website_news:2023060602

អ្នកសុំទានខ្មែរចំណាកស្រុកខុសច្បាប់ ត្រូវចាប់ខ្លួននៅប៉ាតាយ៉ា

https://www.khmertimeskh.com/501301386//?p=1301386 June 3, 2023

មន្ត្រីនគរបាលជាង ៥០នាក់មកពីប៉ុស្តិ៍ Banglamung និង Pattaya បានរួមសហគ្នាដើម្បីបំបែកក្រុមក្មេងទំនើងដែលពាក់ព័ន្ធនឹងសកម្មភាពសុំទាននិងល្បែងស៊ីសងខុសច្បាប់។ ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ឧសភា ។ ជាដំបូង អាជ្ញាធរបានមានគោលដៅលើផ្ទះមួយខ្នងដែលមានទីតាំងស្ថិតនៅសង្កាត់ Sukhumvit Soi 7និងក្នុងសង្កាត់រង Nongprue។ នៅពេលនគរបាលបានចូលទៅដល់ គេបានឃើញផ្ទះពីរខ្នងប្រក់ដំបូលស័ង្កសីដែលមានរបងបិទជិត។ នៅពេលចូលដល់ក្នុងផ្ទះភ្លាម គេបានប្រទះនឹងស្ត្រីខ្មែរម្នាក់ដែលត្រូវនឹងការប្រកាសស្វែងរកចាប់ខ្លួន។ ភ្លាមៗនោះ មន្ត្រីនគរបាលបានបង្ហាញដីកាចាប់ខ្លួន និងផ្តល់រូបថតមួយសន្លឹក ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់គាត់។ នៅក្នុងផ្ទះទីមួយ ពួកគេក៏បានប្រទះឃើញកូនក្មេងចំនួនប្រាំនាក់ផងដែរ ដែលមានអាយុចន្លោះពី១ ទៅ ៨ឆ្នាំ។

ចំណែកផ្ទះទី២ មន្ត្រីក៏ប្រទះឃើញបុរសជនជាតិខ្មែរម្នាក់ និងស្ត្រីម្នាក់ និងកូន២នាក់ ។ ពុំមានឯកសារបញ្ជាក់អត្តសញ្ញាណផ្ទាល់ខ្លួនណាមួយ ត្រូវបានគេរកឃើញក្នុងពេលឆែកឆេរនោះទេ ទើបសមត្ថកិច្ចនាំខ្លួនជនទាំងអស់ទៅកាន់ប៉ុស្តិ៍នគរបាលBanglamung។ នៅទីតាំងទី២ ផ្ទះមួយកន្លែងឈ្មោះ Pornpimol ស្ថិតក្នុងសង្កាត់Soi Naklua 14 អាជ្ញាធរបានរកឃើញចំណុចគួរឱ្យកត់សម្គាល់ផ្សេងទៀត ។ ពួកគេបានរកឃើញមនុស្សពេញវ័យខ្មែរមួយក្រុមរួមនឹងកុមារចំនួន ១១ នាក់អាយុទើបកើតដល់អាយុ ៨ ឆ្នាំ រស់នៅជាមួយគ្នា។ ក្នុងចំណោមការរកឃើញរបស់ពួកគេ មានវត្ថុដែលជាធម្មតាទាក់ទងនឹងការសុំទានដូចជា ផ្តិល និងកាក់។ គេមិនបានរកឃើញឯកសារអត្តសញ្ញាណផ្ទាល់ខ្លួននៅទីតាំងនេះទេ។

ក្រោយពីបង្ហាញដីកាចាប់ខ្លួនសមត្ថកិច្ចបាននាំខ្លួនមនុស្សប្រុស២នាក់ ស្រី៣នាក់ទៅឃុំខ្លួន។ បុគ្គលម្នាក់បានប្រាប់អត្តសញ្ញាណខ្លួនឯងត្រឹមតែឈ្មោះ អូ អាយុ ២៧ ឆ្នាំ បានអះអាងថាធ្វើការនៅសណ្ឋាគារមួយដែលមិនទាមទារឯកសារអ្វីឡើយ។ គាត់ក៏បានសារភាពថា បុគ្គលមួយចំនួនមកពីក្រុមសុំទានបានចូលរួមលេងល្បែងបៀរក្នុងគោលបំណងកម្សាន្ត ដោយភ្នាល់លុយដែលពួកគេរកបានពីការសុំទាន។ ការស៊ើបអង្កេតបឋមបានបង្ហាញថា ក្រុមអ្នកសុំទានទាំងនេះបានចូលទីក្រុងដោយខុសច្បាប់ ដោយប្រើមធ្យោបាយផ្សេងៗ និងដាក់គោលដៅលើកុមារនៅតំបន់ដែលមានអ្នកទេសចរធ្វើដំណើរច្រើនដើម្បីសុំប្រាក់ ឬសុំការអាណិតអាសូរពីអ្នកស្រុក និងអ្នកទេសចរ។ ប្រាក់ចំណូលប្រចាំថ្ងៃរបស់ពួកគេមានចាប់ពី ៣០០ ទៅ ១,០០០បាត។

ដើម្បីដោះស្រាយស្ថានការណ៍នេះ មន្ត្រីបានសហការជាមួយការិយាល័យអភិវឌ្ឍន៍សង្គម និងសន្តិសុខប្រជាជនខេត្តឈុនបុរី និងមណ្ឌលកុមារខេត្ត ដើម្បីធ្វើការពិនិត្យបុគ្គល កត់ត្រាប្រវត្តិផ្ទាល់ខ្លួន និងស៊ើបអង្កេតបណ្តាញ និងទំនាក់ទំនងក្នុងចំណោមមនុស្សពេញវ័យដែលអះអាងថាជាឪពុកម្តាយរបស់កុមារទាំងនោះ។ ក្នុងករណីមិនមានទំនាក់ទំនងស្របច្បាប់ណាមួយទេ អាជ្ញាធរគ្រោងនឹងបន្តការចោទប្រកាន់ពីបទជួញដូរមនុស្ស។ ការស៊ើបអង្កេតបន្ថែមទៀតនឹងត្រូវបានអនុវត្តដើម្បីប្រមូលភស្តុតាងសម្រាប់ការចោទប្រកាន់បន្ថែម។ Pattaya Mail

website_news/2023060602.txt · Last modified: 2023/06/06 12:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki