website_news:2023050503

កម្ពុជា នឹងរៀនសូត្របទពិសោធន៍ល្អៗពីហ្វីលីពីន លើការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស

https://dap-news.com/national/2023/05/03/329641/ ByPH104Posted on May 3, 2023

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ បានថ្លែងថា កម្ពុជាអាចនឹងរៀនសូត្រនូវអ្វីដែលជាបទពិសោធន៍ល្អៗរបស់ប្រទេសហ្វីលីពីន លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។

សម្ដេចក្រឡាហោម ស ខេង លើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Sarah Lou Arriola ប្រធានអង្គការ IOM ប្រចាំតំបន់អាស៊ី-ប៉ាស៊ីសហ្វិច ទើបតែងតាំងថ្មី នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ។

នាឱកាសនោះ លោកស្រី Sarah Lou Arriola បានជម្រាបជូន សម្តេច ស ខេង អំពីស្ថានភាពក្រុមការងារប្រឆាំង ការជួញដូរមនុស្ស នៅប្រទេសរបស់លោកស្រី គឺប្រទេសហ្វីលីពីន ដែលសម្រេចបានវឌ្ឍនភាពល្អប្រសើរ លើការងារប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស និងសង្ឃឹមជឿជាក់ថា លោកស្រីអាចយកបទ ពិសោធន៍ល្អទាំងនោះមកចែករំលែកជាមួយនឹងបណ្ដាប្រទេសអាស៊ាន ក្នុងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស រួមទាំងជាមួយកម្ពុជាផងដែរ ។

លោកស្រី ក៏យកឱកាសនេះថ្លែង កោតសរសើរចំពោះអាជ្ញាធរ អន្តោប្រវេសន៍របស់កម្ពុជា ដែលបានផ្ដល់ កិច្ចសហការជាពិសេស ក្នុងរយៈពេលនៃវិបត្តិជំងឺកូវីដ-១៩ ដែលមន្ត្រីបំពេញតួនាទីអន្តោប្រវេសន៍ តាមព្រំដែន បានផ្តល់កិច្ចសហការដ៏ល្អក្នុងការគ្រប់គ្រងត្រួតពិនិត្យព្រំដែន ក៏ដូចជាការផ្តល់នូវការថែទាំយកចិត្តទុកដាក់ ចំពោះជនភៀសខ្លួនចូលមកកម្ពុជា ការត្រួតពិនិត្យនូវឯកសារឆ្លងដែន និងកិច្ចការពាក់ព័ន្ធផ្សេងៗទៀត ដែលកិច្ចការនេះជាការរួមចំណែកមួយទៅដល់ការការពារ និងការប្រឆាំង អំពើជួញដូរមនុស្ស។

សម្ដេចក្រឡាហោម ស ខេង បានឯកភាពចំពោះអ្វី ដែលលោកស្រីបានលើកឡើង ដោយចាត់ទុកការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការជួយសង្គ្រោះជនរងគ្រោះ ជាកិច្ចការមួយដ៏មានសារៈសំខាន់។ សម្ដេច ក៏សង្ឃឹមជឿជាក់ថា «តាមអ្វីដែលលោកស្រីបានលើកឡើង កម្ពុជាអាចនឹងរៀនសូត្រនូវអ្វីដែលជាបទពិសោធន៍ល្អ របស់ប្រទេសហ្វីលីពីន លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស»៕

website_news/2023050503.txt · Last modified: 2023/05/05 07:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki