website_news:2023050502

សម្ដេចក្រឡាហោម ស ខេង ចាត់ទុកការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការជួយសង្គ្រោះជនរងគ្រោះ ជាកិច្ចការមួយដ៏មានសារៈសំខាន់

https://www.information.gov.kh/articles/103531 ចេញផ្សាយ ថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០២៣

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានឯកភាពចំពោះអ្វីដែលនាយកអង្គការ IOM ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយចាត់ទុកការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការជួយសង្គ្រោះជនរងគ្រោះ ជាកិច្ចការមួយដ៏មានសារៈសំខាន់។ ការលើកឡើងរបស់សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី Sarah Lou Arriola ប្រធានអង្គការ IOM ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣។

សម្ដេចក្រឡាហោម ស ខេង បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះអង្គការ IOM ដែលបានជួយគាំទ្រដល់ប្រទេសកម្ពុជាពាក់ព័ន្ធទៅនឹងការងារទេសន្តរប្រវេសន៍ និងចូលរួមអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដែលអង្គការមានជាមួយនឹងបណ្ដាក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃផងដែរ។ សម្ដេចក្រឡាហោមសង្ឃឹម និងជឿជាក់ថា អង្គការ IOM និងក្រសួងមហាផ្ទៃ នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធរវាងភាគីទាំងពីរឱ្យកាន់តែការរីកចម្រើនឡើងថែមទៀត។

លោកស្រី Sarah Lou Arriola ប្រធានអង្គការ IOM ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានអរគុណចំពោះការវាយតម្លៃរបស់សម្ដេចក្រឡាហោម មកលើទំនាក់ទំនង និងកិច្ចសហប្រត្តិការជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងមហាផ្ទៃ។ លោកស្រីសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានទទួលតួនាទីប្រកបដោយជោគជ័យជាប្រធានអាស៊ានឆ្នាំ២០២២កន្លងទៅ និងអបអរសាទរចំពោះកម្ពុជាដែលស្ថិតក្នុងចំណោមប្រទេស ៦ នៅតំបន់អាស៊ី ជាប់ជាប្រទេសជ័យលាភីក្នុងការងារទេសន្តរប្រវេសន៍ដោយសុវត្ថិភាព និងមានរបៀបរៀបរយ។

ប្រធានអង្គការ IOM បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាសមិទ្ធផលដែលកម្ពុជាខិតខំសម្រេចបាននៅក្នុងការក្លាយទៅជាប្រទេសជ័យលាភីនេះ និងយកឱកាសនេះសម្ដែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលដើរស្របទៅនឹងផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ។ លោកស្រីក៏បានជម្រាបជូនសម្តេចក្រឡាហោម អំពីស្ថានភាពក្រុមការងារប្រឆាំងការជួញដូរមនុស្សនៅប្រទេសរបស់លោកស្រី គឺប្រទេសហ្វីលីពីន ដែលសម្រេចបានវឌ្ឍនភាពល្អប្រសើរលើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។

លោកស្រីជឿជាក់ថា លោកស្រីអាចយកបទ ពិសោធន៍ល្អទាំងនោះមកចែករំលែកជាមួយនឹងបណ្ដាប្រទេសអាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រួមទាំងជាមួយកម្ពុជាផងដែរ។ លោកស្រីបានថ្លែងកោតសរសើរចំពោះអាជ្ញាធរអន្តោប្រវេសន៍របស់កម្ពុជា ដែលបានផ្ដល់កិច្ចសហការជាពិសេសក្នុងរយៈពេលនៃវិបត្តិជំងឺកូវីដ-១៩ ដែលមន្ត្រីបំពេញតួនាទីអន្តោប្រវេសន៍តាមព្រំដែន បានផ្តល់កិច្ចសហការដ៏ល្អក្នុងការគ្រប់គ្រងត្រួតពិនិត្យព្រំដែន ក៏ដូចជាការផ្តល់នូវការថែទាំយកចិត្តទុកដាក់ចំពោះជនភៀសខ្លួនចូលមកកម្ពុជា ការត្រួតពិនិត្យនូវឯកសារឆ្លងដែន និងកិច្ចការពាក់ព័ន្ធផ្សេងៗទៀត ដែលកិច្ចការនេះជាការរួមចំណែកមួយទៅដល់ការការពារ និងការប្រឆាំងអំពើជួញដូរមនុស្ស។

សម្ដេចក្រឡាហោម ស ខេង បានឯកភាពចំពោះអ្វីដែលលោកស្រីបានលើកឡើង ដោយចាត់ទុកការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការជួយសង្គ្រោះជនរងគ្រោះ ជាកិច្ចការមួយដ៏មានសារៈសំខាន់។ សម្ដេចក្រឡាហោម បានជម្រាបជូនដោយសង្ខេបអំពីកិច្ចការមួយចំនួនទៀតដែលកម្ពុជាបាន និងកំពុងខិតខំធ្វើ គឺទីមួយ ពាក់ព័ន្ធទៅនឹងការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ដែលកម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះកាលពីដើមឆ្នាំ២០២៣។ ទន្ទឹមនោះ ពាក់ព័ន្ធទៅនឹងការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងធ្វើការងារនេះ។ សម្ដេចក្រឡាហោមសង្ឃឹថា តាមអ្វីដែលលោកស្រីបានលើកឡើង កម្ពុជាអាចនឹងរៀនសូត្រនូវអ្វីដែលជាបទពិសោធន៍ល្អៗរបស់ប្រទេសហ្វីលីពីន លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ សម្ដេចក្រឡាហោមក៏បានលើកទឹកចិត្តឱ្យក្រុមការងារពាក់ព័ន្ធបន្តកិច្ចសហប្រតិបត្តិការ ក៏ដូចជាចែករំលែកបទពិសោធន៍ទៅវិញទៅមកលើការងារនេះផងដែរ។

លោកស្រី Sarah Lou Arriola ប្រធានអង្គការ IOM ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានសម្ដែងសេចក្ដីរីករាយ និងបានគូសបញ្ជាក់ថា ការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនេះ ពិតជាទាមទារឱ្យមាននូវកិច្ចសហប្រតិបត្តិការជាមួយគ្នាជិតស្និទ្ធ ជាពិសេសប្រទេសក្នុងតំបន់មេគង្គ ដែលមានព្រំដែនជាប់ជាប់គ្នារវាងប្រទេសមួយទៅប្រទេសមួយ ទាមទារជាចាំបាច់នូវការបង្កើតកិច្ចសហប្រតិបត្តិការជិតស្និទ្ធដើម្បីរួមគ្នាទប់ស្កាត់នូវអំពើជួញដូរមនុស្ស។ លោកស្រីបានបន្ថែមថា ប្រទេសទាំងអស់ សុទ្ធតែមានតួនាទីសំខាន់ៗក្នុងការរួមគ្នាទប់ស្កាត់នូវអំពើជួញដូរមនុស្ស៕ដោយ ចាន់ សុធីវង្ស

website_news/2023050502.txt · Last modified: 2023/05/05 07:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki