website_news:2023061004

ក្រសួងមហាផ្ទៃនឹងមិនអាចលុប «បំបាត់ការយកប្រាក់ក្រៅផ្លូវការ» នៅច្រកព្រំដែនបានឡើយ

https://www.rfa.org/khmer/news/social-economy/due-to-systemic-corruption-the-ministry-of-interior-will-not-be-able-to-eliminate-informal-collection-of-money-at-border-crossings-say-analysts-10052023055109.html ដោយ សុជីវី2023.10.05

អ្នកវិភាគនយោបាយលើកឡើងថា ដរាបណាអំពើពុករលួយជាប្រព័ន្ធនៅតែបន្តកើតមាន នោះក្រសួងមហាផ្ទៃនឹងមិនអាចលុបបំបាត់ ការយកប្រាក់ក្រៅផ្លូវការពីប្រជាពលរដ្ឋធ្វើដំណើរចេញចូលតាមច្រកព្រំដែនបានឡើយ។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថា ដោយសារប្រជាពលរដ្ឋភាគច្រើនឆ្លងដែនទៅធ្វើការ នៅប្រទេសថៃដោយខុសច្បាប់ ដូច្នេះក្រសួងមហាផ្ទៃត្រូវមានដំណោះស្រាយជាប្រព័ន្ធទើបអាចដោះស្រាយបញ្ហាបង់ប្រាក់ក្រៅផ្លូវការនៅតាមច្រកព្រំដែនបានជោគជ័យ។អ្នកវិភាគនយោបាយអះអាងថា ក្រសួងមហាផ្ទៃនឹងមិនអាចលុបបំបាត់ ការយកប្រាក់ក្រៅផ្លូវការពីប្រជាពលរដ្ឋចេញចូលតាមច្រកព្រំដែនបានឡើយ ប្រសិនបើក្រសួងមួយនេះមិនមានវិធានការច្បាប់ឱ្យបានតឹងរ៉ឹងទៅលើអាជ្ញាធរ ដែលឃុបឃិតប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធជាមួយមេខ្យល់។

អ្នកវិភាគនយោបាយ លោកបណ្ឌិត រ៉ូ វណ្ណៈ មានប្រសាសន៍ថា ការចេញលិខិតព្រមានថា នឹងវិធានការណ៍ផ្លូវច្បាប់ទៅលើមន្ត្រីតាមច្រកព្រំដែន ដែលយកប្រាក់ក្រៅផ្លូវការ នឹងមិនមានប្រសិទ្ធភាពនោះឡើយ។ លោកបន្ថែមថា ក្រសួងមហាផ្ទៃគួរតែបង្ហាញសកម្មភាពជាក់ស្ដែង តាមរយៈការចាប់មន្ត្រីខិលខូចឱ្យប្រឈមនឹងផ្លូវច្បាប់ ជាជាងគ្រាន់តែចេញលិខិតព្រមាន។ ទោះជាយ៉ាងណា បណ្ឌិត រ៉ូ វណ្ណៈ គាំទ្រចំពោះវិធានការរបស់ក្រសួងមហាផ្ទៃដែលជំរុញឱ្យអាជ្ញាធរនៅតាមព្រំដែន រៀបចំឯកសារស្នើឱ្យមានច្រកចេញចូលតាមព្រំដែនបន្ថែមក្នុងករណីមានតម្រូវការចាំបាច់។ បណ្ឌិត រ៉ូ វណ្ណៈ៖ «ដំណាក់កាលនេះ ជាដំណាក់កាលដែលត្រូវវះកាត់គឺមានន័យថា ការបោសសម្អាត ឬការកាត់បន្ថយអំពើពុករលួយហ្នឹងត្រូវតែធ្វើ ដោយសាររដ្ឋាភិបាលមួយដែលស្អាតស្អំ អ៊ីចឹងទាមទារនូវការអនុវត្តប្រព័ន្ធច្បាប់ ការអនុវត្តប្រសិទ្ធភាពការងារ ជាជាងការដែលគ្រាន់តែព្រមាន គឺមានន័យថា យើងមានសិទ្ធិអំណាចក្នុងការចាត់ការ»។

ប្រតិកម្មរបស់អ្នកវិភាគនយោបាយបែបនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ បានចេញលិខិតមួយ កាលពីថ្ងៃទី៣ តុលា ដោយបានផ្ដល់ដំណឹងដល់អាជ្ញាធរតាមច្រកព្រំដែន រឹតបន្តឹងចំពោះការបើកច្រករបៀង និងយកប្រាក់ក្រៅផ្លូវការពីប្រជាពលរដ្ឋនៅពេលធ្វើដំណើរឆ្លងកាត់តាមច្រកព្រំដែន។ បើទោះបីជាលិខិតបានលើកឡើងថា ក្រសួងមហាផ្ទៃបានរកឃើញមានករណីយកប្រាក់ក្រៅផ្លូវការ និងមានមន្ត្រីឃុបឃិតលួចបើកច្រករបៀង ដើម្បីយកប្រាក់ក្រៅផ្លូវការក្ដី ប៉ុន្តែក្រសួងមហាផ្ទៃមិនមានវិធានការច្បាប់អ្វីទៅលើមន្ត្រីណាម្នាក់នោះឡើយ ដោយគ្រាន់តែព្រមានថា នឹងមានវិធានការច្បាប់ទៅលើមន្ត្រីខិលខូចទាំងនោះនៅក្រោយពេលអគ្គស្នងការនគរបាលជាតិចុះត្រួតពិនិត្យទៅវិញ។

ជុំវិញរឿងនេះ មន្ត្រីគម្រោងនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស អង្គការសង់ត្រាល់(CENTRAL) លោក លឹង សុផុន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៤ តុលា ថា បញ្ហាមន្ត្រីខិលខូចសហការជាមួយមេខ្យល់ ដើម្បីនាំពលករខ្មែរចូលធ្វើការនៅប្រទេសថៃដោយខុសច្បាប់ នៅតែបន្តកើតមាន និងមិនងាយលុបបំបាត់បាននោះឡើយ។ លោកបន្ថែមថា ដើម្បីដោះស្រាយបញ្ហានេះបាន លុះត្រាតែរដ្ឋាភិបាលដោះស្រាយបញ្ហាអាទិភាពផ្សេងៗជាប្រព័ន្ធតែម្ដង បញ្ហាទាំងនោះរួមមាន ការបញ្ចុះតម្លៃលិខិតឆ្លងដែន បង្កើនចំនួនកូតាពលករជាមួយក្រុមហ៊ុនថៃ តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា ឬ MOU និងការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ពីហានិភ័យនៃការធ្វើចំណាកស្រុកដោយខុសច្បាប់ឱ្យបានទូលំទូលាយជាដើម។

លោក លឹង សុផុន៖ «បើសិនជាយើងធ្វើតែពីខាងលើហើយ មិនចុះអនុវត្តជាក់ស្ដែង ខ្ញុំគិតថា វាជារឿងដែលមិនល្អប្រសើរទេ ហើយយើងដឹងស្រាប់ហើយថា ស្រុកខ្មែរពុកសឹងដល់ឆ្អឹងហើយ គ្រាន់តែថា ការចេញវិធានការមកប៉ុណ្ណឹង ប៉ុន្តែការចេញលទ្ធផលបង្ហាញឱ្យប្រជាពលរដ្ឋបានឃើញវាអត់ទាន់ឃើញមាន»។ មន្ត្រីអង្គការសង្គមស៊ីវិលអះអាងថា ក្នុងចំណោមពលករខ្មែរធ្វើការនៅប្រទេសថៃប្រមាណ២លាននាក់ (២.០០០.០០០) មានតែពលករប្រមាណ២សែននាក់(២០០.០០០) ឬស្មើនឹង១០ភាគរយតែប៉ុណ្ណោះ ដែលមានឯកសារស្របច្បាប់ធ្វើការនៅប្រទេសថៃ។ អ្នកវិភាគនយោបាយលើកឡើងថា បញ្ហាបង់ប្រាក់ក្រៅផ្លូវការនេះ កើតមានរាប់សិបឆ្នាំមកហើយ ដូច្នេះក្រសួងមហាផ្ទៃ គួរចាត់វិធានការច្បាប់ជាក់ស្ដែងទៅលើមន្ត្រីខិលខូចទាំងនោះ ដើម្បីបង្កើនប្រាក់ចំណូលជាតិ ជាជាងគ្រាន់តែចេញលិខិតព្រមាន ដែលបង្ហាញពីភាពទន់ខ្សោយក្នុងការដឹកនាំរបស់ក្រសួងមួយនេះ៕

website_news/2023061004.txt · Last modified: 2023/10/06 10:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki