website_news:2023060202

អន្តរក្រសួងពិភាក្សាលើសេចក្ដីព្រាងស្ដីពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដើម្បីចុះកិច្ចព្រមព្រៀងជាមួយកូរ៉េ

https://btv.com.kh/article/19740 2023/02/02 04:58:58 pm

ភ្នំពេញ ៖ នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សារៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា(MOU) រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ពាក់ព័ន្ធនឹងកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រ ធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ)បានថ្លែងថា កិច្ចប្រជុំនេះ ធ្វើឡើងយោងតាមចំណាររបស់សម្តេចក្រឡាហោម ស ខេង ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រគល់ភារកិច្ចជូនលោកជំទាវ ដើម្បីដឹកនាំប្រជុំពិនិត្យ និងផ្តល់យោបល់។ លោកជំទាវបន្តថា ដើម្បីឈានទៅដល់ការរៀបចំសេចក្តីព្រាងអនុស្សរណៈទ្វេភាគី រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ចាំបាច់ត្រូវសិក្សាស្វែងយល់អំពីទំនាក់ទំនង និងទិន្នន័យពាក់ព័ន្ធមួយចំនួនជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សម្រាប់ជាមូលដ្ឋានក្នុងការដាក់បញ្ចូលក្នុងអនុស្សរណៈ ដែលជាកិច្ចសហប្រតិបត្តិការក្នុងការប្រ យុទ្ធប្រឆាំងអំពើជួញដូរមនុស្សរវាងប្រទេសទេសទាំងពីរ។ លោកជំទាវបន្ថែមថា មុននឹងឈានដល់ការបង្កើតគំនិតផ្តួចផ្តើមរៀបចំអនុស្សរណៈទ្វេភាគីនេះឡើង គឺបន្ទាប់ពីមានការពិភាក្សា និងឆ្លងឆ្លើយតាមរយៈលិខិតជាផ្លូវការរវាងសម្តេចក្រឡាហោម ស ខេង ជាមួយនឹងឯកឧត្តម ស៊ិន ចាយ៉ុង អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ។

ក្នុងកិច្ចប្រជុំនេះ អន្តរក្រសួងបានពិភាក្សា និងពិគ្រោះយោបល់លើបទពិសោធន៍ពាក់ព័ន្ធ និងធាតុចូលសំខាន់ៗនានាពីគ្រប់សមាជិកអង្គប្រជុំ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការកំណត់យកជាខ្លឹមសារសម្រាប់ដាក់បញ្ចូលក្នុង MOU ទ្វេភាព ឱ្យមានភាពគ្រប់ជ្រុងជ្រោយ និងមានវិសាលភាពទូលំទូលាយ លើកិច្ចសហការក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនរវាងប្រទេសទាំងពីរឱ្យ មានប្រសិទ្ធភាពខ្ពស់។

ក្រៅពីថ្លែងអំណរគុណចំពោះអន្តរក្រសួងដែលបានចែករំលែកបទពិសោធន៍ ព្រមទាំងធាតុចូលសំខាន់ ៗនៅក្នុងកិច្ចប្រជុំនេះ លោកជំទាវ ជូ ប៊ុនអេង ក៏បានបញ្ជាក់បន្ថែមដែរថា កិច្ចប្រជុំនេះនឹងត្រូវរៀបចំជាបន្តបន្ទាប់ទៀត ដើម្បីពិភាក្សាលើវឌ្ឍនភាព និងរហូតឈានដល់ទទួលបានការឯកភាពគ្នាទាំងស្រុង៕ ដោយ៖ គង់ ឌិន

website_news/2023060202.txt · Last modified: 2023/02/06 10:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki