website_news:2023060902

ឧបនាយករដ្ឋមន្ដ្រី ស សុខា ៖ អាណត្តិទី៧នេះ ក្រសួងយកចិត្តទុកដាក់លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសផ្សេងៗ

https://dap-news.com/national/2023/09/05/356295/ BySKK106Posted on September 5, 2023 9:31 am

ភ្នំពេញ ៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងអាណត្តិទី៧នេះ ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ទៅលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពង្រឹងសមត្ថភាពចរាចរណ៍ ការទប់ស្កាត់នូវអំពើចោរកម្ម និងបទល្មើសផ្សេងៗទៀត។ នាឱកាសអនុញ្ញាតឲ្យលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃ៤ កញ្ញា លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានប្រាប់ឯកអគ្គរាជទូតជប៉ុន នូវការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ លោកឧបនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «កិច្ចការសំខាន់ដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃផ្តោតការយកចិត្តទុកដាក់ សម្រាប់អាណត្តិទី៧នេះ រួមមាន៖

ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការពង្រឹងនូវសមត្ថភាពចរាចរណ៍ ការទប់ស្កាត់នូវអំពើចោរកម្ម និងអំពើល្មើសផ្សេងៗ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ ក៏ដូចជា ការខិតខំពង្រឹងការគ្រប់គ្រងសុវត្ថិភាព និងការពារតាមព្រំដែនផងដែរ»។

ជាការឆ្លើយតប លោកឯកអគ្គរាជទូតជប៉ុនថា រដ្ឋាភិបាលជប៉ុន ក៏បានផ្តោតការយកចិត្តទុកដាក់ចំពោះយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាផ្សារភ្ជាប់អ្វីដែលជាការគាំទ្រពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុន មកលើយុទ្ធសាស្ត្រ និងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកអគ្គរាជទូតជប៉ុនបន្តថា កិច្ចការដែលក្រសួងមហាផ្ទៃបានផ្តោត ក៏ស្របទៅនឹងកិច្ចការសមត្ថកិច្ចរបស់នគរបាលជប៉ុន ។ កិច្ចការនេះ នឹងចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ក្នុងជំនួបនេះដែរ បណ្ឌិត ស សុខា និងឯកអគ្គរាជទូតជប៉ុន ក៏បានពិភាក្សា ព្រមទាំងផ្លាស់ប្តូរយោបល់លើកិច្ចការងារមួយចំនួនទៀត រួមមាន៖ ការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ការលើកម្ពស់ការផ្តល់សេវាក្នុងពន្ធនាគារ ព្រមទាំងជំរុញនិងអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃស្របតាមបរិបទ នៃការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល៕

website_news/2023060902.txt · Last modified: 2023/09/06 09:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki