website_news:2023060302

ក្រសួងការបរទេសបានជួយសង្គ្រោះពលរដ្ឋជិត ៨ពាន់នាក់ពីអំពើជួញដូរក្នុងឆ្នាំ២០២២

https://www.kampucheathmey.com/local-news/472218 ថ្ងៃសៅរ៍ ៤ មីនា ២០២៣ដោយ Thoeun Vansong

ក្នុងពិធីបើកសន្និបាតប្រចាំរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនាថ្ងៃទីពុធនេះលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំក្រសួងការបរទេស បានថ្លែងឲ្យដឹងថា ក្នុងរយៈពេលនៃឆ្នាំ២០២២ កន្លងទៅ ក្រសួងបានជួយសង្គ្រោះ និងសម្របសម្រួលដល់ពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរមនុស្សចំនួនជិត ៨ពាន់នាក់។

បើតាមរបាយការណ៍ដែលអានដោយលោក អ៊ុច បូររិទ្ធ បានឲ្យដឹងដូច្នេះថា៖ «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្តល់ការគាំពារ ជួយសង្គ្រោះ និងសម្របសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍ដល់ពលរដ្ឋកម្ពុជាដែលរងគ្រោះដោយការរំលោភសិទ្ធិសេរីភាព និងអំពើជួញដូរមនុស្សចំនួន៧ ៩៥៣នាក់ពីប្រទេសចំនួន៨ ជាអាទិ៍ ថៃ ឡាវ វៀតណាម ម៉ាឡេស៊ី ចិន ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី»។

ជាមួយគ្នានេះ លោក អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ថា ស្ថានទូតរបស់កម្ពុជាប្រចាំនៅបណ្ដាប្រទេសនានា តែងតែបានយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រាស្រ័យទាក់ទងជាមួយពលរដ្ឋកម្ពុជាដែលរស់នៅបរទេសជាប់ជាប្រចាំ ជាពិសេសប្រជាពលរដ្ឋកម្ពុជាដែលរស់នៅសហរដ្ឋអាមេរិក បារាំង អឺរ៉ុប និងអូស្ត្រាលី ជាដើម។ ក្នុងនោះ ស្ថានទូតកម្ពុជា ក៏បានសម្របសម្រួលដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ សិស្ស និស្សិត ពលករ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅបរទេស ដែលរួមមានការផ្តល់សេវារដ្ឋបាល សេវាកុងស៊ុល និងការឧបត្ថម្ភគាំពារផ្សេងៗជាច្រើន។

ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី គឺកម្ពុជាបានបន្តពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការទ្វេភាគីជាមួយបណ្ដាប្រទេសជាមិត្តជាច្រើននៅលើពិភពលោក តាមរយៈសកម្មភាពរបស់ស្ថានទូត និងស្ថានតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅប្រទេសទាំងនោះ។ យោងតាមរបាយការណ៍ គិតមកដល់ពេលនេះ កម្ពុជា មានស្ថានទូត និងស្ថានតំណាងអចិន្ត្រៃយ៍ប្រចាំនៅបរទេសចំនួន៣១ ស្ថានអគ្គកុងស៊ុលចំនួន១២ កុងស៊ុលកិត្តិយសចំនួន២៦ និងមានមន្ត្រីការទូតដែលកំពុងបម្រើការ និងបំពេញបេសកកម្មនៅបរទេសសរុបចំនួន ២០២នាក់៕ ដោយ៖ ធឿន វ៉ាន់សុង

website_news/2023060302.txt · Last modified: 2023/03/06 10:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki