website_news:2023060105

កម្ពុជានិងថៃ ជួបពិភាក្សាការងារ និងប្តេជ្ញារួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ

https://kohsantepheapdaily.com.kh/article/1663631.html? utm_source=telegram&utm_medium=click&utm_campaign=channeltelgram ០៥ ខែ មករា ឆ្នាំ ២០២៣ ម៉ោង ២០:៣២

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលវរសេនាតូច ការពារព្រំដែនគោក លេខ៨០៧ និងកម្លាំងយោធាសិករងស្រុកថ្មពួក របស់កម្ពុជា និងកម្លាំងយោធាឈុតខ្មៅថៃ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ បានពិភាក្សាការងាររវាងភាគីកម្ពុជា-ថៃ និងប្តេជ្ញារួមគ្នា ទប់ស្កាត់រាល់បទល្មើសឆ្លងដែន គ្រប់ប្រភេទ ។

លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា យោងតាមការណែនាំ និងការដាក់ចេញបទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលការពារព្រំដែនគោកទាំងអស់ ត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ពង្រឹងកិច្ចសហការល្អជាមួយស្ថាប័នពាក់ព័ន្ធ និងសមត្ថកិច្ចថៃ តាមព្រំដែន ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារប្រចាំថ្ងៃ។

លោកវរសេនីយ៍ឯក ឡុង សំណាង បន្តថា លោកបានចាត់តាំងលោកអនុសេនីយ៍ត្រី ឣ៊ិន ឆៃយ៉ា នាយរងប៉ុស្តិ៍ឣូរសាយ ដឹកនាំកម្លាំង ចំនួន ០៤នាក់ សហការជាមួយកម្លាំងយោធា សឹករងថ្មពួក ចំនួន០២នាក់ ដឹកនាំដោយលោកឣនុសេនីយិ៍ឯក ចែម ភាព មេបញ្ជាការរងកងអនុសេនាធំទី១ បានជួបពិភាក្សាការងារជាមួយ ភាគីថៃ នៅគោលដៅប៉ុស្តិ៍លេខ១៤ ក្នុងទឹកដីខាងព្រំដែនថៃ ចំនួន០៥នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ សាឡូត យោថា មេបញ្ជាការរង (យោធាឈុតខ្មៅថៃ) លេខ១២០៦ ដើម្បីពង្រឹងសហប្រតិបត្តិការ រួមគ្នាលុបបំបាត់ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមព្រំដែន ។ លោកវរសេនីយ៍ឯក ឡុង សំណាង បានបញ្ជាក់ថា ជំនួបពិភាក្សានោះភាគីកម្ពុជា-ថៃ បានផ្តោតលើការងារសំខាន់ៗ រួមមាន ៖

១-ទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទនៅតាមខ្សែបន្ទាត់ព្រំដែន ។

២-គ្រប់គ្រងទប់ស្កាត់គ្រឿងញៀនខុសច្បាប់ និងការរត់ពន្ឋឣាវុធ-គ្រាប់ ។

៣-រាល់ការចុះត្រួតពិនិត្យបង្គោលសីមា និងចុះគោលដៅផ្សេងៗ តាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រស្នើឲ្យមានការជូនដំណឹងជាមុន៕

website_news/2023060105.txt · Last modified: 2023/01/06 10:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki