website_news:2023061001

ជនរងគ្រោះឥណ្ឌូនេស៊ី២៨នាក់ត្រូវបានធ្វើមាតុភូមិនិវត្តន៍

https://www.khmertimeskh.com/501371419// តាំង រីនិត្យ / Khmer Times October 5, 2023

ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាកាលពីម្សិលមិញ បានធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្លួនចំនួន ២៨ នាក់ ដែលត្រូវបានជួយសង្គ្រោះពីប្រតិបត្តិការជួញដូរមនុស្សនៅកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរកម្ពុជា។

យោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយស្ថានទូតឥណ្ឌូនេស៊ី ពួកគេទាំងអស់បានធ្វើការនៅក្នុងក្រុមហ៊ុនបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណែត មុនពេលត្រូវបានជួយសង្គ្រោះដោយនគរបាលកម្ពុជា និងដាក់ក្រោមការត្រួតពិនិត្យដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា។ ដំណើរការធ្វើមាតុភូមិនិវត្តន៍សម្រាប់ជនជាតិឥណ្ឌូនេស៊ីទាំង ២៨ នាក់នេះ គឺជាដំណើរការដ៏យូរមួយក្នុងការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធក្នុងប្រទេសកម្ពុជា រួមមាន នគរបាលជាតិកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងសង្គមកិច្ច អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) និងបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM)។

ករណីនេះបានកើតឡើងនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៣ នៅពេល ដែលស្ថានទូតបានទទួលព័ត៌មានមួយទាក់ទងនឹងពលរដ្ឋឥណ្ឌូនេស៊ីមួយក្រុម ដែលត្រូវបានបង្ខំឱ្យធ្វើការបោកប្រាស់តាមប្រព័ន្ធអនឡាញ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គេបានលើកឡើងថា ពួកគេទាំងអស់ត្រូវបានគេជួញដូរដោយខុសច្បាប់ចូលប្រទេសកម្ពុជា។ នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣ បន្ទាប់ពីការស្វែងរកដ៏យូរ ដែលបង្កឡើងដោយការផ្លាស់ទីលំនៅឥតឈប់ឈររបស់ជនរងគ្រោះនគរបាលបានទទួលជោគជ័យក្នុងការស្វែងរកកន្លែងលាក់ខ្លួនរបស់ពួកគេ ហើយបានបន្តផ្ទេរពួកគេទាំងអស់ទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ២ ថ្ងៃក្រោយមក។

បន្ទាប់មក ពលរដ្ឋឥណ្ឌូនេស៊ីត្រូវបានសម្ភាសជាបន្តបន្ទាប់ដោយនគរបាល និង ក្រសួងសង្គមកិច្ច មុនពេលអាជ្ញាធរកម្ពុជាកំណត់អត្តសញ្ញាណពួកគេយ៉ាងទូលំទូលាយថាជាជនរងគ្រោះ នៃការជួញដូរមនុស្សនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣។ ស្ថានទូតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ «ពេញមួយដំណើរការ ស្ថានទូតបានផ្តល់ការសម្របសម្រួល និងការគាំទ្រសម្រាប់ពលរដ្ឋឥណ្ឌូនេស៊ីទាំងនេះ រួមទាំងការប្រឹក្សា ក៏ដូចជាអាហារ និងគ្រឿងបរិក្ខារនានា»។ សេចក្ដីថ្លែងការណ៍បន្តថា៖ «ដំណើរការនេះក៏មានការចូលរួមពីភ្នាក់ងារពាក់ព័ន្ធផ្សេងទៀតរបស់កម្ពុជា និងឥណ្ឌូនេស៊ី ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលផងដែរ ដូចជាអង្គការអន្តរជាតិសម្រាប់ជនចំណាក ស្រុក (IOM) និងបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM)»។

ក្រោយពីបានបញ្ជាក់ពីស្ថានភាពពលរដ្ឋឥណ្ឌូណេស៊ីទាំង ២៨ នាក់ ជាជនរងគ្រោះ នៃការជួញដូរមនុស្សនោះ ស្ថានទូតបានបន្តរៀបចំធ្វើមាតុភូមិនិវត្តន៍របស់ពួកគេទៅប្រទេសឥណ្ឌូនេស៊ី។ ករណីនេះនឹងត្រូវតាមដានបន្ថែមទៀត ដោយភ្នាក់ងារពាក់ព័ន្ធក្នុងប្រទេសឥណ្ឌូណេស៊ីដើម្បីធានាយ៉ាងពេញលេញថា ឧក្រិដ្ឋជន ដែលពាក់ព័ន្ធ ត្រូវបានកាត់ទោស និងករណីបន្ទាប់ត្រូវចៀសវាង។

ថ្លែងប្រាប់កាសែតខ្មែរថាមស៍ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ ឯកអគ្គរដ្ឋទូតរបស់ឥណ្ឌូណេស៊ីដែលទើបនឹងមកដល់កម្ពុជា លោក Santo Darmosumarto បានសម្តែងការជឿជាក់លើអាជ្ញាធរកម្ពុជាក្នុងប្រតិបត្តិការបង្ក្រាប និងជួយសង្គ្រោះទៅដល់ជនរងគ្រោះ។ លោកបានមានប្រសាសន៍ថា៖ «ជាពិសេសកាលពីឆ្នាំមុន ចំនួនជនជាតិឥណ្ឌូនេស៊ី ដែលមានបញ្ហាអន្តោប្រវេសន៍ ឬជាជនរងគ្រោះ នៃការជួញដូរមនុស្សបានកើនឡើង ប៉ុន្តែខ្ញុំគិតថា នេះកើតឡើងជាមួយនឹងការពិតដែលថាមានជនជាតិឥណ្ឌូនេស៊ីជាច្រើនរស់នៅក្នុងប្រទេសកម្ពុជា»។

លោកបានបន្តថា៖ «ប៉ុន្តែខ្ញុំក៏មានសេចក្តីសោមនស្សរីករាយផងដែរ ដែលកិច្ចសហប្រតិបត្តិការរបស់យើងជាមួយទីភ្នាក់ងាររដ្ឋាភិបាល ដែលពាក់ព័ន្ធគឺល្អណាស់ ហើយយើងបានគាំទ្រក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាថាប្រជាជនឥណ្ឌូនេស៊ីនៅតែមានសុវត្ថិភាព និងសិទ្ធិស្របច្បាប់របស់ពួកគេត្រូវបានការពារ។ ខ្ញុំប្រាកដថា រដ្ឋាភិបាលកម្ពុជាមានចេតនាបរិសុទ្ធបំផុតក្នុងការកែលម្អទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការរបស់យើង»។ មានជនជាតិឥណ្ឌូនេស៊ីជាង ១៥,០០០ នាក់ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ហើយលោក Darmosumarto បាននិយាយថា លោក និងក្រុមការងាររបស់លោកប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការការពារសុវត្ថិភាព និងសុខុមាលភាពរបស់បងប្អូនជនរួមជាតិរបស់ពួកគេ។

លោកថា៖ «ក្នុងនាមជាស្ថានទូតតូចមួយ យើងត្រូវខិតខំបន្ថែមទៀត ដើម្បីធានាថា ពលរដ្ឋឥណ្ឌូនេស៊ី នៅកម្ពុជា ទទួលបានការមើលថែ ហើយធ្វើការតាមវិធីដែលយើង និងរដ្ឋាភិបាលកម្ពុជា អាចបន្តសម្របសម្រួល និងធានាសុវត្ថិភាព និងសន្តិសុខរបស់ពលរដ្ឋឥណ្ឌូនេស៊ី នៅទីនេះ នៅតែជាអាទិភាពរបស់យើង»៕

website_news/2023061001.txt · Last modified: 2023/10/06 10:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki