website_news:2023070203

ប្រតិបត្តិការឆបោកដែលមានមូលដ្ឋាននៅកម្ពុជា ត្រូវបានគេចោទប្រកាន់ថាជា ឋាននរក

https://www.khmertimeskh.com/501232966//?p=1232966 Khmer Times February 5, 2023

ជនរងគ្រោះដែលត្រូវបានចោទប្រកាន់ថាត្រូវបានជួញដូរ វាយដំ និងឃុំឃាំងឆ្ងាយពីគ្រួសាររបស់គាត់នៅប្រទេសចិន Lu គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្ខំឱ្យធ្វើប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិត។ កូវីដ-១៩ បានធ្វើឱ្យកម្មករសំណង់បាត់បង់ការងារ ដូច្នេះហើយនៅពេលដែលគាត់បានលឺថា គាត់អាចរកប្រាក់ចំណូលបាន ២,០០០ ដុល្លារក្នុងមួយខែនៅក្នុងគម្រោងសាងសង់មួយក្នុងប្រទេសកម្ពុជា គាត់ក៏បានចាប់យកឱកាសនេះ។ ប៉ុន្តែភ្លាមៗនោះ គាត់បានដឹងថា គាត់បានចាញ់បោកក្រុមជនពាល អោយទៅធ្វើការក្នុងបរិវេណទីតាំងមួយក្នុងក្រុងព្រះសីហនុ រួមជាមួយមនុស្សរាប់រយនាក់ទៀត។ នៅទីនោះ គាត់ត្រូវបានគេបង្ខំឱ្យធ្វើការពី១២ ទៅ១៦ ម៉ោង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងកម្មវិធីណាត់ជួប ដើម្បីស្វែងរកជនរងគ្រោះបោកប្រាស់យកលុយ។

Lu បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា “នៅពេលដែលខ្ញុំមកដល់ គឺយឺតពេលទៅហើយក្នុងការរត់គេច” ។ “ប៉ុន្តែដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងបន្តព្យាយាម”។ ប្រជាជនមកពីបណ្តាប្រទេសជុំវិញអាស៊ី រួមទាំងវៀតណាម ហ្វីលីពីន ថៃ ម៉ាឡេស៊ី ចិន តៃវ៉ាន់ ហុងកុង បង់ក្លាដែស និងឥណ្ឌា ត្រូវបានធ្លាក់ចូលទៅក្នុងប្រតិបត្តិការស្រដៀងគ្នានេះ។ អ្នកខ្លះដូចជា Lu អាយុ៣៤ឆ្នាំបានរត់ចេញរួច ដោយមនុស្សរាប់ពាន់នាក់ផ្សេងទៀតត្រូវបានបន្តនៅជាប់ឃុំ។

កាលពីខែសីហាឆ្នាំមុន លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជាបាននិយាយថា ជនរងគ្រោះដោយការជួញដូរ “ទទួលរងនូវការធ្វើទារុណកម្ម និងអាចស្លាប់”។ ក្រុងព្រះសីហនុ ធ្លាប់ជាទីក្រុងរមណីយដ្ឋានមានភាពស្ងប់ស្ងាត់ ប៉ុន្តែបានផ្លាស់ប្តូរដោយការហូរចូលនៃការវិនិយោគរបស់ចិនយ៉ាងច្រើន។ កាស៊ីណូជាច្រើនបានលេចឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលធ្វើឱ្យតំបន់នេះក្លាយជាមជ្ឈមណ្ឌលសម្រាប់អ្នកលេងល្បែងជនជាតិចិន និងទាក់ទាញក្រុមជនពាលអន្តរជាតិ។ នៅពេលដែលមានការរឹតបន្តឹងក្នុងអំឡុងពេលជំងឺរាតត្បាត ក្រុមទាំងនេះបានផ្លាស់ប្តូរយុទ្ធសាស្រ្ត។

លោក Jeremy Douglas មកពីការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បាននិយាយថា “ក្រុមឧក្រិដ្ឋជនបានផ្លាស់ប្តូរអាជីវកម្មកាស៊ីណូតាមអ៊ិនធឺណិត ហើយមួយចំនួនទៀតបានបោកប្រាស់តាមអ៊ីនធឺណិត និងតាមទូរស័ព្ទ”។ សមាជិកក្រុមជនពាលម្នាក់បានប្រាប់ AFP ក្នុងលក្ខខណ្ឌអនាមិកថា មនុស្សដំបូងគេដែលធ្លាក់ចូលទៅក្នុងប្រតិបត្តិការដូចជាគាត់គឺជាពលរដ្ឋចិនដែលរស់នៅក្នុងប្រទេសកម្ពុជា។ បន្ទាប់មក ក្រុមជនពាលបានចាប់ផ្តើមជួញដូរមនុស្សចូលក្នុងប្រទេស។ លោក Douglas បានបន្តថា “រាប់ពាន់នាក់ ហើយអ្នកខ្លះបានប៉ាន់ស្មានថា ប្រហែលជារាប់ម៉ឺននាក់” ត្រូវបានជាប់ឃុំ។ ដើម្បីមិនអោយជនរងគ្រោះអាចរត់គេចខ្លួនបាន ទីតាំងទាំងនោះត្រូវរុំព័ទ្ធដោយលួសបន្លា និងចំរឹងបង្អូចដែក។ សមាជិកក្រុមជនពាលនោះបានបន្តថា៖ «នៅពេលពួកគេមកដល់ក្នុងបរិវេណនោះ ពួកគេមិនអាចចាកចេញបានទេ។ មនុស្សត្រូវបានគេវាយដំ ឬធ្វើទារុណកម្ម ហើយលក់ ប្រសិនបើពួកគេមិនព្រមបោកប្រាស់អ្នកដទៃ។ ប្រភពដដែលបន្តថា នៅក្នុងប្រទេសកម្ពុជា ខ្លះត្រូវបានគេលក់ទៅឲ្យក្រុមជនពាលផ្សេងទៀត។ អ្នកដែលមានចំណេះដឹងខាងផ្នែកបច្ចេកវិទ្យាព័ត៌មាន ឬជំនាញភាសាអង់គ្លេសអាចលក់បានរហូតដល់ ៥០,០០០ ដុល្លារ។

AFP បានសម្ភាសជនរងគ្រោះ៤នាក់ពីការជួញដូរដោយពួកគេបាននិយាយថាពួកគេក៏ទទួលបានការផ្តល់ជូនការងារនេះក្នុងអំឡុងពេលជំងឺរាតត្បាត។ បុរសជនជាតិម៉ាឡេស៊ីអាយុ៣៨ ឆ្នាំម្នាក់ឈ្មោះ Roy បានរៀបរាប់ថា ជិះយន្តហោះមកភ្នំពេញ ហើយត្រូវបាននារីម្នាក់ជួយសម្របសម្រួលគាត់នៅផ្នែកអន្តោប្រវេសន៍ ហើយបានជិះឡានរយៈពេលប្រាំម៉ោងទៅខេត្តព្រះសីហនុ។ នៅទីនោះ គាត់ត្រូវបានគេនាំទៅអគារអាផាតមិនដែលមានកម្ពស់រាប់សិបជាន់។ Roy បានប្រាប់ AFP ថា “វាមើលទៅដូចជាការិយាល័យធម្មតា ដែលមានតុបីជួរមានម៉ូនីទ័រ និងក្តារចុច ដូចហាងកាហ្វេអ៊ីនធឺណេត”។ ប៉ុន្តែគាត់បាននិយាយថា “ពេលចាប់ផ្តើមធ្វើ យើងដឹងថានេះមិនមែនការងារផ្តល់សេវាអតិថិជន”។ Roy និងអ្នកផ្សេងទៀតត្រូវបានដកហូតលិខិតឆ្លងដែន ហើយត្រូវបានណែនាំឱ្យបង្កើតគណនីក្លែងក្លាយនៅលើកម្មវិធី និងគេហទំព័រណាត់ជួបរួមទាំង TikTok Facebook Instagram និង WhatsApp ។

នៅក្រោមការគំរាមកំហែងឥតឈប់ឈរនៃអំពើហឹង្សា ពួកគេត្រូវបោកជនរងគ្រោះផ្សេងទៀតអោយបណ្តាក់ទុនទៅក្នុងរូបិយប័ណ្ណគ្រីបតូ ឬវេទិកាវិនិយោគផ្សេងទៀត។ អ្នកផ្សេងទៀតត្រូវបានបង្ខំឱ្យបង្កើតទំនាក់ទំនង “ស្នេហា” តាមអ៊ីនធឺណិតដើម្បីបោកប្រាស់អ្នកផ្សេងទៀត។ មិនមានតួលេខដែលអាចជឿទុកចិត្តបានអំពីចំនួនប្រាក់ដែលក្រុមជនពាលបានរកបានពីការឆបោកនោះទេ ទោះបីជាលោក Douglas បាននិយាយថាចំនួននេះ “គឺច្រើន” ក៏ដោយ។ លោកបានបន្ថែមថា វាមិនច្បាស់ថាលុយទៅទីណានោះទេ ទោះបីជាប្រាក់ទទួលបានពីឧក្រិដ្ឋកម្មច្រើនតែត្រូវបានប្រមូលផ្តុំរួមជាមួយនឹងប្រាក់ចំណេញនៃការភ្នាល់តាមអ៊ីនធឺណែត ជាមួយនឹងទីតាំងឆបោកជាច្រើនដែលនៅជិតអាជីវកម្មល្បែងស្របច្បាប់។

សមាជិកក្រុមជនពាលនៅខេត្តព្រះសីហនុបានប្រាប់ AFP ថា គាត់មិនបានដឹងថាគាត់ធ្វើការអោយអ្នកណាអោយប្រាកដនោះទេ។ “យើងមិនដឹងថានរណាជានរណាទេ”។ “ពួកគេជាម៉ាហ្វីយ៉ាពិតប្រាកដ”ជនរងគ្រោះដែលប្រកែកមិនធ្វើតាម និងទទួលរងការធ្វើបាន។ Lu បាននិយាយថាគាត់ត្រូវបានគេ “វាយដំជាញឹកញាប់” ដោយសារតែគាត់បានព្យាយាមរត់គេច។ អ្នកផ្សេងទៀតបាននិយាយថា ជនរងគ្រោះត្រូវបានគេឆក់ ឬឃុំនៅក្នុងបន្ទប់តូចពេកដែលមិនអាចឈរបាន ដោយបង្អត់ទឹក អាហារ និងពន្លឺរាប់ម៉ោង។ Roy បាននិយាយថា៖ «ពួកយើងត្រូវបានគេទាត់ដូចឆ្កែ។ “ជួនកាល [ពួកគេ] ឆក់ ទាត់។ ពួកគេនឹងវាយយើងពី៥ នាទីទៅ១០ នាទី” ។ បន្ទាប់ពីត្រូវបានគេប្រាប់ថាគាត់ត្រូវបង់ប្រាក់២០,០០០ ដុល្លារជាថ្នូរនឹងការដោះលែង គាត់ត្រូវបានជួយសង្គ្រោះបន្ទាប់ពីបានទាក់ទងទៅអង្គការប្រឆាំងការជួញដូរសកល (GASO) ។ ក្រុមនេះធ្វើការជាមួយមន្ត្រីកម្ពុជាដើម្បីសម្រួលដល់ការជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍។ អ្នកផ្សេងទៀតបានព្យាយាមរត់ដោយប្រើវិធីផ្សេងទៀត៖ ដូចជាក្នុងខែសីហា កម្មករវៀតណាមរាប់សិបនាក់បានរត់គេចពីកាស៊ីណូមួយនៅខេត្តកណ្តាល ដោយហែលឆ្លងទន្លេទៅកាន់ប្រទេសកំណើតរបស់ពួកគេ។

នៅពេលព្រឹត្តិការណ៍នេះបានកើនឡើង៖ សហរដ្ឋអាមេរិកក្នុងខែកក្កដា ឆ្នាំ ២០២២ បានទម្លាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជានៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីការជួញដូរមនុស្ស។ បន្ទាប់មក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យតាមប្រមាញ់មេខ្លោង និងបញ្ជាអោយវាយឆ្មក់ដ៏ធំមួយនៅក្នុងខែសីហា ឆ្នាំ២០២២។ ក្នុងខែកញ្ញា ឆ្នាំ២០២២ នគរបាលបានដោះលែងជនបរទេសជាង១ពាន់នាក់ ចេញពីបរិវេណក្រុងព្រះសីហនុចំនួន៣ទីតាំង។ នៅទីតាំងមួយ បានរឹបអូសកទូរស័ព្ទដៃជិត ៩,០០០ គ្រឿង កុំព្យូទ័រ៨០០ គ្រឿ ខ្នោះដៃ និងឧបករណ៍ឆក់អគ្គិសនី។ វាគឺអំឡុងពេលការវាយឆ្មក់មួយដែល Lu ត្រូវបានគេដោះលែង។ លោកបានបន្តថា៖ «ការចាប់ក្រុមជនពាលអោយមកទទួលខុសត្រូវមុខច្បាប់គឺមានសារៈសំខាន់ណាស់ប្រសិនបើយើងសង្ឃឹមថា នឹងលុបបំបាត់បញ្ហានេះ»។ មានការព្រួយបារម្ភថា បន្ទាប់ពីបិទទីតាំងមួយចំនួន ក្រុមទាំងនោះបានផ្លាស់ប្តូរទៅទីតាំងថ្មី។

លោក Douglas បាននិយាយថា “ថ្ងៃនេះ វាគឺជាប្រតិបត្តិការមួយនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែថ្ងៃស្អែក ក្រុមជនពាលទាំងនោះនឹងទៅប្រទេសមីយ៉ាន់ម៉ា ឡាវ ឬហ្វីលីពីន ហើយរឿងទាំងនេះពិតជាបានកើតឡើងមែន”។ ត្រលប់មកប្រទេសកម្ពុជាវិញ អ្នកដែលត្រូវបានជួយសង្គ្រោះដោយនគរបាល ដូចជា Lu ប្រឈមនឹងអនាគតមិនច្បាស់លាស់។ ខណៈដែលគាត់បានគេចពីការឃុំខ្លួនជនអន្តោប្រវេសន៍ គាត់បានប្រាប់ AFP ថា គាត់មិនមានលទ្ធភាពត្រឡប់ទៅរកប្រពន្ធ និងកូនអាយុ ៩ ឆ្នាំរបស់គាត់នៅប្រទេសចិនវិញទេ។

អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រាប់ AFP ថា រដ្ឋាភិបាលកំពុងធ្វើការជាមួយកម្ពុជា និងប្រទេសដទៃទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ហើយ«រក្សាយ៉ាងម៉ឺងម៉ាត់នូវសុវត្ថិភាព និងសិទ្ធិស្របច្បាប់របស់ពលរដ្ឋចិននៅបរទេស»។ បើតាម Lu គាត់មិនបានទទួលជំនួយពីស្ថានទូតចិនទេ។ លោកបានបន្តថា៖ «ស្ថានទូតចិនបាននិយាយថា៖ «មនុស្សពេញវ័យត្រូវទទួលខុសត្រូវលើការសម្រេចចិត្តរបស់ខ្លួន»។

ខ្មែរថាមស៍ តាមរយៈការស៊ើបអង្កេតមូលដ្ឋានរបស់ខ្លួនចាប់តាំងពីខែសីហា ឆ្នាំ២០២១ បានរកឃើញថា ខណៈដែលផ្នែកតូចមួយនៃការអះអាងទាំងនេះពីការធ្វើទារុណកម្ម និងការវាយដំគឺជាការពិត ប៉ុន្តែមនុស្សជាច្រើនផ្សេងទៀតធ្វើឡើងដើម្បីទទួលបានការអាណិតអាសូរជាសាធារណៈ និងពន្លឿនកាចាកចេញរបស់ពួកគេពីទីតាំងទាំងនោះ។ ហេតុផលរបស់ពួកគេមានភាពខុសប្លែកគ្នា អ្នកខ្លះមិនចូលចិនឹងអាហារដែលពួកគេត្រូវបានផ្តល់ ការបន្តការបង្ខាំងមនុស្ស មិនអាចទំនាក់ទំនងតាមទូរស័ព្ទ មិនអាចបំពេញការងារដែលបានដាក់អោយដើម្បីទទួលបានប្រាក់បៀវត្សរ៍ដែលបានសន្យារបស់ពួកគេ។ល។ ខ្មែរថាមស៍ បានអោយដឹងទៀតថាទោះជាយ៉ាងនេះក្តី មនុស្សជាច្រើនត្រូវបានជួយសង្គ្រោះ និងខ្លះត្រូវបានសង្គ្រោះ គឺជាមេដឹកនាំក្រុមអ្នកបោកប្រាស់ ដែលបានក្លាយជា “ទាសករ” រត់គេចខ្លួន ហើយពេលត្រឡប់មកប្រទេសកំណើតវិញ បានទៅបោកអ្នកផ្សេងទៀត ឱ្យមកកន្លែងទាំងនេះដែល ពួកគេអះអាងថាជានរក។ នគរបាលម៉ាឡេស៊ីក្នុងអំឡុងពេលសហការរបស់ពួកគេជាមួយនគរបាលកម្ពុជា បានដឹងពីរឿងនេះរួចហើយ ហើយបាននិយាយដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីពេលថ្មីៗនេះ។ បោះពុម្ពលើកដំបូងដោយកាសែត Manila Times ។ AFP និង ខ្មែរថាមស៍

{{tagសារព័ត៌មាន បរទេស>}

website_news/2023070203.txt · Last modified: 2023/02/07 09:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki