website_news:2023060903

រដ្ឋមន្ត្រីមហាផ្ទៃណែនាំឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ស្រាក់ដៃគ្នាធ្វើការ ខណៈក្រសួងដាក់ចេញទិសដៅ ៦ ចំណុច

https://www.postkhmer.com/national/2023-09-05-1040-254195.html បូរ ពេជ្យហ្សាលីន | Publication date 05 September 2023 | 10:40 ICT

ភ្នំពេញៈ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានជំរុញឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវស្រាក់ដៃគ្នាធ្វើការ ដើម្បីសម្រេចឱ្យបានទិសដៅចម្បងៗរបស់ក្រសួង ក្នុងការបម្រើការពារប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត។ លោកបានថ្លែងបែបនេះ ក្នុងពិធីសំណេះ សំណាលជាមួយថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ នៅថ្ងៃទី ៤ ខែកញ្ញា នាក្រសួងមហាផ្ទៃ។

តាមរយៈហ្វេសប៊ុកក្រសួងមហាផ្ទៃលោក ស សុខា បានលើកឡើងដោយដាក់ទិសដៅ ចម្បងៗ ៦ ចំណុច ដែលទាមទារឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវតែធ្វើឱ្យសម្រេចបាន ដែលក្នុងនោះរួមមាន៖ បញ្ហាគ្រឿងញៀន, បញ្ហាចរាចរណ៍, បញ្ហាចោរកម្ម និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ, បញ្ហាក្រុមក្មេងទំនើង, បញ្ហាជួញដូរមនុស្សគ្រប់ប្រភេទ និងបញ្ហាតាមបណ្ដោយព្រំដែនទាំងគោកនិងទឹក។

លោកថ្លែងថា៖ «ដើម្បីបន្ដបម្រើការពារប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត ដោយត្រូវផ្ដោតសំខាន់លើការងារបម្រើប្រជាពលរដ្ឋ រួមគ្នាបន្ដខិតខំប្រឹងប្រែងពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងប្រកាន់ខ្ជាប់នូវវិន័យ ឥរិយាបថទន់ភ្លន់ ធ្វើយ៉ាងណាទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសនានាដែលកើតឡើងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត»។

លោក ស សុខា លើកឡើងថា៖ «ខ្ញុំសូមបញ្ជាក់ជូនដោយស្មោះថា ខ្ញុំមកទីនេះ ពុំមែនមកដើម្បីដាក់សម្ពាធណាមួយលើមន្ត្រីទាំងផ្នែកស៊ីវិល នគរបាល និងពន្ធនាគារនោះទេ។ វត្តមានរបស់ខ្ញុំ ដើម្បីរួមគ្នាជាមួយមន្ត្រីទាំងអស់ ក្នុងទិសដៅជិះទូកតែមួយ ធ្វើឱ្យក្រសួងមហាផ្ទៃ កាន់តែមានកិត្យានុភាព រីកចម្រើន រឹងមាំ បានជាឧត្ដមប្រយោជន៍ជូនប្រជាពលរដ្ឋ»។

ទាក់ទងនឹងការណែនាំរបស់រដ្ឋមន្ត្រីមហាផ្ទៃ លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានថ្លែងនៅថ្ងៃទី ៤ ខែកញ្ញាថា កន្លងមករដ្ឋបាលឃុំឆ្នុកទ្រូ តែងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមទិសដៅរបស់រាជរដ្ឋាភិបាលនានាដែលបានដាក់ចេញ។ជាក់ស្តែង កន្លងមករដ្ឋបាលឃុំ តែងតែសហការទប់ស្កាត់រាល់បទល្មើសនានា ពិសេសបទល្មើសគ្រឿងញៀនសំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។

ជុំវិញរឿងនេះដែរ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូបានថ្លែងថា ការប្រកាសដាក់ចេញទិសដៅណែនាំទាំងនោះ គឺជារឿងមួយល្អ ប៉ុន្តែលោកចង់ឱ្យបង្កើនការយកចិត្តទុកដាក់បន្ថែមលើការពង្រឹង និងទប់ស្កាត់បទល្មើសឆ្លងដែននានា ការពង្រឹងភូមិ ឃុំ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពបន្ថែមទៀត។ លោកថា៖ «អ្វីដែលជាកិច្ចការសំខាន់នោះ គឺផ្តើមចេញពីឆន្ទៈរបស់មន្ត្រីដែលអនុវត្តផ្ទាល់ ថាគាត់ចង់អនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពឬអត់ ហើយខ្ញុំក៏សូមឱ្យមានកិច្ចសហការផ្ទៃក្នុងឱ្យបានល្អ…ពិសេសខ្ញុំសូមឱ្យលុបបំបាត់អំពើពុករលួយឱ្យបាន ទើបអាចធ្វើឱ្យទិសដៅទាំងនេះ មានប្រសិទ្ធភាពទៅបាន»៕

website_news/2023060903.txt · Last modified: 2023/09/06 09:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki