website_news:2023061203

អាជ្ញាធរថៃគ្រោងបញ្ជូនពលរដ្ឋខ្មែរ ៤នាក់មកកម្ពុជាវិញដោយចោទថា ក្លែងខ្លួនជាសង្ឃ និងឆ្លងដែនខុសច្បាប់

https://www.rfa.org/khmer/news/economy/thai-authorities-plan-to-deport-four-cambodians-to-cambodia-on-charges-of-being-false-monks-and-illegally-crossing-the-border-12052023040131.html ដោយ ចាន់ ដារ៉ូ2023.12.05

អាជ្ញាធរថៃចាប់ខ្លួនពលរដ្ឋខ្មែរបួននាក់ ដែលគ្រងចីពរជាព្រះសង្ឃ និងគ្រោងបញ្ជូនមកកម្ពុជាវិញ ដោយចោទថា ពួកគេលួចចូលដីថៃ និងក្លែងបន្លំជាសង្ឃដើរអង្គាសប្រាក់ពីពលរដ្ឋថៃ ដោយខុសច្បាប់។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា កត្តាជីវភាពទើបបណ្ដាលឱ្យពលរដ្ឋខ្មែរទាំងនោះប្រថុយប្រថានគ្រោះថ្នាក់នៅលើដីថៃ ដោយខុសច្បាប់ ដែលរដ្ឋាភិបាលត្រូវពិនិត្យដោះស្រាយឱ្យបានឆាប់។

ព្រះសង្ឃកំពុងសិក្សានៅប្រទេសថៃ និងមន្ត្រីសង្គមស៊ីវិលព្រួយបារម្ភពីសុខទុក្ខពលរដ្ឋខ្មែរបួននាក់ ក្រោយពេលប៉ូលិសអន្តោប្រវេសន៍ថៃចុះចាប់ពួកគេ ទាក់ទងករណីឆ្លងដែនខុសច្បាប់ និងបន្លំធ្វើជាព្រះសង្ឃដើរបិណ្ឌបាតនៅស្រុកស៊ីរ៉ាឆា (Si Racha) ខេត្តឈុនបូរី (Chon Buri) កាលពីថ្ងៃទី១ ខែធ្នូ។

ព្រះតេជព្រះគុណ វត ភិសិដ្ឋ គង់នៅវត្តព្រះប្រទានពរ ក្នុងស្រុកស៊ីរ៉ាឆា មានថេរដីកាប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៤ ខែធ្នូថា ពលរដ្ឋខ្មែរដែលអាជ្ញាធរថៃចាប់ខ្លួននោះ ស្នាក់នៅអាស្រមក្នុងព្រៃបោះបង់ចោលមួយកន្លែងក្បែរវត្តរបស់ព្រះអង្គគង់នៅ។ ព្រះអង្គបន្តថា ពួកគេបានឆ្លងដែនខុសច្បាប់ពីកម្ពុជាស្វែងរកការងារធ្វើនៅប្រទេសថៃ ដោយគ្រងចីវរ កោរសក់ធ្វើជាសង្ឃដើរបិណ្ឌបាតអង្គាសប្រាក់ ម្ហូបអាហារពីពុទ្ធបរិស័ទថៃនៅតាមភូមិ និងផ្សារ ដើម្បីចិញ្ចឹមជីវិត និងផ្គត់ផ្គង់គ្រួសារនៅស្រុកកំណើត។ ព្រះអង្គថា បញ្ហាដែលធ្វើប៉ះពាល់ដល់កិត្តិយសជាតិ និងតម្លៃសាសនាលើឆាកអន្តរជាតិ ដោយសារតែរដ្ឋាភិបាលកម្ពុជាអសមត្ថភាពក្នុងការបង្កើតការងារជូនពលរដ្ឋឱ្យរស់នៅសមរម្យនៅក្នុងប្រទេស។

ព្រះតេជព្រះគុណ វត ភិសិដ្ឋ៖ «វាអាណោចអាធ័ម វាអាប់ឱនកិត្តិយស កេរ្តិ៍ឈ្មោះដល់ប្រជាពលរដ្ឋខ្មែររបស់យើងនៅលើឆាកអន្តរជាតិ វាអត់គួរកើតមានឡើយទេ។ គ្រប់ស្ថាប័ននៅក្នុងប្រទេសកម្ពុជាអត់គិតគូដល់ប្រជាពលរដ្ឋឱ្យបានល្អិតល្អន់ទេ គេគិតគូរតែរឿងបក្ខពួក ផលប្រយោជន៍ក្រុមគ្រួសាររបស់គេ អ៊ីចឹងធ្វើឱ្យប្រជាពលរដ្ឋខ្មែរ គឺធ្វើការ(រកការងារធ្វើ)សព្វបែបយ៉ាងដើម្បីរស់ »។

កាសែតបាងកក ប៉ុស្តិ៍ (Bangkok Post) ចុះផ្សាយកាលពីថ្ងៃទី១ ខែធ្នូ ថាប៉ូលិសថៃចាប់ខ្លួនសង្ឃខ្មែរនៅស្រុកស៊ីរ៉ាឆា ដោយមិនមានលិខិតឆ្លងដែន ឬឯកសារធ្វើដំណើរអ្វីឡើយ។ ក្រៅពីរកឃើញតែកន្លែងស្នាក់នៅក្នុងព្រៃឫស្សីលើភ្នំ ដែលគេទុកចោលនោះ ប៉ូលិសក៏បានរកឃើញរបស់របរធ្វើម្ហូប និងសម្ភារៈនៅក្នុងផ្ទះមួយចំនួន បន្ទាប់ពីពលរដ្ឋថៃរស់នៅមូលដ្ឋានរាយការណ៍។ ប្រភពដដែលបញ្ជាក់ថា បន្ទាប់ពីសាកសួររួច តុលាការថៃបានចោទប្រកាន់បុរសខ្មែរទាំង ៤នាក់នោះពីបទលួចចូលដីថៃ និងក្លែងបន្លំជាព្រះសង្ឃដោយខុសច្បាប់ ហើយសមត្ថកិច្ចថៃនឹងបញ្ជូនពួកគេទៅកម្ពុជាវិញ បន្ទាប់ពីអនុវត្តតាមច្បាប់របស់ប្រទេសនេះ។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក អាន សុខឿន និងមន្ត្រីកុងស៊ុលរងទី១នៃស្ថានទូតកម្ពុជាប្រចាំប្រទេសថៃលោក ផៃ លន ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេនៅថ្ងៃទី៤ ខែធ្នូ។

ជុំវិញរឿងនេះ មន្ត្រីគម្រោងនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សរបស់អង្គការសង់ត្រាល់ (CENTRAL) លោក លឹង សុផុន មើលឃើញថាករណីអាជ្ញាធរថៃចាប់ពលរដ្ឋខ្មែរក្លែងជាសង្ឃ និងគ្មានឯកសារត្រឹមត្រូវជារឿងគួរឱ្យព្រួយបារម្ភ ហើយពួកគេត្រូវប្រឈមជាប់គុក ៤៥ថ្ងៃ មុនបញ្ជូនមកប្រទេសកំណើតវិញ។ លោកយល់ថា រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាជីវភាពរបស់ពលរដ្ឋឱ្យមានប្រសិទ្ធភាពជាងបច្ចុប្បន្ន ពីព្រោះចំណុចខ្វះខាតនេះ បានទាញឱ្យពលរដ្ឋខ្មែរមួយចំនួនលួចឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់។

លោក លឹង សុផុន៖ «ស្ថាប័នពាក់ព័ន្ធ ដូចជាខាងស្ថានទូតមានតួនាទីខាងហ្នឹងគួរតែមានវិធានការណាមួយជួយជ្រោមជ្រែងដល់ពួកគាត់ដោះស្រាយបញ្ហាហ្នឹងដើម្បីកាត់បន្ថយ ឬកុំមានបញ្ហាអ៊ីចឹងៗ កើតឡើង ពីព្រោះការបង្ហាញបែបហ្នឹងធ្វើប្រជាជនខ្មែរមិនល្អទេ ដោយសារការឆ្លងដែនពេលខ្លះទៅគេចាប់បានទៅចោទប្រកាន់យើងពីរឿងខុសច្បាប់ផ្សេងៗ»។

មន្ដ្រីសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាល រៀបចំផែនការឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនោះ ដោយមានការផ្សព្វផ្សាយបញ្ហាប្រឈមពីការចំណាកស្រុកខុសច្បាប់ឱ្យបានទូលំទូលាយ បង្ហាញគោលនយោបាយគាំពារពីតម្រូវការចាំបាច់ ដាក់បម្រាមកំណត់ចំពោះការផ្អាកសងបំណុលធនាគារ និងជំរុញផលិតផលដាំដុះក្នុងស្រុក។ ពួកគេថា ប្រសិនបើរដ្ឋាភិបាលនៅតែមិនដោះស្រាយបញ្ហាទាំងនេះទេ នោះប្រជាពលរដ្ឋនឹងនៅតែធ្វើចំណាកស្រុកខុសច្បាប់ និងរងគ្រោះកាន់តែច្រើន៕

website_news/2023061203.txt · Last modified: 2023/12/06 10:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki