website_news:2023060403

ក្រសួងមហាផ្ទៃបើកកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាដោះស្រាយបញ្ហាពលករចំណាកស្រុក

https://www.postkhmer.com/national/2023-04-04-1736-248769.html គឹម យុត្ថារ៉ូ | Publication date 04 April 2023 | 17:36 ICT

ភ្នំពេញៈ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាដោះស្រាយសម្រាប់ពលករដែលបានស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដោយពុំមានឯកសារ និងហួសសុពលភាពនៃឯកសារច្បាប់អនុញ្ញាត ក្រោយពីអាជ្ញាធរថៃបានស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជូនក្រុមការងារ ទៅប្រមូលទិន្នន័យ និងផ្តល់អត្តសញ្ញាណជូនពលករកម្ពុជា។

ក្នុងកិច្ចប្រជុំនៅថ្ងៃទី៣ ខែមេសា លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ថ្លែងថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលថៃ បានដាក់ចេញការអនុញ្ញាតឱ្យពលករណាដែលបានដាក់ពាក្យស្នើសុំស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ នឹងអាចពន្យារសុពលភាព ត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ។ លោកស្រីបានប្រាប់នៅថ្ងៃទី៤ ខែមេសា ថា ករណីហួសពីរយៈពេលនៃការកំណត់នេះ ពលករ និយោជិត ទាំងអស់នឹងត្រូវផាកពិន័យ ឬអនុវត្តតាមច្បាប់អន្តោប្រវេសន៍ និងច្បាប់ការងារនៃប្រទេសថៃ។ ក្នុងដំណាក់កាលនេះ អាជ្ញាធរថៃ បានស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជូនក្រុមការងារ ទៅប្រមូលទិន្នន័យ និងផ្តល់អត្តសញ្ញាណជូនពលករកម្ពុជា។

លោកស្រី ថ្លែងថា៖ «ចំពោះទិន្នន័យពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃដោយពុំមានឯកសារ និងហួសសុពលភាពនៃឯកសារច្បាប់អនុញ្ញាត មានចំនួនប៉ុន្មាននោះទេ ព្រោះភាគីថៃផ្តល់មកឱ្យកម្ពុជាមិនទាន់ច្បាស់លាស់ដែរ។ ដូច្នេះអ្វីដែលកិច្ចប្រជុំនេះ ធ្វើឡើង ដើម្បីពិភាក្សាស្វែងរកទិន្នន័យ ឱ្យបានច្បាស់លាស់ ដើម្បីរកដំណោះស្រាយសមស្របមួយដែលមានភាពច្បាស់លាស់ និងអនុវត្តប្រកបដោយប្រសិទ្ធភាព»។ លោកស្រីបានបញ្ជាក់ទៀតថា ចំពោះការបញ្ជូនក្រុមការងាររបស់រាជរដ្ឋាភិបាលទៅប្រមូលទិន្នន័យពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃដោយពុំមានឯកសារ និងហួសសុពលភាពនៃឯកសារច្បាប់អនុញ្ញាតនៅក្នុងប្រទេសថៃ ក៏មិនទាន់បានកំណត់ពេលវេលាជាក់លាក់ដែរ ខណៈដែលកន្លងមកក្រុមការងាររបស់រាជរដ្ឋាភិបាលបានទៅធ្វើកិច្ចការងារនេះនៅក្នុងប្រទេសថៃរយៈពេល១ខែដែរ។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ថ្លែងថា ការដោះស្រាយបញ្ហាពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃដោយពុំមានឯកសារ និងហួសសុពលភាពនៃឯកសារច្បាប់អនុញ្ញាត គឺជារឿងចាំបាច់ដែលត្រូវធ្វើ ដើម្បីកុំឱ្យមានការរំលោភបំពានការងារលើពួកគេក្នុងប្រការណាមួយ។ លោកបានប្រាប់ថា៖ «ការដោះស្រាយនៅពេលនេះ គឺជារឿងល្អ។ ភាគីកម្ពុជា និងភាគីថៃគួរតែមានកិច្ចសហការសមស្របណាមួយ ដើម្បីធ្វើកិច្ចការងារនេះ ដើម្បីឱ្យពួកគេរស់នៅ និងបម្រើការងារក្នុងប្រទេសថៃស្របច្បាប់ និងបញ្ជៀសបាននូវការរំលោភបំពានពលកម្ម និងមានការការពារស្របទៅតាមច្បាប់ជូនពួកគេ នៅក្នុងប្រទេសថៃ»។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីឆ្នាំ ២០២២ បង្ហាញថា ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងបម្រើការងារនៅក្នុងប្រទេសថៃមានចំនួន ១,២លាននាក់ លើផ្នែកសំណង់ កសិកម្ម បេះផ្លែឈើ និងឧស្សាហកម្មជាដើម៕

website_news/2023060403.txt · Last modified: 2023/04/06 09:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki