website_news:2023051001

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ព្រួយបារម្ភពីពលករដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ និងជំរុញអាជ្ញាធរពាក់ព័ន្ធតាមព្រំដែនពង្រឹងការទប់ស្កាត់

https://freshnewsasia.com/index.php/en/localnews/312594-2023-10-04-01-36-39.html 2023-10-04 08:36am

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោកអភិសន្ដិបណ្ឌិត ស សុខា បានបង្ហាញពីការព្រួយបារម្ភចំពោះពលករខ្មែរ ដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ ហើយអាចធ្លាក់ចូលក្នុងអំពើជួញដូរមនុស្ស ឬការរំលោភបំពានតាមគ្រប់រូបភាព។ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី១ និងលើកទិសដៅបន្ដរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើទារុណកម្ម នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ លោកអភិសន្ដិបណ្ឌិត ស សុខា បានណែនាំអាជ្ញាធរតាមព្រំដែនទាំងអស់ ត្រូវបន្ដទប់ស្កាត់ការលួចនាំមនុស្សចេញពីក្នុងប្រទេស ដើម្បីទៅធ្វើការដោយខុសច្បាប់នៅក្រៅប្រទេស។ ជាមួយគ្នានេះ លោកអភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ក៏បានជំរុញផងដែរឲ្យយកចិត្តទុកដាក់ស្រាវជ្រាវជួយអន្ដរាគមន៍ដល់អ្នកដែលបានរងគ្រោះ នៅពេលទទួលបានព័ត៌មានថា ពួកគាត់ទាំងអស់កំពុងចាញ់បោកគេនៅក្រៅប្រទេស។

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវទៅដល់អ្នកពាក់ព័ន្ធទាំងអស់ ពិសេសខេត្តជាប់ព្រំដែនប្រទេសទាំងបី ថៃ វៀតណាម និងឡាវ មេត្តាពិនិត្យ ហើយជាពិសេសជនរងគ្រោះទាំងអស់នោះភាគច្រើន ជានារីក្មេងក្រោមអាយុ១៨ឆ្នាំ។ អញ្ចឹងហើយបើមានការលួចនាំតាមរយៈមេខ្យល់ ឬមួយនាំជាក្រុម ទៅតាមព្រំប្រទល់អន្ដរជាតិមួយចំនួន ឬច្រកទ្វារភាគីមួយចំនួនសូមពិនិត្យ»។

លោកអភិសន្ដិបណ្ឌិត ស សុខា បានអះអាងថា ករណីនេះជារបៀបរបបជួញដូរមនុស្សនេះ ធ្លាប់កើតមាននៅប្រទេសអឺរ៉ុបមួយចំនួនដែលជាបទពិសោធន៍រួចទៅហើយ ប៉ុន្ដែឥលូវរឿងនេះចាប់ផ្ដើមសាយភាយសារជាថ្មី។ តែទោះជាយ៉ាងណា ក្នុងករណីរកឃើញថា ពលរដ្ឋខ្មែរនៅក្រៅប្រទេសកំពុងធ្លាក់ចូលអន្ទាន់នេះ សមត្ថកិច្ចកម្ពុជាក៏បានជួយអន្ដរាគមន៍បានដោយជោគជ័យជាបន្ដបន្ទាប់ផងដែរ ជាក់ស្ដែងប៉ុន្មានថ្ងៃមុននេះបានជួយពលករខ្មែរ៦នាក់ នៅប្រទេសឡាវ។

សូមរំលឹកថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានទទួលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីស្ត្រីខ្មែរចំនួន៧រូប ដែលបានបង្ហោះសារអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុកស្វែងរកការជួយសង្គ្រោះពួកគេ។ ស្ត្រីទាំង៧រូបនេះ ត្រូវបានជនខិលខូចបោកប្រាស់មកធ្វើការនៅខេត្តបរកែវ នៃប្រទេសឡាវ ហើយបានរត់ចេញពីកន្លែងធ្វើការបន្ទាប់ពីមានបញ្ហាជាមួយថៅកែ ដែលគ្រោងលក់ពួកគាត់ទៅប្រទេសទី៣។

ក្រោយពីបានទទួលពត៌មាននេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ បានសុំការសហការភ្លាមពីអជ្ញាធរឡាវ ដើម្បីជួយសង្គ្រោះស្ត្រីខ្មែរទាំង ៧រូបនោះ។ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំរុញស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ ឲ្យផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ ដោយសហការជាមួយសមត្ថកិច្ចឡាវ។

រហូតមកដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ, នារីខ្មែរ៦រូប ត្រូវបានជួយសង្គ្រោះនិងកំពុងស្ថិតនៅកន្លែងមានសុវត្ថិភាព និងមានការយកចិត្តទុកដាក់ខ្ពស់។ ដោយឡែក ស្ថានទូតបាន និងកំពុងបន្តសហការជាមួយកម្លាំងសមត្ថកិច្ចឡាវ បន្តខិតខំជួយសង្គ្រោះនារីខ្មែរ១រូបទៀត៕

website_news/2023051001.txt · Last modified: 2023/10/05 09:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki