website_news:2023060203

កិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនរវាងកម្ពុជា និងកូរ៉េ កំពុងត្រូវបានមន្ត្រីអន្តរក្រសួងពិភាក្សា

https://www.postkhmer.com/national/2023-02-03-1048-246606.html ភ្នំពេញ ប៉ុស្តិ៍ | Publication date 03 February 2023 | 10:48 ICT

ភ្នំពេញៈ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២ កុម្ភៈ បានបើកកិច្ចប្រជុំអន្តរក្រសួងដើម្បីធ្វើការពិភាក្សារៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា (MOU) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េពាក់ព័ន្ធនឹងកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន នៃក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញផងដែរ។ លោកស្រី ជូ ប៊ុនអេង បានថ្លែងថា កិច្ចប្រជុំពិគ្រោះយោបល់ និងពិភាក្សាផ្តួចផ្តើមរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នានេះ គឺធ្វើឡើង ដើម្បីឈានទៅដល់ការរៀបចំសេចក្តីព្រាងអនុស្សរណៈទ្វេភាគី រវាងរដ្ឋាភិបាលនៃប្រទេសទាំង២ ដែលចាំបាច់ត្រូវសិក្សាស្វែងយល់អំពីទំនាក់ទំនង និងទិន្នន័យពាក់ព័ន្ធមួយចំនួន ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សម្រាប់ជាមូលដ្ឋានក្នុងការដាក់បញ្ចូលក្នុងអនុស្សរណៈ ដែលជាកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរវាងប្រទេសទាំង២។

មុននឹងឈានដល់ការបង្កើតគំនិតផ្តួចផ្តើមរៀបចំអនុស្សរណៈទ្វេភាគីនេះឡើង គឺបន្ទាប់ពីមានការពិភាក្សា និងឆ្លងឆ្លើយតាមរយៈលិខិតផ្លូវការរវាងលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយនឹងលោក ស៊ិន ចាយ៉ុង អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ។ អង្គប្រជុំបានពិភាក្សា និងពិគ្រោះយោបល់គ្នាលើបទពិសោធន៍ពាក់ព័ន្ធ និងធាតុចូលសំខាន់ៗនានាពីគ្រប់សមាជិកអង្គប្រជុំដែលជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការកំណត់យកជាខ្លឹមសារសម្រាប់ដាក់បញ្ចូលក្នុងអនុស្សរណៈយោគយល់ទ្វេភាគី មានភាពគ្រប់ជ្រុងជ្រោយ និងមានវិសាលភាពទូលំទូលាយ លើកិច្ចសហការក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនរវាងប្រទេសទាំង២ឱ្យមានប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំពិគ្រោះយោបល់នេះ នឹងត្រូវរៀបចំប្រជុំជាបន្តបន្ទាប់ទៀត ដើម្បីពិភាក្សាគ្នាលើវឌ្ឍនភាព និងរហូតឈានដល់ទទួលបានការឯកភាពគ្នាទាំងស្រុង។ ទន្ទឹមនេះ លោកស្រី ជូ ប៊ុនអេង ក៏បានណែនាំឱ្យសមាជិកនៃអង្គប្រជុំទាំងអស់ជួយសិក្សាស្រាវជ្រាវ និងរៀបចំធាតុចូលសំខាន់ៗបន្ថែមទៀត សម្រាប់បំពេញបន្ថែមនៅក្នុងកិច្ចប្រជុំពេលក្រោយ៕,

website_news/2023060203.txt · Last modified: 2023/02/06 10:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki