website_news:2023060303

ក្រសួងមហាផ្ទៃ និងអង្គភាពការពារកុមារចុះ MOU ដើម្បីស្វែងរកយុត្តិធម៌ជូនអនីតិជន

https://www.postkhmer.com/national/2023-03-03-1350-247612.html សុខ រក្សា | Publication date 03 March 2023 | 13:50 ICT

ក្រសួងមហាផ្ទៃ និងអង្គភាពការពារកុមារ (CPU) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីចូលរួមចំណែកសកម្មភាពមនុស្សធម៌ និងស្វែងរកយុត្តិធម៌ព្រហ្មទណ្ឌសម្រាប់អនីតិជនជាពិសេសឆ្លើយតបទៅនឹងការបង្ក្រាបបទល្មើសនានា ពាក់ព័ន្ធទៅនឹងកុមារ។

ពិធីះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងរវាងលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ.) និងអង្គភាពការពារកុមារ(CPU) នៃអង្គការមូលនិធិកុមារកម្ពុជា ស្ដីពីការរួមចំណែកនៅក្នុងសកម្មភាពមនុស្សធម៌ និងយុត្តិធម៌ព្រហ្មទណ្ឌសម្រាប់អនីតិជននៅកម្ពុជា ២០២២-២០២៤ នៅព្រឹកសុក្រថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។ នេះបើតាមក្រសួងមហាផ្ទៃបានបង្ហោះនៅលើហ្វេសប៊ុក។

លោកស្រី ជូ ប៊ុនអេង បានមានប្រសាសន៍ថា៖« ក្រសួងមហាផ្ទៃ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិកុមារកម្ពុជា (CPU) រឹតតែមានភាពជិតស្និទ្ធ ព្រមទាំងឆ្លើយតបបានលឿន ចំពោះបទល្មើសដែលកើតមានឡើងនៅកម្ពុជា ព្រមទាំងបន្តគាំទ្រចំពោះសកម្មភាពរបស់អង្គភាព CPU ដើម្បីកុមារផងដែរ»។ ជាមួយគ្នានេះលោកស្រី បានសម្តែងសេចក្ដីរីករាយ ក្នុងនាមក្រសួងមហាផ្ទៃ សម្រាប់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាថ្មីម្ដងទៀត ជាមួយអង្គភាព CPU ដែលបានធ្វើការជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ហើយក៏ទទួលបានលទ្ធផលល្អប្រសើរទាក់ទងទៅនឹងការបង្ក្រាបបទល្មើសនានា ជាពិសេស បទល្មើសព្រហ្មទណ្ឌ ដែលពាក់ព័ន្ធទៅនឹងកុមារ។ លោកស្រី បានសង្កេតឃើញថា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ការអនុវត្តបង្ក្រាបបទល្មើសនានា អង្គភាព CPU បានស្គាល់បទពិសោធន៍កាន់តែច្បាស់ក្នុងទម្រង់បទល្មើសដែលមានទៅលើកុមារនៅកម្ពុជា។

ទន្ទឹមនេះ លោក James McCabe នាយកទទួលបន្ទុកប្រតិបត្តិការរបស់អង្គភាពការពារកុមារ (CPU) នៃអង្គការមូលនិធិកុមារកម្ពុជា បានថ្លែងអំណរគុណចំពោះក្រសួងមហាផ្ទៃ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលតែងតែគាំទ្រចំពោះសកម្មភាពរបស់អង្គភាពCPU។ លើសពីនេះ លោកក៏បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋានគរបាលជាតិ ដែលតែងតែជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសនានាពាក់ព័ន្ធទៅនឹងកុមារ។ នាឱកាសនោះដែរលោក James McCabe បានរំឭកដែរថា អង្គភាពបានធ្វើកិច្ចសហប្រតិបត្តិការអស់រយៈពេល១០ឆ្នាំកន្លងមកហើយជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋានគរបាលជាតិ លើការងារដើម្បីកុមារនៅកម្ពុជានេះ។

សូមជម្រាបជូនដែរ ក្រសួងមហាផ្ទៃ និងអង្គភាពការពារកុមារ (CPU) នៃអង្គការមូលនិធិកុមារកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ស្ដីពីការចូលរួមចំណែកនៅក្នុងសកម្មភាពមនុស្សធម៌ និងយុត្តិធម៌ព្រហ្មទណ្ឌ សម្រាប់អនីតិជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២-២០២៤ នាពេលនេះ គឺលើកទី០៤ ហើយ៕

website_news/2023060303.txt · Last modified: 2023/03/06 10:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki