website_news:2023050501

IOM ចង់ឃើញកិច្ចសហការជិតស្និទ្ធ ក្នុងចំណោមសមាជិកអាស៊ាន ប្រឆាំងរត់ពន្ធមនុស្ស និងគ្រឿងញៀន

https://dap-news.com/national/2023/05/03/329545/ ByPH104Posted on May 3, 2023

ភ្នំពេញ ៖ ថ្លែងសារចេញពីទឹកដីកម្ពុជា លោកស្រី Sarah Lou Arriola នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានបង្ហាញបំណង ចង់ឃើញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ក៏ដូចជា រវាងអាស៊ាន និងក្រុមប្រឹក្សាកិច្ច សហប្រតិបត្តិការឈូងសមុទ្រ (Gulf Cooperation Council-GCC) ដើម្បីប្រឆាំងការរត់ពន្ធមនុស្ស ការរត់ពន្ធគ្រឿងញៀន និងការគ្រប់គ្រង ត្រួតពិនិត្យតាមព្រំដែន ។

ក្នុងជំនួបសម្តែងការគួរសមជាមួយ លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី២ ខែឧសភា លោកស្រី Sarah Lou Arriola បានអះអាងអំពីការផ្តល់ការគាំទ្រ និងជំនួយរបស់អង្គការអន្តរជាតិ ទេសន្តរប្រវេសន៍ដល់កម្ពុជា ដើម្បីជំរុញដល់ការគ្រប់គ្រងទេសន្តរប្រវេសន៍ ។ លោកស្រី Sarah Lou Arriola បានអបអរជោគជ័យ នៃភាពជាប្រធានអាស៊ាន របស់កម្ពុជា កាលពីឆ្នាំ២០២២ និងការទទួលធ្វើជាម្ចាស់ផ្ទះ ជាប្រវត្តិសាស្រ្តរៀបចំ 32nd SEA Games ។ ជាមួយការកោតសរសើរពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និង IOM លោកស្រីបានជម្រាបពីការប្តេជ្ញាចិត្ត របស់លោកស្រីក្នុងការថែរក្សា កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រពៃ ដែលមានស្រាប់នេះ និងបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ ភាគីពាក់ពន្ធ័ទាំងអស់ នៅក្នុងការគ្រប់គ្រងទេសន្តប្រវេសន៍ ។

ជាមួយគ្នានោះលោក លុយ ដាវីត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Sarah Lou Arriola នៅកម្ពុជា និងអបអរសាទរចំពោះលោកស្រីដែលត្រូវបានតែងតាំងជានាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃអង្គការ IOM កាលពីពេលថ្មីៗ នេះ។ លោករដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ ចំពោះជំនួយគាំទ្ររបស់អង្គការ IOM ក្នុងការការពារជនទេសន្តរប្រវេសន៍កម្ពុជា ដែលងាយរងគ្រោះ ក៏ដូចជាការកសាងសមត្ថភាពនៅកម្ពុជា ។ លោកបានថ្លែងកោតសរសើរអង្គការ IOM ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាមួយអាជ្ញាធរថ្នាក់ជាតិ និងមូលដ្ឋានកម្ពុជា និងដៃគូអភិវឌ្ឍន៍ក្នុង ការផ្តល់ជំនួយបន្ទាន់ដល់ពលករចំណាកស្រុកដែលវិលត្រឡប់មកកម្ពុជាវិញ ក្នុងកំឡុងវិបត្តិជាសាកល នៃការរាតត្បាតជំងឺកូវីដ-១៩ ។ ភាគីទំាងពីរបានបញ្ជាក់ការប្តេជ្ញាចិត្តសាជាថ្មី ក្នុងការលើកកម្ពស់ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរវាងកម្ពុជា និង IOM ៕

website_news/2023050501.txt · Last modified: 2023/05/05 07:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki