website_news:2023060701

ពលករទូទៅក្នុងខេត្តកោះកុង ជាង ៦០ នាក់ បានយល់ដឹងអំពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព

https://www.postkhmer.com/national/2023-07-03-1657-251958.html ជា សុខនី | Publication date 03 July 2023 | 16:57 ICT

ភ្នំពេញៈ មណ្ឌលធនធានពលករទេសន្តរប្រវេសន៍ ប្រចាំខេត្តកោះកុង បានរៀបចំវេទិកា ស្តីពី ការធ្វើទេសន្តរប្រវេសន៍ការងារប្រកបដោយសុវត្ថិភាព និងសិទ្ធិការងារ ទៅដល់ពលករជាង ៦០ នាក់ ដើម្បីឱ្យពួកគាត់បានយល់ដឹងពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព។

វេទិកានេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២ ខែកក្កដា នៅមណ្ឌលធនធានពលករទេសន្តរប្រវេសន៍ ប្រចាំខេត្តកោះកុង ដោយមានពលករចូលរួមសរុប ៦៦នាក់ ក្នុងគោលបំណង ផ្តល់ព័ត៌មានអំពីសេវាកម្មប្រឹក្សាយោបល់ ជំនួយផ្នែកច្បាប់ និងសិទ្ធិការងារ សម្រាប់ការធ្វើទេសន្តរប្រវេសន៍ការងារ ប្រកបដោយសុវត្ថិភាព សម្រាប់ពលករទូទៅ និងជាពិសេសពលករធ្វើការងារក្នុងវិស័យនេសាទ និងកែច្នៃអាហារសមុទ្រនៅក្រៅប្រទេស។នេះបើយោងតាមសហភាពការងារកម្ពុជា (CLC)។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣ ខែកក្កដា ថា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) សហភាពការងារកម្ពុជា បានរៀបចំផ្ដល់វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ការធ្វើទេសន្តរប្រវេសន៍ការងារ ប្រកបដោយសុវត្ថិភាព និងសិទ្ធិការងារ ទៅដល់ពលករទូទៅក្នុងខេត្តនេះ។ លោកបានថ្លែងថា៖ «ការបណ្តុះបណ្តាលនេះ គឺដើម្បីឱ្យពួកគាត់យល់ដឹងអំពីច្បាប់ និងបទដ្ឋានផ្សេងៗមុនពេលចេញដំណើរទៅធ្វើចំណាកស្រុក ឬក៏ពួកគាត់បានចេញដំណើររួចហើយទៅចំណាកស្រុកនៅប្រទេសថៃ ដូច្នេះពួកគាត់នឹងបានយល់ដឹងពីរបៀបថាត្រូវរៀបចំ និងដោះស្រាយបញ្ហាជីវិតយ៉ាងណាខ្លះនៅពេលដែលពួកគាត់កំពុងរស់នៅទីនោះ»។ ទន្ទឹមនឹងការផ្ដល់វគ្គបណ្ដុះបណ្ដាលនេះ មណ្ឌលធនធានពលករទេសន្តរប្រវេសន៍ប្រចាំខេត្តកោះកុង ក៏បានចុះធ្វើការផ្សព្វផ្សាយបន្ថែមទៀតពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពនៅតាមបណ្ដារោងចក្រ សហគ្រាស និងតាមសហគមន៍មូលដ្ឋានដែលមានកម្មករ និងពលករកំពុងតែរស់នៅ។

លោក អាត់ ធន់ ថា៖ «ក្រៅពីការបណ្ដុះបណ្ដាល និងផ្សព្វផ្សាយរួចហើយ យើងក៏បានផ្ដល់នូវការប្រឹក្សាផ្នែកច្បាប់ សម្រាប់ពលករ ដែលចង់ទៅធ្វើចំណាកស្រុក ហើយគាត់មិនមានព័ត៌មាន ឬបញ្ហាអីផ្សេងៗ គាត់អាចទាក់ទងមកយើងបាន ហើយយើងក៏នឹងជួយនូវបច្ចេកទេស ជំនាញដល់ពួកគាត់ ក្នុងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពផងដែរ»។ លោក ថ្លែងថា មណ្ឌលធនធានពលករទេសន្តរប្រវេសន៍ ប្រចាំខេត្តកោះកុង ក៏បានត្រៀមខ្លួនក្នុងការទទួលយកបណ្ដឹងផ្សេងៗពីពលករទូទៅ បើទោះបីបញ្ហាទាំងនោះកើតឡើងនៅក្នុងប្រទេសកម្ពុជា ឬប្រទេសថៃក៏ដោយ។ លោកបានបន្ថែមថា មន្ត្រីលោកនឹងជួយពលករទូទៅទាំងនោះឱ្យចេញទៅធ្វើការដោយសុវត្ថិភាព និងទទួលបានការងារធ្វើ ពិសេសប្រសិនជាពួកគាត់ជួបប្រទះនឹងបញ្ហាប្រឈម ឬផលប៉ះពាល់អ្វីមួយ មណ្ឌលធនធានពលករនឹងផ្ដល់សេវាជួយដោយឥតគិតថ្លៃ។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង មិនអាចទាក់ទងបានទេកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២៣។

កាលពីដើមខែឧសភាកន្លងទៅនេះ ក្រោមគម្រោង Ship to Shore Rights South-East Asia ផ្នែកទេសន្តរប្រវេសន៍ការងារ ដោយផ្តោតលើផ្នែកនេសាទ និងការកែច្នៃអាហារសមុទ្រ អង្គការ ILO សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការជំនួយផ្នែកច្បាប់សម្រាប់កុមារ និងស្ត្រី ក៏បានផ្ដល់វគ្គបណ្ដុះបណ្ដាលផងដែរ។ វគ្គបណ្តុះបណ្តាលនោះ ផ្តោតលើ២យន្តការដោះស្រាយបណ្ដឹងពលករចំណាកស្រុក ដោយផ្ដោតលើវិស័យនេសាទ និងវិស័យកែច្នៃអាហារ សមុទ្រទៅដល់មន្ត្រីរដ្ឋាភិបាល សហជីព និងអង្គការសង្គមស៊ីវិល ក្នុងខេត្តចំនួន៣រួមមាន ខេត្តពោធិ៍សាត់ កោះកុង និងខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ដែរថា យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ បានបង្ហាញថា មានជន ចំណាកស្រុកខ្មែរជាង ១,១ លាននាក់ ដែលកំពុងធ្វើការនៅក្រៅប្រទេស ហើយរាប់ពាន់នាក់ទៀត ត្រូវបានធ្វើការមិនច្បាស់លាស់ដោយស្ថានភាពមិនស្របច្បាប់។ ភាគច្រើននៃពលករចំណាកស្រុកទាំងនេះ ត្រូវបានជួលក្នុងការងារសំខាន់ៗ រួមទាំងក្នុងវិស័យនេសាទ និងវិស័យកែច្នៃអាហារសមុទ្រ។ ប៉ុន្តែទោះបីជាការងារក្នុងវិស័យទាំង២ នេះ បានផ្ដល់សក្ដានុពលសេដ្ឋកិច្ចខ្ពស់ សម្រាប់ពលករក៏ដោយ ក៏ត្រូវបានរកឃើញថា ពលករចំណាកស្រុកកម្ពុជាមួយចំនួនធំ បានជួបប្រទះនឹងការរំលោភបំពានលើសិទ្ធិការងារ៕

website_news/2023060701.txt · Last modified: 2023/07/06 09:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki