website_news:2023061003

អង្គភាពប្រឆាំងឧក្រិដ្ឋកម្មមានការចាត់តាំងរបស់អង់គ្លេស សន្យាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ សំដៅបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ

https://freshnewsasia.com/index.php/en/localnews/312864-2023-10-05-13-47-37.html 2023-10-05 08:47pm

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ អញ្ជើញទទួលជួបលោក PETER VERNON មន្រ្តីទំនាក់ទំនងរបស់ទីភ្នាក់ជាតិ នៃចក្រភពអង់គ្លេស ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មមានការចាត់តាំង (NCA) ប្រចាំវៀតណាម កម្ពុជា ឡាវ និងប្រ៊ុយណេ និងលោក MARC THAYRE អនុប្រធានបេសកកម្ម នៃស្ថានទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា ព្រមទាំងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្តើម លោក PETER VERNON មន្រ្តីទំនាក់ទំនងរបស់ទីភ្នាក់ជាតិ នៃចក្រភពអង់គ្លេស ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មមានការចាត់តាំង (NCA) ប្រចាំវៀតណាម កម្ពុជា ឡាវ និងប្រ៊ុយណេ បានឧទ្ទេសនាមខ្លួនជូននាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបានសម្តែងនូវការចូលរួមអបអរសាទរចំពោះនាយឧត្តមសេនីយ៍ ដែលត្រូវបានតែងតាំងជា អគ្គស្នងការនគរបាលជាតិ និងបានស្នើសុំបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មមានការចាត់តាំង(NCA) ជាមួយនគរបាលជាតិកម្ពុជា ដែលមានពីមុនមកតាមរយៈយន្តការដែលមានស្រាប់។

ជាមួយគ្នានេះ លោក MARC THAYRE អនុប្រធានបេសកកម្ម នៃស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ក៏បានលើកឡើងពីការផ្តល់ជូននូវការបណ្តុះបណ្តាលដល់នគរបាលជាតិកម្ពុជា ពាក់ព័ន្ធភាសាអង់គ្លេស ក៏ដូចជាមុខជំនាញបច្ចេកវិទ្យា និងការប្រយុទ្ធប្រឆាំងបទល្មើសផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងបានថ្លែងអំណរគុណដល់នគរបាលជាតិកម្ពុជា ចំពោះកិច្ចអន្តរាគមន៍ជួយដល់ពលរដ្ឋអង់គ្លេសរស់នៅកម្ពុជាពេលជួបបញ្ហា។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានគាំទ្រ និងរីករាយស្វាគមន៍ក្នុងការបង្កើនកិច្ចសហការប្រតិបត្តិការបង្ការ បង្រ្កាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសឧក្រិដ្ឋឆ្លងដែន ជាមួយក្រុមការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មមានការចាត់តាំង (NCA) ក្នុងគោលបំណងថែរក្សាសន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ផងដែរ៕

website_news/2023061003.txt · Last modified: 2023/10/06 10:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki