website_news:2023050905

ប៉ូលិសថៃចាប់ខ្លួនជនជាតិចិន ១៦ នាក់ ពីបទឆបោកតាមទូរស័ព្ទនៅប៉ាតាយ៉ា

https://www.kampucheathmey.com/global-news/570937 ថ្ងៃអាទិត្យ ៣ កញ្ញា ២០២៣ដោយ Boa Sokunveary

កាលពីថ្ងៃទី២ ខែកញ្ញា ប៉ូលិសថៃបានចាប់ខ្លួនជនជាតិចិន ១៦នាក់ ដែលជាជនឆបោកតាមទូរស័ព្ទ ក្នុងផ្ទះ ៤ខ្នង នៅសង្កាត់ Bang Lamung ប៉ែកខាងកើតនៃទីក្រុងប៉ាតាយ៉ា។ កម្លាំងស៊ើបអង្កេតនៃស្នងការដ្ឋាននគរបាលខេត្តឈុនបុរី បានឆែកឆេរផ្ទះទាំង ៤ ខ្នង បន្ទាប់ពីទទួលព័ត៌មានថា មានជនឆបោកតាមទូរស័ព្ទជនជាតិចិន ជួលទីតាំងនោះអស់រយៈពេលជាង ៣ ខែមកហើយ។ ជនសង្ស័យទាំង ១៦នាក់ មានបុរស ១២នាក់ និងស្រ្ដី ៤នាក់។ ក្រៅពីជនជាតិចិនទាំង ១៦នាក់ ក៏មានស្រ្ដីជនជាតិថៃម្នាក់ផងដែរ ដែលជាអ្នកថែទាំផ្ទះឲ្យពួកគេ។

ស្ត្រីជនជាតិថៃរូបនោះ បានប្រាប់ប៉ូលិសថា នាងទទួលប្រាក់ឈ្នួល ៧០០០ បាតក្នុងមួយខែ ដើម្បីទិញអាហារ និងសម្អាតផ្ទះឲ្យពួកគេ ហើយមិនសូវដឹងរឿងជនជាតិចិនទាំងនោះទេ។ នាងដឹងត្រឹមថា ពួកគេមានប្រាក់ខែម្នាក់ ៤៨ ៦០០ បាត ប៉ុណ្ណោះ ។

ចំពោះករណីខាងលើ ប៉ូលិសបានរឹបអូសកុំព្យូទ័រ ១ គ្រឿង ទូរស័ព្ទដៃ ១ គ្រឿង ទូដែក ១ និងរថយន្ត Toyota Alphard ថ្មីមួយគ្រឿងទៀតដែលចតចោលក្នុងបរិវេណផ្ទះនោះ។ បច្ចុប្បន្នមនុស្សទាំង ១៧ នាក់កំពុងត្រូវសមត្ថកិច្ចឃុំខ្លួន ដើម្បីធ្វើការសាកសួរនិងចាត់ការតាមផ្លូវច្បាប់ ៕ ប្រែសម្រួល៖ វារី ប្រភព៖ Bangkokpost

website_news/2023050905.txt · Last modified: 2023/09/05 09:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki