website_news:2023051204

កាសែតអាល្លឺម៉ង់ផ្សាយថា អ្នកទេសចរអាល្លឺម៉ង់ម្នាក់ សូកប៉ូលីសថៃ ១លានបាត ដើម្បីគេចពីការចោទប្រកាន់ ក្រោយការចាប់ខ្លួន រឿងទិញផ្លូវភេទពីអនីតិជន

https://dap-news.com/international/2023/12/04/376600/ ByPH104Posted on December 4, 2023 5:04 pm THE NATION

បរទេស៖ ឧត្តមសេនីយទោ Surachate Hakparn ស្នងការរងប៉ូលិសថៃ នៅថ្ងៃអាទិត្យ (៣ ធ្នូ) បានបញ្ជាឱ្យស៊ើបអង្កេតលើការចោទប្រកាន់ថា មានអ្នកទេសចរជនជាតិអាល្លឺម៉ង់ម្នាក់បានសូកប៉ាន់ ដើម្បីគេចពីការចោទប្រកាន់ពីបទទិញផ្លូវភេទពីអនីតិជននៅប៉ាតាយ៉ា ខេត្តឈុនបុរី។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ការចោទប្រកាន់នេះ ត្រូវបានធ្វើឡើងនៅក្នុង របាយការណ៍មួយដោយសារព័ត៌មាន អាល្លឺម៉ង់ឈ្មោះ Deutsche Welle (DW) ដែលបានផ្សាយថា អ្នកទេសចរម្នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២២ បន្ទាប់ពីត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយអាជ្ញាធរក្នុងតំបន់ ។ បន្ទាប់មកអ្នកទេសចររូបនោះ ត្រូវបានដោះលែង ឱ្យនៅក្រៅឃុំ ប៉ុន្តែ កាសែត Deutsche Welle បានអះអាងថា អ្នកទេសចររូបនោះបានបង់ប្រាក់សំណូកចំនួន ១ លានបាតដល់មន្រ្តីចាប់ខ្លួន ដើម្បីជៀសវាងការចោទប្រកាន់។

លោកឧត្តមសេនីយ Surachate បាននិយាយថា លោកបានបញ្ជាឱ្យប៉ូលិសក្រុង ប៉ាតាយ៉ាស៊ើបអង្កេតការចោទប្រកាន់ និងចាត់វិធានការ ចំពោះមន្ត្រីណា ដែលរកឃើញថា មានជាប់ពាក់ព័ន្ធនឹង អំពើពុករលួយ។ លោកក៏បាននិយាយដែរថា លោកបានបញ្ជាឲ្យការិយាល័យ អន្តោប្រវេសន៍ពិនិត្យ មើលថាតើអ្នកទេសចររូបនោះ ពិតជាបានចាកចេញពីប្រទេសថៃ ដូចការអះអាងក្នុងរបាយការណ៍ដែរឬអត់។

ប្រសិនបើការចោទប្រកាន់ត្រូវបាន រកឃើញថាជាការពិត វានឹងក្លាយជាករណីពុករលួយធ្ងន់ធ្ងរ ហើយនឹងបំផ្លាញកេរ្តិ៍ឈ្មោះប្រទេសថៃ ក្នុងនាមជាគោលដៅទេសចរណ៍ ។ វាក៏នឹងលើកជាសំណួរអំពីប្រសិទ្ធភាព នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលថៃ ក្នុងការប្រយុទ្ធប្រឆាំង នឹងការជួញដូរផ្លូវភេទ និងការរំលោភបំពានផ្លូវភេទលើកុមារ ផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

website_news/2023051204.txt · Last modified: 2023/12/05 15:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki