website_news:2023050602

ប្រតិបត្តិការពិភពលោក Global Chain ចាប់បានបណ្តាញជួញដូរមនុស្ស ២១២នាក់

https://www.rfi.fr/km//20230601-?ref=tgi ចុះផ្សាយនៅថ្ងៃ៖ 01/06/2023 - 17:39

ប្រតិបត្តិការពិភពលោក ប្រឆាំងនឹងបណ្តាញជួញដូរមនុស្ស សហដឹកនាំដោយក្រុមប៉ូលិសInterpol Frontex និង Europol ចាប់បានជនសង្ស័យចំនួន២១២នាក់ និងកំណត់អត្តសញ្ញាណជនរងគ្រោះបាន១៤២៦នាក់ នៅក្នុង៤៤ប្រទេស។ ជនរងគ្រោះ ដែលខ្លះជាក្មេងមិនទាន់ពេញវ័យ ត្រូវបានបណ្តាញជួញដូរមនុស្សចាប់បង្ខំឱ្យរកស៊ីលក់ខ្លួន ធ្វើការជាទម្ងន់ ដើរសុំទាន លួចឆក់ ឬរកស៊ីខុសច្បាប់ ។

ប្រតិបត្តិការGlobal Chain មានទិសដៅចាប់ក្រុមឧក្រិដ្ឋជនរកស៊ីជួញដូរទាក់មនុស្សមកពី អាហ្វ្រិក អាស៊ី អាមេរិកខាងត្បូង និងតំបន់បាល់កង់ឬអ៊ុយក្រែន និងផ្តល់ការការពារដល់ជនរងគ្រោះដែលធ្លាក់ជានុយរបស់បណ្តាញជួញដូរមនុស្ស។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសអឺរ៉ុបអាំងទែរប៉ូល។ ដឹកនាំដោយអូទ្រីសនិងរ៉ូម៉ានី ប្រតិបត្តិការមានប្រើកម្លាំងជានាយប៉ូលិស គយ ឆ្មាំព្រំដែន ចំនួន១៣០០០នាក់ ចេញធ្វើអន្តរាគមផ្ទាល់កន្លែងចំនួន២៥៤០០ដង និងឆែកមនុស្សចំនួន១,៦លាននាក់ នៅតាមច្រកព្រំដែន តាមផ្លូវ តាមស្ថានីយ៍រថភ្លើងឬអាកាសយានដ្ឋាន។ នៅទីបំផុត ពីថ្ងៃទី ៨ដល់១៥ឧសភា ២០២៣ អាជ្ញាធរប៊ុលហ្ការី ចាប់ខ្លួនភេរវជនសង្ស័យម្នាក់ជាប់បញ្ជីInterpol តាំងពីឆ្នាំ ២០១៥មក ដែលប្រើលិខិតឆ្លងដែនក្លែងក្លាយ។

របាយការណ៍របស់Interpolដដែលបានលម្អិតអំពីប្រតិបត្តិការចាប់ក្រុមជួញដូរមនុស្ស ៦នាក់ នៅស៊ែរប៊ី ដែលបង្ខំឱ្យស្រ្តី១០នាក់រកស៊ីលក់ខ្លួន ១១ករណីនៅម៉ាសេដ្វានខាងជើង ៧ករណីនៅកូឡុំប៊ី ជាបណ្តាញផ្លូវភេទក្មេងមិនទាន់ពេញវ័យ។ នៅរ៉ូម៉ានី ការបំបែកបណ្តាញជួញដូរមនុស្សឱ្យមកធ្វើការដោយបង្ខំ អាចជួយជនរងគ្រោះបាន៨នាក់ និងការចាប់ខ្លួនបួនករណី ព្រមទាំងជួយរំដោះក្មេងពីការដើរសុំទានបាន៥នាក់ នៅក្នុងប្រទេសស៊ុយអែត។ ក្រុមឧក្រិដ្ឋជនចូលចិត្តទាក់ក្មេងព្រោះងាយយកចំណេញ និងងាយប្រើ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អគ្គនាយកInterpol ដោយពន្យល់ថា ប្រតិបត្តិការGlobal Chain បានអនុញ្ញាតឱ្យប៉ូលិសអាចវែករកឃើញដានសម្រាប់ប្រយុទ្ធប្រឆាំងនឹងបណ្តាញរបស់ក្រុមជួញដូរមនុស្ស។ ក្រៅអំពីប្រទេសនៅអឺរ៉ុប ប្រតិបត្តិការ Global Chain ក៏មានចូលរួមដោយប្រទេសផ្សេងទៀតដូចជាអ៊ីស្លង់ អង់គ្លេសសហរដ្ឋអាមេរិក ម៉ារ៉ុក ប្រេស៊ីល នីហ្សេរីយ៉ា ហ្វីលីពីន បង់ក្លាដែស និងវៀតណាម៕

website_news/2023050602.txt · Last modified: 2023/06/05 15:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki