website_news:2023060301

ក្រសួងមហាផ្ទៃ បន្តចុះ MOU ជាមួយអង្គការក្រៅរដ្ឋាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការជួញដូរមនុស្ស

https://www.kampucheathmey.com/local-news/473552 ថ្ងៃសុក្រ ៣ មីនា ២០២៣ដោយ sopheak khoun

ក្រសួងមហាផ្ទៃ បានបន្តចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា ស្តីពី ការរួមចំណែកនៅក្នុងសកម្មភាពមនុស្សធម៌ និងយុត្តិធម៌ព្រហ្មទណ្ឌសម្រាប់នីតិជន នៅព្រះរាជាណាចក្រកម្ពុជា។ ពិធីអនុស្សរណៈយោគយល់គ្នា ធ្វើឡើងនៅព្រឹកថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣នេះ ក្រោមអធិបតីភាពលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) នៅទីស្តីការក្រសួងមហាផ្ទៃ។

លោកស្រី ជូ ប៊ុនអេង លើកឡើងក្នុងឱកាសនោះថា ការចុះអនុស្សរណៈជាមួយអង្គការក្រៅរដ្ឋាភិបាលនេះ គឺដើម្បីរួមគ្នាទប់ស្កាត់ការជួញដូរមនុស្ស និងការរំលោភបំពានលើកុមារនៅកម្ពុជា ឲ្យមានប្រសិទ្ធភាពបន្ថែមទៀត ខណៈបញ្ហានេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងនោះ។ លោកស្រី បានឲ្យដឹងដែរថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានធ្វើការជាមួយដៃគូជាច្រើន រួមទាំងអង្គការសហប្រជាជាតិផងនោះ ដោយបានខិតខំយ៉ាងសកម្មក្នុងការទប់ស្កាត់ការជួញដូរមនុស្ស និងការរំលោភបំពានលើមនុស្សគ្រប់ប្រភេទ ដោយមិនប្រកាន់និន្នាការអ្វីនោះឡើយ។ ជាមួយគ្នានេះ លោកស្រី ជូ ប៊ុនអេង បានសម្ដែងនូវក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចសហ ការល្អជាមួយអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជានាពេលនេះ ដែលបានក្លាយទៅជាដៃគូមួយទៀត ក្នុងកិច្ចសហការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

សូមជម្រាបថា ការចុះអនុស្សរណៈជាមួយអង្គការក្រៅរាជរដ្ឋាភិបាល និងដៃគូនានានេះ គឺមានគោលបំណងដូចជា៖ ការសហការប្រមូលព័ត៌មាន សម្រាប់ជំនួយដល់នីតិវិធីច្បាប់, ការសហការក្នុងការធ្វើអន្តរាគមន៍ និងសង្គ្រោះ, ការសហការសម្របសម្រួល ក្នុងការលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាព, ការសហការសិក្សាស្រាវជ្រាវ និងតស៊ូមតិ ដើម្បីវិភាគ ចងក្រងរបាយការណ៍ អំពីរបកគំហើញ និងអនុសាសន៍ជាដើម៕

website_news/2023060301.txt · Last modified: 2023/03/06 10:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki