការដ៏រហ័សរហួន និងការយកចិត្តទុកដាក់របស់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាពិសេសមន្ត្រីនៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសឡាវ និងអាជ្ញាធរពាក់ព័ន្ធ ដែលបានគិតគូរខ្ពស់អំពីសុវត្ថិភាព ទុក្ខលំបាក និងបញ្ហារបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង មិនថាបញ្ហាធំប៉ុណ្ណា លំបាកយ៉ាងណា ឬឆ្ងាយដល់ទីណានោះឡើយ ឱ្យតែរាជរដ្ឋាភិបាលបានដឹង គឺមិនព្រងើយកន្តើយទុកប្រជាពលរដ្ឋចោលនោះទេ គឺប្រឹងប្រែងអស់លទ្ធភាព ដើម្បីជួយពួកគេ។

ចំណែកនារីរងគ្រោះទាំង៦រូប ដែលបានជួយសង្គ្រោះរួចនោះ បានបង្ហាញក្តីរំភើបរីករាយជាពន់ពេក ដែលរួចផុតពីការជួញដូរ ជាពិសេសទទួលបានកិច្ចអន្តរាគមន៍យ៉ាងរហ័សពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងអាជ្ញាធរកម្ពុជា ។ ពួកគេបានគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ា ណែត ក៏ដូចជា អាជ្ញាធររបស់កម្ពុជា ក្នុងនោះរួមមាន ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីនៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសឡាវ ដែលបានខ្នះខ្នែងជួយសង្គ្រោះពួកគេឱ្យរួចផុតពីគ្រោះថ្នាក់ និងអាចបានត្រឡប់មកកាន់ប្រទេសកំណើតវិញ៕

website_news/2023041003.txt · Last modified: 2023/10/04 11:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki