website_news:2023060603

សម្តេចតេជោ ហ៊ុន សែន ៖ នយោបាយរបស់អ្នកជាប់ឆ្នោតថ្មី របស់ប្រទេសថៃមួយរូប មិនទាន់នឹងបានធ្វើជានាយករដ្ឋមន្រ្តីថៃផង បែរជាចេញសារគំរាមបណ្តេញពលករខ្មែរ ពលករឡាវ និងពលករមីយ៉ាន់ម៉ា ចេញពីប្រទេសខ្លួន

https://cen.com.kh/archives/665411.html Posted ByPen Srey NeatJune 3, 2023

កណ្ដាល៖ នៅថ្ងៃសៅរ៍នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នយោបាយរបស់អ្នកជាប់ឆ្នោតថ្មីរបស់ប្រទេសថៃមួយរូប មិនទាន់នឹងបានធ្វើជានាយករដ្ឋមន្រ្តីថៃផង បែរជាចេញសារគំរាមបណ្តេញពលករខ្មែរ ពលករឡាវ និងពលករមីយ៉ាន់ម៉ា ចេញពីប្រទេសខ្លួនទៅហើយ ខណៈនយោបាយបែបនេះ អាចនឹងធ្វើឲ្យរោងចក្រ សហគ្រាសរបស់ថៃមួយចំនួនដួលរលំផងដែរ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតសរុបជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសនានានៅខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្មលើគោលនយោបាយរបស់ប្រធានគណបក្សឈ្នះឆ្នោតនៅប្រទេសថៃ ដែលចង់បណ្ដេញពលករខ្មែរ និងពលករឡាវចេញពីប្រទេសថៃ ដោយសម្ដេចបានផ្តាំទៅអ្នកនយោបាយទាំងនោះសូមមើលឱ្យឆ្ងាយពីប្រទេសថៃ ព្រោះការបណ្តេញពលករបរទេសចេញនេះ នឹងប៉ះពាល់ដល់ច្រវាក់ផលិតកម្មរបស់ថៃខ្លួនឯងទៅវិញទេ។ សម្ដេចតេជោបានថ្លែងថា មិនទាន់បានអីផង អ្នកនយោបាយនៅប្រទេសថៃបានគំរាមបណ្ដេញចេញនូវពលករខ្មែរ និងពលករឡាវទៅហើយ។ ខ្ញុំមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ្នកទេ ខ្ញុំគ្រាន់តែសង្ឃឹមថាអ្នកនឹងមើលឱ្យឆ្ងាយទៅហួសពីប្រទេសថៃ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដាំទៅក្រុមអ្នកនយោបាយឈ្នះឆ្នោត នៅប្រទេសថៃថា នយោបាយបណ្ដេញពលករបរទេសចេញនេះ អាចនឹងបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចថៃ មិនគ្រាន់តែគ្រោះថ្នាក់ដល់ជីវភាពពលករខ្មែរ និងពលករឡាវប៉ុណ្ណោះទេ តែនឹងធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្ម នៅតាមសហគ្រាសក្នុងប្រទេសថៃ ដែលកំពុងត្រូវការកម្លាំងពលកម្មជាចាំបាច់។ នយោបាយនេះប្រហែលជាមិនទទួលបានការគាំទ្រពីប្រទេសជិតខាង ដូចជា ប្រទេសឡាវ មីយ៉ាន់ម៉ា ក៏ដូចជាកម្ពុជានោះទេ។ អ្នកនយោបាយថៃគួរតែប្រុងប្រយ័ត្នចំពោះការដាក់ចេញ និងអនុវត្តនយោបាយរបស់ខ្លួននេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធដទៃទៀត ត្រូវបង្កើនការយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាប្រឈមនានា របស់ពលករខ្មែរនៅប្រទេសថៃ ដោយសម្ដេចតេជោក៏បានរំឭកពីអនុសាសន៍ទី១០ ក្នុងចំណោមអនុសាសន៍គោលទាំង១០ចំណុច ដែលមានការពាក់ព័ន្ធនឹងពលករខ្មែរនៅក្រៅប្រទេស៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

website_news/2023060603.txt · Last modified: 2023/06/06 12:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki