website_news:2023060404

ទូតអង់គ្លេសសរសើរកម្ពុជា ខិតខំប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ រហូតដកចេញពីបញ្ជីប្រផេះ

https://btv.com.kh/article/21945 2023/04/05 03:12:06 pm

ភ្នំពេញ៖ ឯកឧត្តម Dominic William ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលបានខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង នឹងការសម្អាតប្រាក់ រហូត ត្រូវបាន ដកចេញពីបញ្ជីប្រផេះ នៃប្រទេសមានហានិភ័យក្នុងការសម្អាតប្រាក់ ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងជំនួប និង ពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ នាវិមានសន្តិភាព ។

ឯកឧត្តមអគ្គរដ្ឋទូត លើកឡើងថា ប្រទេសកម្ពុជាចូលរួមជាមួយ ប្រទេសជាសមាជិកអាស៊ាន ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈការអនុវត្តនូវយន្តការផ្សេងៗ ជាពិសេសពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស ហើយសមិទ្ធផលទាំងនេះ ក៏ជាការបង្ហាញអំពីការប្ដេជ្ញាចិត្ត និងឆន្ទៈរបស់អង់គ្លេស ក្នុងការរួមចំណែករក្សានូវសន្តិសុខល្អនៅក្នុងតំបន់ ។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម មានប្រសាសន៍ថា ទោះកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះ នៃប្រទេសមានហានិភ័យក្នុងការសម្អាតប្រាក់ ប៉ុន្តែកម្ពុជានៅបន្តខិតខំលើការងារនេះបន្ថែមទៀត និងបន្តដោះស្រាយបញ្ហានានា ដែលនៅសេសសល់ ពាក់ព័ន្ធទៅនឹងការងាររៀបចំការសម្អាតប្រាក់ ។ សម្ដេចបន្ថែមថា ចំពោះការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនក៏ដូចគ្នា គឺរាជរដ្ឋាភិបាលកម្ពុជា មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេស គឺបទល្មើសពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស និងគ្រឿងញៀនខុសច្បាប់ ដែលបញ្ហានេះ គឺជាបញ្ហាមួយមានភាពស្មុគស្មាញ ហើយកម្ពុជាត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាធំៗទាំងនេះ ។

សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ថា ការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស បទល្មើសប្រឆាំងការជួញដូរមនុស្ស កម្ពុជាតែឯងមិនអាចធ្វើបាននោះទេ គឺទាមទារចាំបាច់ នៃកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតតំបន់ និងសកលលោក ដើម្បីរួមសហការគ្នាធ្វើការស្រាវជ្រាវផ្តន្ទាទោស ដល់អ្នកពាក់ព័ន្ធក៏ដូចជាមេក្លោង ក្នុងបទល្មើសទាំងនេះ ដែលមានវត្តមានក្នុងប្រទេសរបស់ខ្លួន ។ ជាមួយនេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានបំណងឲ្យមានកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែខ្លាំងក្លាថែមទៀត ក៏ដូចជាស្នើឲ្យមានការចែករំលែកបទពិសោធ នៃការអនុវត្តល្អៗរបស់ចក្រភពអង់គ្លេស ក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពកងកម្លាំងអនុវត្តច្បាប់ របស់កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត នៅក្នុងការងារប្រយុទ្ធប្រឆាំងទៅឧក្រិដ្ឋកម្មឆ្លងដែន ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជា ត្រូវបានអង្គការឃ្លាំមើលអំពើលាងលុយកខ្វក់លើពិភពលោក (FATF) មានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង បានដកកម្ពុជាចេញពីបញ្ជីប្រផេះ នៃប្រទេសលាងលុយកខ្វក់ ៕ អត្ថបទ បាន សុខរិទ្ធិ

website_news/2023060404.txt · Last modified: 2023/04/06 09:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki