website_news:2023061103

អភិបាលខេត្ត យកចិត្តទុកដាក់ចំពោះភ្ញៀវទេសចរ និងពលករឆ្លងដែនច្រកអន្តរជាតិព្រំ

https://kohsantepheapdaily.com.kh/article/1829420.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram ប៉ៃលិន០៥ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ម៉ោង ១៥:២៨

ខេត្តប៉ៃលិន ៖ រហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាប់នឹងច្រកបានផាកាត ស្ថិតក្នុងភូមិបានផាកាត ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ ហើយបានក្លាយជាច្រកអន្តរជាតិផ្លូវការ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៣ ក្នុងចំណោមច្រកអន្តរជាតិជាច្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានភ្ញៀវទេសចរ ពលករ និងការដឹកជញ្ជូនទំនិញចេញ-ចូលឆ្លងកាត់ព្រំដែនយ៉ាងសកម្ម ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អ រវាងមន្ត្រីជួរមុខទាំងទ្វេភាគី កម្ពុជា និង ថៃ ផងដែរ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំហេដ្ឋារចនាសម័ន្ធនានា សម្រាប់មន្ត្រីជំនាញ និងសមត្ថកិច្ច ផ្តល់សេវាបានយ៉ាងឆាប់រហ័ស និងងាយស្រួលជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រជាពលរដ្ឋ អាជីវករ ពលករ និងការដឹកទំនិញឆ្លងកាត់ព្រំដែន ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងលើកកម្ពស់សោភ័ណភាព ព្រមទាំងសណ្តាបធ្នាប់ នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិ ដែលជាមុខមាត់របស់ប្រទេសជាតិ ។ ក្រោមការទទួលខុសត្រូវខ្ពស់ចំពោះមុខជាតិ និងប្រជាជន លោកជំទាវបណ្ឌិតអភិបាលខេត្ត តែងតែក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលកំពុងបំពេញការងារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ត្រូវខិតខំអនុវត្តតួនាទី ភារៈកិច្ច និងសិទ្ធិរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវមានកិច្ចសហការល្អជាមួយស្ថាប័ននានា ដែលបានឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិ ទាំងកម្ពុជា និងថៃ ដើម្បីសម្របសម្រួលនូវភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ឆ្លងកាត់ព្រំដែន និងការធ្វើពាណិជ្ជកម្មទៅវិញទៅមក ។

ដោយអនុវត្តតាមគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី លោកជំទាវបណ្ឌិត បាន ស្រីមុំ ក្នុងនាមជាអាជ្ញធរខេត្ត បានរៀបចំក្រុមការងារ និងមន្ត្រីជំនាញប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីជួយសម្របសម្រួលសេវាជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិចេញចូល ជាពិសេសបងប្អូនពលករនៅពេលដែលខក ឬយឺតពេលក្នុងការឆ្លងព្រំដែនទៅធ្វើការងារ គឺរដ្ឋបាលខេត្ត បានត្រៀមរៀបចំកន្លែងស្នាក់នៅជូនដោយឥតគិតថ្លៃ។

ដោយឡែកប្រជាពលរដ្ឋជាទេសចរណ៍ ឬបងប្អូនពលករ បើមានបញ្ហាអ្វីកើតឡើង ឬក្នុងករណីបន្ទាន់ណាមួយ ហើយត្រូវការក្រុមការងារជួយសង្គ្រោះ និងជួយសម្របសម្រួល ដូចជា ៖ ករណីអ្នកជំងឺត្រូវការសង្គ្រោះបន្ទាន់, ករណីពលរដ្ឋខ្មែរ និងបងប្អូនពលករ មានគ្រោះថ្នាក់ ឬ ជួបបញ្ហាណាមួយ សូមទំនាក់ទំនងមកកាន់ក្រុមការងារប្រចាំការរបស់រដ្ឋបាលខេត្ត២៤ម៉ោង/២៤ម៉ោង តាមរយៈលេខទូរស័ព្ទ ៖ 071 9 621 610 ដើម្បីក្រុមការងារធ្វើការជួយសង្គ្រោះ និងជួយសម្របសម្រួលផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋគ្រប់រូបបានទាន់ពេលវេលា៕

website_news/2023061103.txt · Last modified: 2023/11/06 10:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki