website_news:2023070204

ពលករខ្មែរមួយចំនួននៅប្រទេសថៃដាច់ស្បៀង ក្រោយពីថៅកែមិនបើកលុយឱ្យ

https://www.rfa.org/khmer/news/economy/a-group-of-cambodia-workers-working-in-thailand-ran-out-of-food-after-their-employers-did-not-pay-them-for-months-02052023173728.html ដោយ ជី វិតា2023.02.05

ពលករខ្មែរធ្វើការនៅប្រទេសថៃមួយចំនួនដាច់ស្បៀងអាហារ ដោយសារថៅកែមិនបានបើកប្រាក់ឈ្នួលឱ្យពួកគាត់ អស់រយៈពេលពីរខែមកហើយ។ មន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលគួរតែជួយអន្តរាគមន៍ដល់ពលករទាំងនោះជាបន្ទាន់ ដើម្បីពួកគាត់បានប្រាក់ទិញស្បៀងអាហារហូបចុកប្រចាំថ្ងៃ។ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃលើកឡើងថា ពួកគាត់ដាច់ស្បៀងអាហារអស់រយៈពេល២ខែមកហើយ ពោលគឺចាប់តាំងពីថៅកែថៃមិនបើកប្រាក់ឈ្នួលដល់ពួកគាត់រហូតមក។ពួកគាត់បារម្ភថាបើសិនជាថៅកែមិនបើកឱ្យបានឆាប់ៗ ទេនោះទេ អាចនឹងមានជីវភាពកាន់តែលំបាកជាងនេះ ដែលអាចនឹងប៉ះពាល់ដល់សុខភាព ជាពិសេសប៉ះពាល់ការលូតលាស់របស់កុមារ។

នៅក្នុងបន្ទប់ដ៏តូចមួយដែលមានគ្នា៥នាក់ ភាគច្រើនជាស្ត្រី និងកូនក្មេងផងនោះ លោកស្រី មាន សារៀម ដែលបច្ចុប្បន្នមកធ្វើការសំណង់នៅខេត្តសាមុតប្រាកាន ប្រទេសថៃ (Samut Prakan) អស់រយៈពេលជាង៥ខែ ជាកម្មករសំណង់។ លោកស្រីអាចរកចំណូលបានជាង៣រយបាត (៣០០បាត) ក្នុងមួយថ្ងៃ ដើម្បីចិញ្ចឹមកូន៣នាក់ និងសល់លុយខ្លះផ្ញើទៅឱ្យអ្នកផ្ទះនៅឯស្រុកដើម្បីសងបំណុលធនាគារ។ លោកស្រីប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៥ ខែកុម្ភៈថា ឥឡូវនេះ លោកស្រីគ្មានលុយសម្រាប់ទិញបាយហូបនោះទេ ដោយសារតែថៅកែមិនបើកលុយឱ្យអស់រយៈពេល២ខែមកហើយ៖

«ពិបាកនឹងឯងយើងជំពាក់គេនៅឯស្រុកផង ហើយមិនមានលុយឱ្យគេ ម៉ែឪនៅឯផ្ទះក៏ឈឺ ហើយយើងយកកូនមកក៏មិនបានរៀនបានសូត្រ។ ចំណាយច្រើន យើងធ្វើការតែពីរនាក់ហើយ កូនដេកស៊ី កូនក្មេងវាដែលដូចយើងមនុស្សធំ បើវាទា (សុំញាំ) គឺទាយកតែពីបាន ដល់ពេលអត់តាំងយំរំពង»។ អ្នកខេត្តបន្ទាយមានជ័យរូបនេះ រៀបរាប់ទាំងអស់សង្ឃឹមថា ពេលខ្លះបើថៅកែ បើកលុយឱ្យ១ពាន់បាត ស្មើនឹងជាង១០ម៉ឺនរៀល គឺគ្រាន់ទុកទិញអាហារហូបចុកបន្តិចបន្តូចព្រឹកល្ងាច ដើម្បីរស់នៅតែប៉ុណ្ណោះ។ លោកស្រីបន្តថា មិនដឹងត្រូវធ្វើបែបណានោះទេ បើសិនជាជូនដំណឹងដល់ស្ថានទូតខ្មែរនៅប្រទេសថៃ ខ្លាច ប៉ូលិសថៃចាប់ពួកគាត់បញ្ជូនមកខ្មែរវិញ ព្រោះលោកស្រី និងពលករមួយចំនួនទៀតធ្វើការដោយខុសច្បាប់ ព្រោះមិនមានលុយធ្វើលិខិតឆ្លងដែន ឬប៉ាស្ទ័រ និងប័ណ្ណការងារទេ។

ស្រដៀងគ្នានេះដែរ ពលករម្នាក់ទៀត គឺលោកស្រី ចុង ម៉ៅ ដែលនៅក្បែរនឹងលោកស្រី មាន សារៀម ដែរនោះ លើកឡើងថា លោកស្រីមិនអាចត្រឡប់ទៅប្រទេសខ្មែរវិញបានទេ ព្រោះលោកស្រីជំពាក់លុយបងប្អូន និងធនាគារ ដែលតម្រូវឱ្យលោកស្រីត្រូវប្រឹងប្រែងរកចំណូល ដូច្នេះលោកស្រីមានតែតស៊ូលំបាករង់ចាំ ថៅកែបើកលុយឱ្យ។ ទោះយ៉ាងណា លោកស្រីទទូចឱ្យស្ថានទូតខ្មែរជួយសម្រួលដល់ពួកគាត់ក្នុងការធ្វើប៉ាស្ទ័រ និងប័ណ្ណការងារក្នុងតម្លៃទាប ដើម្បីឱ្យពួកគាត់អាចរស់នៅដោយស្របច្បាប់នៅប្រទេសថៃ។ «ខ្ញុំជួបផលលំបាកតែរឿងអត់ហូប អត់បាយអត់លុយ ហើយមានកូនក្មេងតូចៗផង។ ចង់ឱ្យបងៗជួយរកការងារថ្មី ឱ្យពួកខ្ញុំធ្វើខ្លាចទៅកន្លែងផ្សេងគេធ្វើប៉ាស្ទ័រឱ្យ។ ថៅកែកាលពីមុនៗលុយគាត់ចេញ ដល់ពេលចូលមកដល់ខែនេះ មិនដឹងម៉េចគាត់ខាតគាត់អីក៏មិនដឹងគាត់មិនមានលុយបើកឱ្យ»។

អ្នកស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យរូបនេះអះអាងថា ពលករខ្មែរដែលធ្វើការសំណង់ដោយខុសច្បាប់ជាមួយនឹងលោកស្រីនៅខេត្តសាមុតប្រាកាននេះមានជាង២០គ្រួសារ ដែលមានចំនួនមនុស្សចាស់ជិត៣០នាក់ និងមានកុមារ៥នាក់។ លោកស្រីថា ភាគច្រើនជាអ្នកមកពីខេត្តបន្ទាយមានជ័យ ហើយពួកគាត់រស់នៅដោយការភ័យខ្លាចប៉ូលិសថៃចាប់។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទងរដ្ឋលេខាធិការក្រសួងការងារ លោក ហេង សួរ និងមន្ត្រីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហាពលករដាច់ស្បៀងនេះ បានទេនៅថ្ងៃទី០៥ ខែមករា ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។

ជុំវិញរឿងនេះ មន្ត្រីផ្នែកអន្តោប្រវេសន៍ប្រចាំប្រទេសថៃ នៃអង្គការសង់ត្រាល់ (Central) លោក លឹង សុផុន មានប្រសាសន៍ថា កាលពីថ្មីៗនេះ លោកបានទៅជួបនឹងពលករជាង២០គ្រួសារ នោះហើយ ដោយលោកសង្កេតឃើញថា ពលករភាគច្រើនខ្វះខាត ហើយគ្មានលុយទិញបាយហូបចុកឱ្យបានត្រឹមត្រូវ។ លោកថា បញ្ហានេះមិនមែនទើបតែមានទេ គឺមានស្ទើរតែគ្រប់កន្លែងឱ្យតែ មានពលករខ្មែរធ្វើការ ដោយសារភាគច្រើនពួកគេចាញ់បោកមេខ្យល់។ លើសពីនេះ លោកទទូចស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ជួយដោះស្រាយបញ្ហាអត់ស្បៀងដល់ពលករខ្មែរឱ្យបានទាន់ពេលវេលា ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ពួកគាត់៖

«ខាងរដ្ឋាភិបាលគាត់គួរតែមានវិធានការជួយជ្រុងជ្រែង ជួយអប់រំពលករតាមតំបន់ឱ្យពួកគាត់យល់ដឹងបន្ថែមអំពើការធ្វើយ៉ាងម៉េច ឱ្យយើងនឹងមានសិទ្ធិពេញលេញមានសិទ្ធក្នុងការធ្វើការងារដោយស្របច្បាប់នៅស្រុកគេ។ សូមបញ្ជាក់បន្ថែមថា បើសិនជាវិធានការណាមួយដើម្បីឱ្យបងប្អូនយើង វាជារឿងល្អជាពិសេសសម្រាប់បងប្អូនយើងពលករ»។

របាយការណ៍របស់ក្រសួងការងារកម្ពុជា ឱ្យដឹងថា បច្ចុប្បន្ន មានពលករខ្មែរជាង ១លាន ២សែននាក់កំពុង ធ្វើការនៅប្រទេសថៃ។ ប៉ុន្តែរបាយការណ៍របស់អង្គការ (Central) បង្ហាញថា មានពលករខ្មែរកំពុង ធ្វើការដោយស្របច្បាប់ និងមិនស្របច្បាប់នៅប្រទេសថៃប្រមាណ ២លាននាក់ ដោយមួយចំនួនពួកគាត់ទទួលរងការរំលោភបំពានសិទ្ធិការងារ និងបាត់បង់ផលប្រយោជន៍ ដែលប៉ះពាល់ដល់បញ្ហាផ្នែកសេដ្ឋកិច្ចគ្រួសារ។ អ្នកឃ្លាំមើលបញ្ហាសង្គមនៅកម្ពុជា សង្កេតឃើញថាបញ្ហាចំណាកស្រុក ដោយខុសច្បាប់របស់ពលករខ្មែរកើតមានជាច្រើនឆ្នាំមកនេះ ជាចំណុចដែលរដ្ឋាភិបាលគួរយកចិត្តទុកដាក់ខ្ពស់។ ពួកគេបារម្ភថា កន្លងមករដ្ឋាភិបាលហាក់មិនសូវយកចិត្តទុកដាក់ដោះស្រាយនោះទេ ដែលធ្វើឱ្យពលរដ្ឋនៅតែបន្តឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅក្រៅប្រទេស ដោយសារតែពួកគេមានជីវភាពខ្វះខាត ខណៈដែលតម្លៃឯកសារផ្សេងៗ និងលិខិតឆ្លងដែនមានតម្លៃខ្ពស់ ហួសពីលទ្ធភាពរបស់ពួកគាត់។ ដូច្នេះពួកគេ ទទូចឱ្យអាជ្ញាធរកម្ពុជា សហការនឹងអាជ្ញាធរថៃជួយសម្រួលក្នុងការធ្វើលិខិតឆ្លងដែនក្នុងតម្លៃទាបសមរម្យដែលពលរដ្ឋខ្មែរអាចធ្វើបាន និងជួយឧបត្ថម្ភស្បៀងកំឡុងពេលដែលពួកគាត់កំពុងខ្វះខាតដូចពេលនេះ។ ពលករចំណាកស្រុកធ្វើការនៅប្រទេសថៃភាគច្រើនលើកឡើងថា ការធ្វើចំណាកស្រុកទៅក្រៅប្រទេសឃ្លាតឆ្ងាយពីគ្រួសារ ដោយសារតែគ្មានការងារធ្វើនៅកម្ពុជា ឬការងារក្នុងស្រុកបានប្រាក់ចំណូលទាប បើធៀបនឹងប្រទេសថៃ៕

website_news/2023070204.txt · Last modified: 2023/02/07 09:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki