website_news:2023050907

តារាម៉ូដែលសិចស៊ីម្នាក់ ចូលដៃជាមួយចិន១ក្រុម បោកនារីៗថៃច្រើននាក់

https://kohsantepheapdaily.com.kh/article/1795528.html?fbclid=IwAR2XCLT5cmBYEbKovN0ub2DztVuQAaJhS42XmOuSTML-0ULhzFQsK19D_8s ៣១ ខែ សីហា ឆ្នាំ ២០២៣ ម៉ោង ១៤:៥២

ថៃ ៖ មន្ត្រីនគរបាល និងមន្ត្រីជំនាញជាង២០០នាក់ មកពីការិយាល័យប្រឆាំងការលាងលុយកខ្វក់ (AMLO) និងការិយាល័យអគ្គមេធាវី (OAG) របស់ប្រទេសថៃ បានចុះទៅបង្ក្រាបទីតាំងប្រមាណ៣០កន្លែង នៅក្នុងទីក្រុងបាងកក និងខេត្តចំនួន២ផ្សេងទៀត ខណៈដែលការវាយឆ្មក់ កាលពីព្រឹកថ្ងៃទី៣០ ខែសីហា កន្លងទៅ បានរឹបអូសផ្ទះប្រណីត និងរថយន្តទំនើបៗតម្លៃរាប់លានដុល្លារអាមេរិក ដែលជាកម្មសិទ្ធិរបស់សមាជិកក្រុមឆបោកជនជាតិចិនមួយក្រុម។ នេះបើតាមប្រភពពីសារព័ត៌មានថៃ Nation Thailand ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។

ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ដឹកនាំដោយឧត្តមសេនីយ Atip Pongsiwaphai ប្រធាននាយកដ្ឋានប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យា (TCSD) អនុវត្តតាមបញ្ជាឧត្តមសេនីយ៍ឯក Jirapop Phuridet ស្នងការនៃការិយាល័យស៊ើបអង្កេតកណ្តាល។ ការវាយឆ្មក់នៅទីតាំងចំនួន៣០ នៅក្នុងទីក្រុងបាងកក ខេត្តសាមុតប្រាកាន និងខេត្តអ៊ូដនថានី ត្រូវបានធ្វើឡើងបន្ទាប់ពី TCSD ទទួលបានដីកាចាប់ខ្លួនចំនួន១៤ផ្សេងគ្នា ប្រឆាំងនឹងក្រុមឆបោកជនជាតិចិន ដែលត្រូវស្គាល់ថា ក្រុមឆបោកស្នេហា ដោយត្រូវបានចោទប្រកាន់ រួមនឹងសហការីជនជាតិថៃរបស់ពួកគេផងដែរ។

ក្រុមឆបោកទាំងនោះ ត្រូវបានចោទប្រកាន់ថា បានល្បួងស្ត្រីជនជាតិថៃជាច្រើននាក់ឱ្យលង់ស្នេហ៍ក្រុមក្មេងទំនើងជនជាតិចិន មុនពេលស្ត្រីទាំងនោះ ត្រូវបានបោកបញ្ឆោតឱ្យវិនិយោគលើរូបិយប័ណ្ណឌីជីថល ឬគ្រីបតូ ហើយទីបំផុតស្ត្រីទាំងនោះ ចាញ់បោកអស់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។

បើយោងតាមប្រភពពីប៉ូលិសបានអះអាងថា សហការីជនជាតិថៃម្នាក់ ដែលត្រូវបានចោទប្រកាន់គឺជា តារាម៉ូដែលសិចស៊ីថៃ នាង Chakrina Chukhaosri ដែលត្រូវបានស្គាល់ឈ្មោះសិល្បះថា «Kiki Maxim»។ ប៉ូលិសបានបន្តថា នាង Chakrina និងសមាជិកមួយចំនួននៃក្រុមក្មេងទំនើងចិនត្រូវបានចាប់ខ្លួន ហើយប៉ូលិសបានរឹបអូសផ្ទះជាច្រើនខ្នង និងរថយន្តស៊េរីទំនើបៗ ដែលទិញដោយទទួលបានផលចំណេញក្នុងការប៉ុនប៉ងលាងលុយខ្មៅ។ នាង Chakrina បានក្លាយជាតារាបង្ហាញម៉ូតដ៏មានប្រជាប្រិយភាព បន្ទាប់ពីចូលរួមក្នុងការប្រជែងដណ្តើមមកុដ Miss Maxim Sexy Icon កាលពីឆ្នាំ ២០១៦។

ទីតាំងមួយ ដែលបានវាយឆ្មក់ គឺនៅបុរីលំនៅឋានដ៏ប្រណីតមួយកន្លែង ស្ថិតនៅផ្លូវ Krungthep Kreetha ក្នុងសង្កាត់ Bang Kapi ទីក្រុងបាងកក។ នៅទីនោះ មន្ត្រីបានរឹបអូសផ្ទះចំនួន១២ខ្នង ដែល១ខ្នងមានតម្លៃ៥០លានបាត ដែលស្មើនឹង ១.៤លានដុល្លារ។ ក្រុមមន្ត្រីជំនាញបន្តឆែកឆេរទីតាំងចំនួន៤ផ្សេងទៀត នៅតំបន់នោះ និងរឹបអូសបានផ្ទះមួយចំនួនទៀតផងដែរ។ ផ្ទះទាំងនោះភាគច្រើនត្រូវបានរកឃើញថា បានទិញតាមរយៈក្រុមហ៊ុនច្បាប់គ្រប់គ្រងដោយជនជាតិចិន។

ជាលទ្ធផល ក្រុមមន្ត្រីក៏បានឆ្មក់ចូលក្រុមហ៊ុនច្បាប់ខាងលើ ដើម្បីស្វែងរកភស្តុតាងបន្ថែមទៀត ខណៈដែលពួកគេជឿថា វាអាចត្រូវបានគេប្រើប្រាស់សម្រាប់ការលាងលុយខ្មៅឱ្យក្រុមក្មេងទំនើងជនជាតិចិន។ ក្រុមហ៊ុនច្បាប់នេះ ក៏ជាប់សង្ស័យថា បានជួយក្រុមក្មេងទំនើងចិន បើកក្រុមហ៊ុននៅក្នុងប្រទេសថៃ តាមរយៈអ្នកឈរឈ្មោះជាជនជាតិថៃផងដែរ។

ប្រភពពីប៉ូលិសបាននិយាយថា TCSD បានតាមដានក្រុមក្មេងទំនើងនេះ អស់រយៈពេលជាច្រើនខែមកហើយ បន្ទាប់ពីស្ត្រីជនជាតិថៃមួយចំនួនបានដាក់ពាក្យប្តឹងប៉ូលិសដោយនិយាយថា ពួកគេបានបាត់បង់ប្រាក់ជាច្រើន បន្ទាប់ពីត្រូវបានគេល្បួងឱ្យមានទំនាក់ទំនងលើបុរសជនជាតិចិនមួយចំនួន។ ករណីនេះបានកើតឡើងដំបូង នៅពេលដែលជនរងគ្រោះម្នាក់ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលខេត្តសាមុតប្រាកាន។

ប៉ូលិសបានហៅការអនុវត្តនេះថា ជាការឆបោកកូនកាត់ ដែលជនរងគ្រោះត្រូវបានទាក់ទាញឱ្យលង់ស្នេហ៍ក្រុមក្មេងទំនើងជនជាតិចិន ហើយបន្ទាប់មកមិត្តប្រុសពួកនាងបានលើកទឹកចិត្តពួកនាងឱ្យវិនិយោគលើការជួញដូររូបិយប័ណ្ណគ្រីបតូ។ ប៉ូលិសបានតាមដានរូបិយប័ណ្ណគ្រីបតូ ដែលជនរងគ្រោះទិញចូល ហើយរកឃើញថា លុយទាំងនោះបានជួញដូរ ឬផ្លាស់ប្តូរដៃជាច្រើនដងមុននឹងប្តូរជាលុយបាត ហើយពេលនោះលុយបាតត្រូវបានគេប្រើដើម្បីទិញទ្រព្យសម្បត្តិ រួមមានទាំងអចលនទ្រព្យ នៅក្នុងទីក្រុងបាងកក និងខេត្តក្បែរនោះផងដែរ៕ (ប្រភពពី Nation Thailand)

website_news/2023050907.txt · Last modified: 2023/09/05 09:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki