website_news:2023050901

កម្ពុជាច្រានចោលរបាយការណ៍របស់ UN ដែលថាមនុស្ស១០ម៉ឺននាក់សិ្ថតក្នុងការងារឆបោកតាមអនឡាញ

https://khmer.voanews.com/a/cambodia-rejects-the-un-report-that-found-100-000-people-are-involved-in-online-fraud/7250385.html ០១ កញ្ញា ២០២៣

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ច្រានចោលរបាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNHCHR) ដែលរកឃើញថា មនុស្សប្រមាណជា ១០ ម៉ឺននាក់ ត្រូវបានបង្ខំឱ្យធ្វើការងារឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា។

របាយការណ៍របស់អង្គការសហប្រជាជាតិ ដែលចេញកាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ រកឃើញមានករណីឆបោកតាមអនឡាញនេះក្នុងប្រទេសចំនួន ៥ នៅតំបន់អាស៊ីអាគ្នេយ៍។ ក្នុងនោះ ប្រទេសមីយ៉ាន់ម៉ាមានចំនួនច្រើនជាងគេ ប្រមាណជា ១២ ម៉ឺននាក់។ ចំណែកនៅកម្ពុជាត្រូវបានរកឃើញថាមានប្រមាណជា ១០ ម៉ឺននាក់។ របាយការណ៍ដែលមានកម្រាស់ ៣៨ ទំព័រនោះ បន្ថែមថា ករណីជនរងគ្រោះ នៃការឆបោកតាមប្រព័ន្ធអនឡាញបានប្រឈមនឹងការគំរាមកំហែង និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដោយពួកគេទទួលរងការធ្វើទារុណកម្មយ៉ាងឃោរឃៅ អមនុស្សធម៌ និងថោកទាប ការឃុំខ្លួនដោយបំពាន អំពើហិង្សាផ្លូវភេទ ពលកម្មដោយបង្ខំ និងការរំលោភសិទ្ធិមនុស្សផ្សេងៗទៀត។

អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រាប់វីអូអេនាថ្ងៃសុក្រនេះថា របាយការណ៍របស់អង្គការសហប្រជាជាតិ គឺធ្វើឡើងតាមការប៉ាន់ស្មាន ដោយមិនបានបង្ហាញពីទឡ្ហីករណ៍ណាមួយច្បាស់លាស់នោះទេ។ អ្នកស្រីថ្លែងថា៖ «ហើយយើងដឹងស្រាប់ហើយថា កម្ពុជាមិនធំទេ ហើយចំពោះអាជីវកម្ម ទាំងទីតាំងនៅតាមបណ្តាខេត្តនានាក៏មិនច្រើនដែរ អ៊ីចឹងចំនួនដែលយើងគ្រាន់តែអ្នកដែលសង្ស័យថាជាប់នៅក្នុងនោះវា ១០ ម៉ឺននាក់ទៅហើយ អ៊ីចឹងយើងសួរថា មនុស្សហ្នឹងនៅឯណា?» អ្នកស្រីបន្តថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបើកការរុករកមនុស្សតាមរយៈសំណើផ្សេងៗមកកាន់ក្រសួងមហាផ្ទៃ ហើយសំណើ ដែលទទួលបានមានចំនួន ១០៤៧ ដែលគិតជាចំនួនមនុស្សមានប្រមាណ ២.៥០០ នាក់ប៉ុណ្ណោះ។ អ្នកស្រីប្រាប់វីអូអេបន្ថែមថា ស្ថិតក្នុងចំណោមសំណើទាំងអស់នោះមាន ១.០១១ សំណើ ដែលបានការ ហើយមនុស្សដែលត្រូវបានរកឃើញមានចំនួន ១.៥៦៩នាក់ និងមាន ១៤ សញ្ជាតិផ្សេងគ្នា។

អ្នកស្រី ជូ ប៊ុនអេង បន្ថែមថា កម្ពុជាកំពុងតែរៀបចំស៊ើបអង្កេតជាមួយក្រុមជំនាញ ហើយបញ្ជូនរបាយការណ៍ទាំងនោះទៅអង្គការសហប្រជាជាតិវិញ។ អ្នកស្រីថ្លែងថា៖ «យើងកំពុងតែរៀបចំកិច្ចប្រជុំជាមួយនឹងជំនាញដែលគាត់ចុះប្រតិបតិ្តការផ្ទាល់ ដើម្បីរកទឡ្ហីករណ៍ឱ្យច្បាស់ ពីព្រោះយើងនិយាយអំពីទិន្នន័យដែលជាក់លាក់ ដើម្បីឱ្យមានការឆ្លើយឆ្លង…គ្រាន់តែថាយើងបដិសេដមិនទទួលស្គាល់ ប៉ុន្តែសួរថា យកអីមកសំអាង? អ៊ីចឹងដោយសារតែប្រតិបត្តិការយើងចុះជាក់ស្តែង គឺយើងនឹងធ្វើជារបាយការណ៍ដើម្បីដាក់បញ្ជូនទៅវិញ ជូនទៅអង្គការសហប្រជាជាតិ»។

របាយការណ៍ដដែលបន្ថែមថា ក្នុងអំឡុងមានវិបត្តិជំងឺរាតត្បាតកូវីដ១៩ មនុស្សភាគច្រើនបានចំណាយពេលវេលាលើប្រព័ន្ធអនឡាញ ហើយការឆបោកនានាបានប្រព្រឹត្ត និងកើតមានឡើងអំឡុងពេលនោះ។ ជនរងគ្រោះនៃការឆបោកតាមប្រព័ន្ធអនឡាញភាគច្រើនជាជនដែលចំណាកស្រុក ហើយត្រូវបានឧក្រិដ្ឋជនបន្លំតាមរយៈការជ្រើសរើសបុគ្គលិកធ្វើការតាមអ៊ីនធឺណិតជាដើម។របាយការណ៍របស់អង្គការសហប្រជាជាតិដដែលបានបន្ថែមថា មនុស្សភាគច្រើនដែលត្រូវបានជួញដូរក្នុងប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតគឺជាបុរស ទោះបីជាស្ត្រី និងក្មេងជំទង់ក៏ស្ថិតក្នុងចំណោមជនរងគ្រោះដែរ ដោយភាគច្រើនជនរងគ្រោះនៃការឆបោកអនឡាញនេះមិនមែនជាប្រជាជនក្នុងប្រទេសនោះឡើយ។ ជនរងគ្រោះទាំងនោះជាច្រើនមានការអប់រំល្អ មានជំនាញការងារវិជ្ជាជីវៈត្រឹមត្រូវ ឬបញ្ចប់ការសិក្សា ឬបញ្ចប់បរិញ្ញាបត្រ ចេះប្រើប្រាស់កុំព្យូទ័រ និងចេះនិយាយច្រើនភាសា។

ជនរងគ្រោះទាំងនោះមកពីទូទាំងតំបន់អាស៊ីអាគ្នេយ៍ (ពីប្រទេសឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម) ក៏ដូចជាប្រទេសចិនដីគោក ហុងកុង និងតៃវ៉ាន់ អាស៊ីខាងត្បូង និងសូម្បីតែនៅឆ្ងាយរូមមានអាហ្វ្រិក និងអាមេរិកឡាទីន។ ក្រោយវត្តមាននៃជនជាតិចិនហូរចូលមកក្នុងប្រទេសកម្ពុជាយ៉ាងគំហុក ជាពិសេសក្នុងខេត្តព្រះសីហនុ គេឃើញមានការរាយការណ៍អំពីករណីបង្ខាំងមនុស្ស និងការឆបោកតាមអនឡាញកើតមានឡើងជាញឹកញាប់។ ថ្មីៗនេះ វីដេអូឃ្លីបដែលបង្ហាញថា ជនបរទេសត្រូវបានធ្វើទារុណកម្មពីសំណាក់ជនបរទេសដូចគ្នាក្នុងករណីបង្ខំឱ្យប្រព្រឹត្តសកម្មភាពឆបោកតាមអនឡាញ ត្រូវបានចែកចាយជាញឹកញាប់ និងមានការអះអាងថា ជារូបភាពដែលកើតឡើងក្នុងប្រទេសកម្ពុជា។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា របាយការណ៍របស់អង្គការសហប្រជាជាតិធ្វើឡើងដោយមានទឡ្ហីកណ៍ និងការសិក្សាច្បាស់លាស់ ហើយថា ការបង្ហាញក្នុងរបាយការណ៍នេះបានធ្វើឱ្យទិដ្ឋភាពរបស់ប្រទេសកម្ពុជាស្ថិតក្នុងរូបភាពមិនសូវល្អ។ លោកបន្តថា ការឆបោកតាមប្រព័ន្ធអនឡាញជាបទល្មើសថ្មីមួយសម្រាប់ប្រទេសកម្ពុជា ហើយអាជ្ញាធរគួរតែយកចិត្តទុកដាក់ឱ្យបានខ្ពស់លើបញ្ហានេះ។ លោកថ្លែងថា៖ «ការឆបោកតាមប្រព័ន្ធនេះជាបទល្មើសមួយថ្មីដែលអាជ្ញាធរកម្ពុជា ឬក៏សមត្ថកិច្ចពាក់ព័ន្ធហ្នឹងត្រូវតែទទួលបាននូវការបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីតាមទាន់នៃបទល្មើស ហើយមើលឃើញថា អ្វីជាបទល្មើស ព្រោះកាលណាប្រសិនបើយើងគ្មានជំនាញបន្ថែមសម្រាប់ពិនិត្យមើលថា ហ្នឹងជាបទល្មើសទេ បទល្មើសហ្នឹងនៅតែបន្តកើតអញ្ចឹង»។

របាយការណ៍របស់ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានផ្តល់អនុសាសន៍មួយចំនួនទៅកាន់ប្រទេសក្នុងតំបន់អាស៊ានដូចជា៖

• ការផ្តល់សច្ចាប័ន និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់សិទ្ធិមនុស្សអន្តរជាតិជាស្នូល ព្រមទាំងសន្ធិសញ្ញាអន្តរជាតិ និងតំបន់ផ្សេងទៀតដែលពាក់ព័ន្ធនឹងការការពារជនរងគ្រោះនៃការជួញដូរ និងជនចំណាកស្រុកផ្សេងទៀតក្នុងស្ថានភាពងាយរងគ្រោះ និងចូលរួមជាមួយយន្តការសិទ្ធិមនុស្សអន្តរជាតិពាក់ព័ន្ធ ដូចជាអ្នករាយការណ៍ពិសេសស្តីពីមនុស្សសិទ្ធិជនចំណាកស្រុក និងលើការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ។

• ពិនិត្យឡើងវិញជាចាំបាច់នូវច្បាប់ប្រឆាំងការជួញដូរ គោលនយោបាយ ឬវិធានការផ្សេងទៀត ហើយតម្រឹមធនធានឡើងវិញ ដើម្បីគិតគូរពីការណ៍ពិតដែលបានផ្លាស់ប្តូរប្រទេសជាគោលដៅមួយនៃគោលដៅរបស់មនុស្សដែលត្រូវបានជួញដូរ និងជនចំណាកស្រុកផ្សេងទៀតនៅក្នុងស្ថានភាពងាយរងគ្រោះ។

• អនុវត្តដោយត្រឹមត្រូវក្នុងការកំណត់អត្តសញ្ញាណ និងលុបបំបាត់ការពាក់ព័ន្ធក្នុងវិស័យសាធារណៈ ឬភាពស្មុគស្មាញក្នុងការជួញដូរមនុស្ស និងការទប់ស្កាត់ និងកាត់បន្ថយអំពើពុករលួយ និងការសូកប៉ាន់តាមគ្រប់រូបភាព។ មន្ត្រីសាធារណៈទាំងអស់ដែលសង្ស័យថា ជាប់ពាក់ព័ន្ធក្នុងការជួញដូរ ឬប្រព្រឹត្តអំពើពុករលួយដែលជួយសម្រួលដល់ការជួញដូរគួរតែត្រូវបានស៊ើបអង្កេត និងកាត់ទោសស្របតាមដំណើរការត្រឹមត្រូវ និងស្តង់ដារកាត់ក្តីដោយយុត្តិធម៌។

• ព្រមទាំងអនុវត្តការការពារសិទ្ធិមនុស្សនៅក្នុងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការគ្រប់គ្រងអ៊ីនធឺណិតនៅកម្រិតជាតិ តំបន់ និងពិភពលោក៕

website_news/2023050901.txt · Last modified: 2023/09/05 09:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki