website_news:2023061202

លោក ហ៊ុន ម៉ាណែត៖ មិនត្រូវឱ្យតំបន់គោលដៅទេសចរណ៍ ក្លាយជាតំបន់ជ្រកកោនរបស់អ្នកប្រើប្រាស់គ្រឿងញៀនជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនឡើយ

https://www.postkhmer.com/national/2023-12-4-1755-256484 ០៤ ធ្នូ ២០២៣ | ១៧:៥៣ អ្នកយកព័ត៌មាន:គឹម យុត្ថារ៉ូ

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានណែនាំឱ្យអាជ្ញាធរនៅតាមតំបន់ទេសចរណ៍នានាទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ និងត្រូវពង្រឹងសុវត្ថិភាព ដោយមិនត្រូវឱ្យតំបន់គោលដៅទេសចរណ៍ ក្លាយជាតំបន់ជ្រកកោនរបស់គ្រឿងញៀន និងអំពើជួញដូរមនុស្សឡើយ។ លោកបានថ្លែងឡើងដូចនេះ ក្នុងពិធីបិទបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប នារសៀលថ្ងៃទី៣ ខែធ្នូឆ្នាំ២០២៣ដែលបានប្រារព្ធឡើងរយៈពេល ២ ថ្ងៃគឺថ្ងៃទី២ និងទី៣ ខែធ្នូ ដោយមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិរាប់ពាន់នាក់។

លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖«នៅតាមតំបន់គោលដៅទេសចរណ៍ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់សម្រាប់ភ្ញៀវទេសចរ។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យមានការពង្រឹងសុវត្ថិភាពនៅគ្រប់គោលដៅទេសចរណ៍ទាំងអស់ដោយមិនត្រូវឱ្យតំបន់គោលដៅទេសចរណ៍ទាំងនេះ រួមទាំងតំបន់តាមឆ្នេរសមុទ្រក្លាយជាតំបន់ជ្រកកោនរបស់អ្នកប្រើប្រាស់គ្រឿងញៀនជួញដូរមនុស្សនិងឧក្រិដ្ឋកម្មឆ្លងដែនឡើយ»។ ជាមួយគ្នានោះដែរលោកក៏ បានបញ្ជាក់ផងដែរថារាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជាមាសបៃតង ដែលបើសិនវិស័យទេសចរណ៍រីកចម្រើន នោះធ្វើឱ្យវិស័យដទៃៗទៀតក៏មានការរីកចម្រើនដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ នាយករដ្ឋមន្ត្រីនៅតែបន្តអំពាវនាវឱ្យរក្សាឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយដែលនេះជាកត្តាចាំបាច់។ លោកបានបញ្ជាក់ថា៖ «មាន មជ្ឈដ្ឋានខ្លះឱ្យតែខ្ញុំនិយាយអំពីសុខសន្តិភាព គេថា ខ្ញុំផ្តាច់ការ។…សូមត្រឡប់ទៅសួរវិញបុព្វបុរសយើង ៥០០ ឆ្នាំ សួរលោកតា-លោកយាយ ដែលនៅមានវត្តមានដែលកើតមុនឆ្នាំ៧០ ថាតើនៅទសវត្សរ៍ទី៦០ តើគាត់ធ្លាប់នឹកគិតទេថានឹងកើតសង្គ្រាមនៅប្រទេសយើង ហើយក៏គ្មានពីណាចង់ឱ្យកើតឡើងវិញដែរទេ»។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានថ្លែងនៅថ្ងៃទី៤ខែធ្នូ ឆ្នាំ២០២៣ថា លោកគាំទ្រចំពោះការអំពាវនាវនិងការណែនំារបស់លោក ហ៊ុន ម៉ាណែតពីការពង្រឹងសុខសន្តិភាពសុវត្ថិភាពនៅតាមតំបន់គោលដៅទេសចរណ៍នេះ។ លោកបន្តថា ដោយសារតែតំបន់គោលដៅទេសចរណ៍មួយចំនួនដែលមានឌីស្កូឬខារ៉ាអូខេ ជាពិសេសនៅតាមអាហារដ្ឋានខ្លះមានការប្រើប្រាស់គ្រឿងញៀនដែលមិនត្រឹមតែបំផ្លាញសន្តិសុខផ្ទៃក្នុងរបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងបំផ្លាញកេរ្តិ៍ឈ្មោះរបស់កម្ពុជាទៀតផង។

លោក ធួន ស៊ីណាន បានសង្កត់ធ្ងន់ថា៖ «ក្រៅពីនេះ សន្តិសុខ សុវត្ថិភាពនិងឧក្រិដ្ឋកម្មផ្សេងៗ អាចនឹងកើតឡើងថែមទៀតនៅក្នុងទីក្រុងនៃគោលដៅទេសចរណ៍តាមរយៈការចែកចាយយ៉ាងទូលំទូលាយ និងការប្រើប្រាស់និងការជួញដូរជាដើម ដែលនេះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាត់បង់សីលធម៌សង្គមទៀតផង។ ដូច្នេះទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ចាត់វិធានការជាបន្ទាន់លើករណីទាំងអស់នេះ»៕

website_news/2023061202.txt · Last modified: 2023/12/06 10:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki