website_news:2023060905

និស្សិតជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជា ជួយសង្គ្រោះ ក្រោយចាញ់ឧបាយកលជនឆបោកឆ្លងប្រទេស

https://freshnewsasia.com/index.php/en/localnews/309172-2023-09-05-11-54-38.html 2023-09-05 06:54pm

(ភ្នំពេញ)៖ យុវជនជានិស្សិតជនជាតិចិន បន្តការសិក្សានៅប្រទេសសិង្ហបុរីម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃនាយកដ្ឋានចារកម្ម ក្រសួងមហាផ្ទៃ សហការជាមួយមន្ត្រីស្ថានទូតចិនប្រចាំកម្ពុជា ជួយសង្គ្រោះបន្ទាប់ពីរូបគេ បានលង់ជឿក្នុងឧបាយកលរបស់ក្រុមជនទុច្ចរិត ដែលបានបន្លំជាសមត្ថកិច្ចសិង្ហបុរី និងរដ្ឋអាជ្ញា លួងលោមឱ្យជនរងគ្រោះត្រាប់សកម្មភាពជាអ្នករងគ្រោះក្នុងអំពើចាប់ជំរិត រួចបញ្ចូនវីឌីអូរឃ្លីបទៅអាណាព្យាបាល ដើម្បីគំរាមទារប្រាក់ ចំនួន៧១ម៉ឺនដុល្លារ។

ជនរងគ្រោះ ជានិសិ្សតជនជាតិចិន កំពុងបន្តការសិក្សាបរិញ្ញាបត្រ ផ្នែកទីផ្សារភាគហ៊ុន ឆ្នាំទី១ នៅសកលវិទ្យាល័យគ្រប់គ្រង ប្រទេសសិង្ហបុរី។ ផ្អែកតាមការរៀបរាប់របស់ជនរងគ្រោះ ក្នុងសន្និសិទសារព័ត៌មាន កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ដែលសមត្ថកិច្ចកម្ពុជា អនុញ្ញាតឱ្យរូបគេ ធ្វើការរៀបរាប់ដំណើររឿងបានឱ្យដឹងថា កាលពីថ្ងៃទី០៣ សីហា ឆ្នាំ២០២៣ មានជនបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានទាក់ទងទូរស័ព្ទទៅរូបខ្លួន ដោយអះអាងថា រូបគេជានគរបាលអន្តោប្រវេសន៍របស់ប្រទេសសិង្ហបុរី ក្នុងការសន្ទនាគ្នាជាភាសាចិន ដោយប្រាប់ថា ជនរងគ្រោះមានជាប់ពាក់ព័ន្ធនឹងអំពើឆបោកជាច្រើនករណី។

ជនដដែលដែលតាំងខ្លួនជាមន្ត្រីសមត្ថកិច្ចនោះ បានប្រើវិធីសាស្ត្រនិយាយបំភ័យឱ្យជនរងគ្រោះ ធ្វើការទំនាក់ទំនងបន្តទៅកាន់បក្ខពួករបស់គេ០៣នាក់បន្ថែមទៀត ដោយអ្នកទាំងនោះសុទ្ធតែអះអាងថា ជាសមត្ថកិច្ច និងជារដ្ឋអាជ្ញាជាដើម។ បន្ទាប់មក ជនរងគ្រោះក៏បានទាក់ទងទៅពួកគេជាបន្តបន្ទាប់ ហើយក៏ត្រូវបានក្រុមទាំងនោះ ក៏បានណែនាំតម្រូវឱ្យជនរងគ្រោះធ្វើជា វីឌីអូរឃ្លីបខ្លីៗ បញ្ចូនទៅឱ្យពួកគេ ដើម្បីជាលុបលាងកំហុស និងសបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន ដោយការធ្វើវីឌីអូរនេះ គឺតម្រូវឱ្យជនរងគ្រោះចាកចេញពីប្រទេសសិង្ហបុរី ធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា។

ប្រភពបន្តថា ក្រុមជនឆបោកខាងលើ បានប្រើពាក្យបំផិតបំភ័យផង លួងលោមផង រហូតជនរងគ្រោះមានការភ័យខ្លាចនឹងការជាប់ទោសទណ្ឌ ក៏បានធ្វើតាមការណែនាំរបស់ក្រុមជនសង្ស័យ ដោយជនរងគ្រោះបានធ្វើដំណើរ មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែសីហា តាមការណែនាំរបស់ពួកគេ ដើម្បីរកបន្ទប់សណ្ឋាគារមួយស្នាក់នៅបណ្តោះអាសន្ន ហើយថតជាឃ្លីបវីឌីអូរខ្លីៗជាច្រើនឃ្លីប ដោយដើរតួជាអ្នកកំពុងរងគ្រោះក្នុងអំពើចាប់ជំរិត រួចបញ្ចូនវីឌីអូរ ទៅកាន់ក្រុមជនសង្ស័យ។

ក្រោយទទួលបានឃ្លីបវីឌីអូរជាច្រើនពីជនរងគ្រោះរួចមក ក្រុមជនសង្ស័យបានបញ្ជូនឌីអូរទាំងនោះ បន្តទៅកាន់ឪពុកម្តាយរបស់ជនរងគ្រោះ (ស្នាក់នៅប្រទេសចិន) ដោយគំរាមទារប្រាក់ចំនួន៧១ម៉ឺនដុល្លារ ប៉ុន្តែត្រូវបានឪពុកម្តាយ ជនរងគ្រោះផ្ញើរឱ្យបានតែ៥ពាន់ដុល្លារ ហើយក៏បានប្តឹងទៅកាន់សមត្ថកិច្ចប្រទេសសិង្ហបុរី និងស្ថានទូតចិន ដើម្បីសុំកិច្ចអន្តរាគមន៍។

ក្រោយទទួលបណ្តឹងរួចមក សមត្ថកិច្ច នៃប្រទេសសិង្ហបុរី បានស្រាវជ្រាវ និងពិនិត្យទៅ ឃើញថា ជនរងគ្រោះបានធ្វើដំណើរចូលមកកម្ពុជា ទើបឪពុកម្តាយរបស់ជនរងគ្រោះ និងមន្ត្រីស្ថានទូតចិន បានសហការគ្នាជាមួយ នគរបាលកម្ពុជា បើកការស្រាវជ្រាវ រហូតតាមរកជនរងគ្រោះឃើញ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅក្នុងផ្សារទំនើបអ៉ីអន២ ក្នុងខណ្ឌសែនសុខ គ្រាដែលជនរងគ្រោះដើរថតពីសកម្មភាពរបស់ខ្លួន ដើម្បីរាយការណ៍បន្តទៅក្រុមជនសង្ស័យ។

តាមការបញ្ជាក់របស់ជនរងគ្រោះ បានឱ្យដឹងបន្ថែមថា ក្រុមជនសង្ស័យមានជំនាញណាស់ ពិសេសមានទិចនិច និងចិត្តសាស្ត្រខ្ពស់ក្នុងការនិយាយលួងលោមបំភិតបភ័យ រហូតរូបគេបាត់បង់ភាពម្ចាស់ការលើខ្លួនឯង ព្រមជឿជាក់នឹងសម្តីរបស់ក្រុមនេះ រហូតព្រមធ្វើតាមគ្រប់យ៉ាងដូចដែលពួកគេបានប្រាប់ ដោយមិនបានប្តឹងសមត្ថកិច្ច នៃប្រទេសសិង្ហបុរីជាមុនសិន ពិសេសនោះ ក៏មិនបានពិភាក្សាជាមួយឪពុកម្តាយទៅទៀត។ យ៉ាងណាមិញ បច្ចុប្បន្ន ជនរងគ្រោះត្រូវបានសមត្ថកិច្ចកម្ពុជាបំពេញសំណុំបែបបទ អនុញ្ញាតឱ្យត្រឡប់ទៅកាន់ប្រទេសកំណើតវិញហើយផងដែរ៕

website_news/2023060905.txt · Last modified: 2023/09/06 09:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki