website_news:2023041004

UNODC៖ កម្ពុជាកំពុងពេញនិយមខ្លាំងនៃការជួញដូរមនុស្ស បង្ខំឱ្យធ្វើឧក្រិដ្ឋកម្មបោកប្រាស់អនឡាញ

https://www.rfi.fr/km//20231003-unodc?utm_medium=social&utm_campaign=telegram&utm_source=shorty ចុះផ្សាយនៅថ្ងៃ 03/10/2023 - 09:49

របាយការណ៍ថ្មីរបស់ការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅថា UNODC បង្ហាញថា នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជាកំពុងពេញនិយមខ្លាំងនៃការជួញដូរមនុស្ស ដើម្បីបង្ខំឱ្យធ្វើឧក្រិដ្ឋកម្មបោកប្រាស់អនឡាញ។ តាមរបាយការណ៍ដែលទើបចេញផ្សាយរបាយការណ៍នៅចុងខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ឧក្រិដ្ឋជនមានប្រតិបត្តិការយ៉ាងបើកចំហរ តាម រយៈការផ្សារភ្ជាប់ទៅនឹងកន្លែងកម្សាន្តនានាដូចជា បនល្បែង សណ្ឋាគារធំៗ និងក្រុមហ៊ុនអាជីវកម្មចុះបញ្ជីជាដើម។

របាយការណ៍ថ្មីរបស់ការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅថា UNODC បង្ហាញថា ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមាន ឡាវ និងភូមា កំពុងពេញនិយមខ្លាំង សម្រាប់ការជួញដូរមនុស្ស បង្ខំឱ្យធ្វើឧក្រិដ្ឋកម្ម បោកប្រាស់អនឡាញនិងក្លែងបន្លំហិរញ្ញវត្ថុ។ ជាប្រតិបត្តិការយ៉ាងបើកចំហរ តាមរយៈការផ្សារភ្ជាប់ទៅនឹងកន្លែងកម្សាន្តនានាដូចជា បនល្បែង សណ្ឋាគារធំៗ និងក្រុមហ៊ុនអាជីវកម្មចុះបញ្ជីជាដើម។ និងដែលជាពិសេសកើតឡើង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZs) និងតំបន់ផ្សេងទៀតនៃប្រទេសកម្ពុជា ប្រទេសឡាវ និងប្រទេសភូមាក៏ដូចជាប្រទេសគោលដៅផ្សេងទៀត( រួមទាំងម៉ាឡេស៊ី និងហ្វីលីពីន)។

តាមរបាយការណ៍ដដែល នៅកម្ពុជា ទីតាំងនៃការប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញច្រើនបំផុត គឺនៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ ក៏មានដែរ ទីតាំងផ្សេងទៀត នៅខេត្តកណ្ដាល កោះកុង ប៉ោយប៉ែត ពោធិ៍សាត់ កំពត និងនៅតំបន់ទន្លេបាសាក់ ក្បែរព្រំដែនកម្ពុជា-វៀតណាម នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ហើយទីតាំង ដែលល្បីល្បាញជាងគេនោះគឺ អគារខ្ពស់កប់ពពកមួយកន្លែងនៅឆ្នេរអូរត្រេះ ក្នុងខេត្តព្រះសីហនុ។

ទម្រង់នៃឧក្រិដ្ឋកម្មទាំងនេះ ក្នុងរបាយការណ៍ គឺធ្វើឡើងតាមរយៈការផ្សព្វផ្សាយជ្រើសរើសបុគ្គលិក ដោយសន្យាទទួលបានប្រាក់ខែខ្ពស់ខ្ទង់ពាន់ដុល្លារ ជាមួយនឹងការងារតាមបនល្បែង សណ្ឋាគារ និងទីតាំងមិនច្បាស់លាស់ផ្សេងទៀត។ ចំណែកវិធីសាស្ត្រគ្រប់គ្រងជនរងគ្រោះវិញមានដូចជា ការឃុំខ្លួន បំបិទសិទ្ធិសេរីភាពមិនអោយមានទំនាក់ទំនងទៅខាងក្រៅ ការដកហូតឯកសារបញ្ជាក់អត្តសញ្ញាណផ្ទាល់ខ្លួន ការរំលោភបំពានរាងកាយ និងការផ្ទេរជនរងគ្រោះពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀតជាដើម។

ពីខាងក្រសួងមហាផ្ទៃថ្មីៗនេះ ធ្លាប់ទទួលស្គាល់ថា ករណីជួញដូរមនុស្ស និងករណីចាញ់បោកបញ្ឆោតតាមប្រព័ន្ធអនឡាញនៅតែបន្តកើតមានដដែលក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែ ស្ថិតក្នុងកម្រិតតិចតូចជាងពេលមុន។ តិចតួចដោយសារតែ ពាក្យបណ្តឹងស្នើឱ្យអាជ្ញាធរកម្ពុជាជួយអន្តរាគមន៍សង្គ្រោះជនបរទេសដែលរងគ្រោះ គឺមានតិចជាង៣បណ្តឹងក្នុងមួយថ្ងៃ បើធៀបនឹងឆ្នាំកន្លងមក មានប្រមាណជិត២០បណ្តឹង។

គួរជម្រាបជូនដែរថា យោងតាមរបាយការណ៍ស្តីពីលទ្ធផលជួយសង្គ្រោះជនបរទេសរងគ្រោះករណីជួញដូរមនុស្ស និងករណីចាញ់បោកបញ្ឆោតតាមប្រព័ន្ធកាលពីខែមិថុនាកន្លងទៅ អាជ្ញាធរកម្ពុជាទទួលបានពាក្យបណ្តឹងសរុបចំនួន៩៣៦ករណី ដែលមានមនុស្សចំនួន២,២៨៤នាក់ ឬ១៦សញ្ជាតិ។ ក្នុងនោះ អាជ្ញាធរបានចុះស៊ើបអង្កេតចំនួន៨៩៨បណ្តឹង និងបានរកឃើញមនុស្សចំនួន១,៣៧៣នាក់ដែលមាន១៤សញ្ជាតិ។ ក្នុងចំណោមអ្នកដែលបានរកឃើញ អាជ្ញាធរឃាត់ខ្លួនចំនួន១៣៧នាក់ ភាគច្រើនជាជនជាតិចិន (ចិន៖ ១០៥នាក់ ខ្មែរ៖ ១៧នាក់ វៀតណាម១២ និងថៃ០៣នាក់)។

ដោយឡែកបណ្តឹងចំនួន៣៨ផ្សេងទៀត អាជ្ញាធរកំពុងបន្តចុះប្រតិបត្តិការសា្រវជ្រាវ ខណៈបណ្តឹងចំនួន៣០៣ករណីដែលមានមនុស្សចំនួន៧៤២នាក់បានបិទបញ្ចប់ដោយមូលហេតុរកពុំឃើញ។ នេះបើតាមរបាយការណ៍ដដែលខាងលើ៕

website_news/2023041004.txt · Last modified: 2023/10/04 11:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki