website_news:2023050103

រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ ចេញសេចក្ដីណែនាំ ស្ដីពី នីតិវិធីដែលត្រូវអនុវត្ដចំពោះជនរងគ្រោះជាអនីតិជន នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ

https://cen.com.kh/archives/599458.html Posted ByPen Srey NeatJanuary 5, 2023

ភ្នំពេញ៖ ឯកឧត្តមកើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ បានចេញសេចក្ដីណែនាំ ស្ដីពី នីតិវិធីដែលត្រូវអនុវត្ដចំពោះជនរងគ្រោះជាអនីតិជន នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ។ ឯកឧត្តម កើត រិទ្ធ បានឲ្យដឹងថាកន្លងមក ក្រសួងយុត្តិធម៌ បានកត់សម្គាល់ឃើញថា ចៅក្រម និងព្រះរាជអាជ្ញា នៅតាមបានខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដែលច្បាប់ប្រគល់ឲ្យក្នុងការដោះស្រាយរឿងក្តីព្រហ្មទណ្ឌ ដោយអនុវត្តទៅតាមបទ ប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរ មាន ជាពិសេស ដើម្បីស្រាវជ្រាវស្វែងរកការពិត និងផ្តល់ យុត្តិ ធម៌តាមផ្លូវច្បាប់ជូនភាគីពាក់ព័ន្ធ ក៏ដូចជាដើម្បីធានាប្រសិទ្ធ ភាពនៃការអនុវត្តច្បាប់។

ប៉ុន្តែទោះជាយ៉ាងនេះក្តី ការអនុវត្តនូវកិច្ចនីតិវិធីមួយចំនួនរបស់ស្ថាប័នអយ្យការនិងស្ថាប័នតុលាការនៅមិនទាន់ឆ្លើយតបបាន ល្អប្រសើរទៅនឹងសំណូមពរនៃស្ថានភាពពិសេស ដោយឡែក ជាក់ស្តែងមួយចំនួននៅក្នុងរឿងក្តីព្រហ្មទណ្ឌជាពិសេសចំពោះ ភាគីជនរងគ្រោះជាអនីតិជន ដែលប្រការនេះ មិនត្រឹម តែអាចធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាព នៃដំណើរការស្វែងរកការពិតនៅក្នុងរឿងក្តីប៉ុណ្ណោះទេ ប៉ុន្តែក៏អាចធ្វើឲ្យប៉ះពាល់ដល់ឧត្តមប្រយោជន៍របស់ជនរងគ្រោះជាអនីតិជន ដែលត្រូវបាន ការពារដោយច្បាប់ជាតិផង និងច្បាប់អន្តរជាតិផង៕

ខាងក្រោមនេះ ជាសេចក្ដីណែនាំដែលមានខ្លឹមសារទាំង ស្រុង ៖

កន្លងមក ក្រសួងយុត្តិធម៌បានកត់សម្គាល់ឃើញថា ចៅក្រម និងព្រះរាជអាជ្ញា នៅតាម សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី បានខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដែលច្បាប់ប្រគល់ឱ្យក្នុងការដោះស្រាយរឿងក្តីព្រហ្មទណ្ឌ ដោយអនុវត្តទៅតាមបទប្បញ្ញត្តិនៃក្រមនីតិវិធី ព្រហ្មទណ្ឌ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ជាពិសេស ដើម្បីស្រាវជ្រាវស្វែងរកការពិត និងផ្តល់ យុត្តិធម៌តាមផ្លូវច្បាប់ជូនភាគីពាក់ព័ន្ធ ក៏ដូចជាដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តច្បាប់។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ការអនុវត្តនូវកិច្ចនីតិវិធីមួយចំនួនរបស់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ នៅ មិនទាន់ឆ្លើយតបបានល្អប្រសើរទៅនឹងសំណូមពរនៃស្ថានភាពពិសេសដោយឡែកជាក់ស្តែងមួយចំនួន នៅក្នុងរឿងក្តីព្រហ្មទណ្ឌ ជាពិសេស ចំពោះភាគីជនរងគ្រោះជាអនីតិជន ដែលប្រការនេះ មិនត្រឹមតែ អាចធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃដំណើរការស្វែងរកការពិតនៅក្នុងរឿងក្តីប៉ុណ្ណោះទេ ប៉ុន្តែ ក៏អាច ធ្វើឱ្យប៉ះពាល់ដល់ឧត្តមប្រយោជន៍របស់ជនរងគ្រោះជាអនីតិជន ដែលត្រូវបានការពារដោយច្បាប់ ជាតិផង និងច្បាប់អន្តរជាតិផង។

ក្នុងន័យនេះ ដើម្បីធានាដំណើរការល្អប្រសើរនៅក្នុងរឿងក្តីព្រហ្មទណ្ឌ ទាំងលើប្រសិទ្ធភាពនៃ ការស្រាវជ្រាវស្វែងរកការពិតស្របតាមបទប្បញ្ញត្តិផ្នែកនីតិវិធីព្រហ្មទណ្ឌផង ទាំងលើការការពារឧត្ដម ប្រយោជន៍របស់ជនរងគ្រោះជាអនីតិជននៅក្នុងសំណុំរឿងផង, ក្រសួងយុត្តិធម៌សូមធ្វើការណែនាំអំពី នីតិវិធីចាំបាច់មួយចំនួន ដែលត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានល្អសម្រាប់ជនរងគ្រោះជាអនីតិជន នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌ ដូចខាងក្រោម៖

១-ក្នុងដំណាក់កាលស៊ើបអង្កេត

-ព្រះរាជអាជ្ញា ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តនីតិវិធីតាមច្បាប់ ដោយត្រូវបង្កលក្ខណៈ ទាំងលើទិដ្ឋភាពផ្នែកសត្យានុម័ត ទាំងលើទិដ្ឋភាពផ្នែកចិត្តសាស្ត្រ ដើម្បីអនុញ្ញាតឱ្យជនរងគ្រោះជា អនីតិជនអាចធ្វើការបំភ្លឺ និងផ្ដល់ចម្លើយឱ្យបានច្បាស់លាស់ទាក់ទងនឹងអង្គហេតុនៃបទល្មើសដែលបានកើតឡើង សំដៅរកឱ្យឃើញការពិតនៅក្នុងរឿងក្តីដោយចៀសវាងឱ្យបាននូវការផ្តល់ចម្លើយស្ថិតក្នុងស្ថានភាពតក់ស្លុតឬភ័យខ្លាចដោយប្រការណាមួយ។

-ក្នុងករណីចាំបាច់ ចំពោះជនរងគ្រោះជាអនីតិជនដែលស្ថិតក្នុងស្ថានភាពមិនអាចធ្វើដំណើរបាន ជាពិសេស សម្រាប់អនីតិជនដែលមានអាយុក្រោម ១០ (ដប់)ឆ្នាំយ៉ាងតិច, ព្រះរាជអាជ្ញា អាចចុះទៅ កាន់លំនៅឋាន ឬទីកន្លែងដែលជនរងគ្រោះជាអនីតិជននោះស្ថិតនៅដោយផ្ទាល់ ដើម្បីស្តាប់ចម្លើយ ក៏ដូចជាអនុវត្តកិច្ចនីតិវិធីចាំបាច់ផ្សេងទៀត។

-ក្នុងការស្តាប់ចម្លើយរបស់ជនរងគ្រោះជាអនីតិជន, ព្រះរាជអាជ្ញា ត្រូវយកចិត្តទុកដាក់ធ្វើ ការណែនាំឱ្យមានការធ្វើកំណត់ហេតុមួយ ដែលមានលក្ខណៈច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ទាំងលើ សំណួរ ទាំងលើចម្លើយ ក៏ដូចជាការកត់សម្គាល់នានានៅពេលស្តាប់ចម្លើយ ដើម្បីអាចយកធ្វើជា មូលដ្ឋានសម្រាប់ការប្រើប្រាស់នៅគ្រប់ដំណាក់កាលនៃនីតិវិធីព្រហ្មទណ្ឌ នាពេលក្រោយមកទៀត។

-ដើម្បីធានាដល់ការអនុវត្តគោលការណ៍ខាងលើនៅក្នុងដំណាក់កាលស៊ើបអង្កេត, ព្រះរាជអាជ្ញា ត្រូវធ្វើការណែនាំដល់នគរបាលយុត្តិធម៌ទាំងអស់ដែលស្ថិតក្រោមសមត្ថកិច្ចដែនដីរបស់ខ្លួន ឱ្យអនុវត្តតាមការណែនាំខាងលើនេះទាំងការស្តាប់ចម្លើយទាំងការធ្វើកំណត់ហេតុនៃការស្តាប់ចម្លើយរបស់អនីតិជនដែលជាជនរងគ្រោះនៃបទល្មើស។

២-ក្នុងដំណាក់កាលស៊ើបសួរ

ចៅក្រមស៊ើបសួរ ត្រូវបំពេញកិច្ចស៊ើបសួរទាំងអស់ដែលខ្លួនយល់ថាមានប្រយោជន៍សម្រាប់ បង្ហាញឱ្យឃើញការពិតដោយអនុលោមតាមច្បាប់ ស្របតាមមាត្រា១២៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ក្នុងស្មារតីនេះ, ចៅក្រមស៊ើបសួរ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តនីតិវិធីតាមច្បាប់ ដោយត្រូវបង្ក លក្ខណៈសមស្រប ទាំងលើទិដ្ឋភាពផ្នែកសត្យានុម័ត ទាំងលើទិដ្ឋភាពផ្នែកចិត្តសាស្ត្រ ដើម្បីអនុញ្ញាត ឱ្យជនរងគ្រោះជាអនីតិជនធ្វើការបំភ្លឺ និងផ្ដល់ចម្លើយឱ្យបានច្បាស់លាស់ទាក់ទងនឹងអង្គហេតុនៃ បទល្មើសដែលបានកើតឡើង សំដៅរកឱ្យឃើញការពិតនៅក្នុងរឿងក្តី ដោយចៀសវាងឱ្យបាននូវ ការផ្តល់ចម្លើយស្ថិតក្នុងស្ថានភាពតក់ស្លុត ឬភ័យខ្លាចដោយប្រការណាមួយ។ ជាមួយគ្នានេះ, ចំពោះ ជនរងគ្រោះជាអនីតិជនដែលស្ថិតក្នុងស្ថានភាពមិនអាចធ្វើដំណើរបាន ជាពិសេស សម្រាប់អនីតិជន ដែលមានអាយុក្រោម ១០ (ដប់)ឆ្នាំយ៉ាងតិច ចៅក្រមស៊ើបសួរ អាចចុះទៅកាន់លំនៅឋាន ឬទីកន្លែង ដែលជនរងគ្រោះជាអនីតិជននោះស្ថិតនៅដោយផ្ទាល់ ដើម្បីស្តាប់ចម្លើយ ឬបំពេញកិច្ចនីតិវិធីចាំបាច់ ផ្សេងទៀតដោយអនុលោមតាមច្បាប់។

៣-ក្នុងដំណាក់កាលជំនុំជម្រះ

–ជនរងគ្រោះជាអនីតិជន អាចត្រូវបានអមដោយមេធាវី ឬអាចត្រូវបានតំណាងដោយមេធាវី ឬអ្នកតំណាងស្របច្បាប់របស់ខ្លួន ក្នុងពេលសវនាការ ស្របតាមមាត្រា៣១៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ក្នុងស្មារតីនេះ, បន្ថែមលើកិច្ចនីតិវិធីផ្សេងទៀតដែលបានអនុវត្តដោយតុលាការតាមក្រមនីតិវិធីព្រហ្មទណ្ឌ ចៅក្រមជំនុំជម្រះ ត្រូវជូនដំណឹងដល់មេធាវី ឬតំណាងស្របច្បាប់អំពីសិទ្ធិនេះ ដើម្បីជនរងគ្រោះ ចូលរួមក្នុងសវនាការដោយផ្ទាល់អមដោយវត្តមានរបស់មេធាវី ឬអាចឱ្យមេធាវីឬតំណាងស្របច្បាប់ របស់ខ្លួនផ្សេងទៀតចូលរួមជំនួសក្នុងសវនាការ ដោយអនុលោមតាមមាត្រា៣១៣ នៃក្រមនីតិវិធី ព្រហ្មទណ្ឌ។

–ក្នុងករណីមានភាពចាំបាច់បំផុតក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ជនល្មើស ក៏ដូចជាការបំភ្លឺ លើចំណុចលម្អិតមួយចំនួន ដែលជាមូលដ្ឋានចាំបាច់ក្នុងការសម្ដែងឱ្យឃើញការពិតក្នុងរឿងក្ដី, ចៅក្រមជំនុំជម្រះ ត្រូវរៀបចំដំណើរការនីតិវិធី ដោយប្រើប្រាស់វិធីសាស្ត្រប្រយោល តាមរយៈ ការប្រើប្រាស់របាំង ឬរូបថត ឬប្រើប្រាស់វិធីសមស្របផ្សេងទៀត ដោយធ្វើយ៉ាងណាចៀសវាងឱ្យ បានជាអតិបរមានូវការជួបតទល់ដោយផ្ទាល់រវាងជនល្មើស និងជនរងគ្រោះជាអនីតិជន ដែលអាចបង្ក ឱ្យជនរងគ្រោះមានការភ័យខ្លាច ឬតក់ស្លុត ដែលអាចប៉ះពាល់ដល់ការស្វែងរការពិតផង និងប៉ះពាល់ ដល់ជនរងគ្រោះខាងផ្នែកសតិអារម្មណ៍ផង។

-ដើម្បីធានាដល់ការការពារកិត្តិយស ឯកជនភាព និងចៀសវាងការបង្កនូវភាពភ័យខ្លាចដល់ ជនរងគ្រោះជាអនីតិជន, ចៅក្រមជំនុំជម្រះ ត្រូវយកចិត្តទុកដាក់ពិចារណាអំពីការរៀបចំដំណើរការ សវនាការជាអសាធារណៈ ស្របតាមមាត្រា៣១៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ទទួលបានការណែនាំនេះ សូម ឯកឧត្តម លោកជំទាវ ដែលជាប្រធានសាលាដំបូង និងជាព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ខេត្ត ត្រូវចាត់ចែងអនុវត្តសេចក្ដីណែនាំនេះ ឱ្យមាន ប្រសិទ្ធភាពស្របតាមគោលបំណង និងស្មារតីនៃច្បាប់ សំដៅបង្កើនប្រសិទ្ធភាពនៃយុត្តិធម៌ព្រហ្មទណ្ឌ និងពង្រឹងនីតិរដ្ឋនៅកម្ពុជា៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី

website_news/2023050103.txt · Last modified: 2023/01/05 10:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki