website_news:2023060106

រយៈពេល៥ខែ ក្រសួងទទួលសំណើសុំអន្តរាគមន៍ជិត ៧០០ករណី

https://www.khmertimeskh.com/501215093// ហង្ស ពណ្ណរាយ January 6, 2023

គិតចាប់ពីខែសីហា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ ទទួលបានសំណើសរុប ៦៩២ករណី ដែលមានមនុស្សសរុបចំនួន ១,៦៨៣នាក់ ដើម្បីសុំឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងសមិត្ថកិច្ចពាក់ព័ន្ធជួយអន្តរាគមន៍។

លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់កាសែតខ្មែរថាមស៍ កាលពីម្សិលមិញថា ចាប់តាំងពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប្រកាសជាសាធារណៈដល់មហាជនទូទៅអាចដាក់ពាក្យបណ្ដឹងនានាតាមរយៈបណ្ដាញសង្គមរបស់ក្រសួង ក៏ដូចជាអង្គភាពដែលជាសេនាធិការរបស់ក្រសួង។ លោកបញ្ជាក់ថា៖ «យើងចាប់ផ្ដើមយុទ្ធនាការឡើងកាលពីខែសីហា ឆ្នាំ២០២២ គឺក្រសួងបានប្រកាសជាសាធារណៈ ដើម្បីទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ហើយរហូតមកទល់ពេលនេះ យើងទទួលពាក្យបណ្ដឹងពីទំព័រហ្វេសប៊ុនរបស់សម្ដេចក្រឡាហោមផង ទំព័រហ្វេសប៊ុកអគ្គស្នងការនគរបាលជាតិផង និងចូលតាមទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ផង គឺមានប្រមាណ ៦៩២ករណី»។

លោកបន្ថែមថា ថ្មីៗនេះ សមត្ថកិច្ចបានទទួលសំណើចំនួន ១ករណីបន្ថែមទៀត ដែលស្នើឱ្យជួយសង្រ្គោះជនជាតិហ្វីលីពីន ចំនួន ១នាក់។ លោកបន្តថា ចាប់ពីខែសីហា ២០២២ រហូតដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ ទទួលពាក្យបណ្ដឹងជាបន្តបន្ទាប់ ហើយការផ្ដល់ឱកាសដល់មហាជនដាក់ពាក្យបណ្ដឹងមកក្រសួងតាមអនឡាញនេះ គឺមានការសាទរពីប្រជាពលរដ្ឋច្រើន ជាពិសេស ជនដែលងាយរងគ្រោះ។ លោកនិយាយថា សម្រាប់សំណើក្នុងបញ្ជីតាមដានរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង គិតត្រឹមថ្ងៃទី២មករា មានអ្នកដាក់សំណើសុំឱ្យអន្តរាគមន៍ គឺមាន ៦៩២ករណី ដែលមានជនរងគ្រោះចំនួន ១ ៦៨៣នាក់។

លោកថ្លែងថា ក្នុងចំណោមសំណើទាំង ៦៩២ករណី គឺសមិត្ថកិច្ចជំនាញបានចុះស្រាវជ្រាវ និងស៊ើបអង្កេតបឋមបានចំនួន ៤៣៦សំណើ និងបានបិទសំណុំរឿង ២២៣សំណើ។ លោកបញ្ជាក់ថា ក្នុងចំណោមបិទសំណុំរឿងនោះ គឺរកឃើញមនុស្ស ១ ០៦០នាក់ ឃាត់ខ្លួនជនសង្ស័យ ១២០នាក់ បិទក្រុមហ៊ុន ៥ទីតាំង និងផ្អាកអាជីវកម្ម ៤ទីតាំង។ លោក ខៀវ សុភ័គ បន្ថែមថា បច្ចុប្បន្ន អាជ្ញាធរដែលជាសេនាធិការរបស់ក្រសួង គឺកំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេតចំនួន ៣៣ករណី ហើយទទួលលទ្ធផលបែបណានោះ ក្រសួងនឹងផ្សព្វផ្សាយជាបន្តបន្ទាប់បន្ថែមទៀត។

មន្ត្រីជាន់ខ្ពស់ស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា ហៅកាត់អាដហុក លោក ស៊ឹង សែនករុណា បានលើកឡើងថា ទិន្នន័យនៃការរាយការណ៍នេះ គឺជាទិន្នន័យដែលទទួលបានតែប៉ុណ្ណោះ ប៉ុន្តែហាក់មានជនរងគ្រោះជាច្រើនទៀត ដែលគ្មានឱកាសរាយការណ៍ គឺស្ថិតនៅក្នុងកម្រិតណាមួយដែលជួបការលំបាកក្នុងការផ្ដល់ព័ត៌មានមកដល់ក្រសួង។ លោកបន្ថែមថា បន្ទាប់ពីទទួលបានព័ត៌មានទាំងនេះ ក្រសួងគួរមានសមត្ថភាពពិសេសណាមួយអាចចុះអន្តរាគមន៍បានទាន់សភាពការណ៍ ដើម្បីជួយដល់ជនរងគ្រោះបន្ទាប់ពីទទួលបានព័ត៌មាន ព្រោះធ្វើបែបនេះ គឺជៀសវាងអូសបន្លាយយូរស្រាប់តែជនរងគ្រោះ បែរជារងគ្រោះថ្នាក់បន្ថែមទៀតពីជនល្មើស៕

website_news/2023060106.txt · Last modified: 2023/01/06 10:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki