website_news:2023070205

ចាប់បានឈ្មួញកណ្តាលនាំពលរដ្ឋថៃទៅធ្វើការនៅកូរ៉េខាងត្បូង

https://kbn.news/archives/287124 February 6, 2023

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែកុម្ភៈ កន្លងមក ក្រសួងការបរទេសថៃបានជូនដំណឹងដល់ពលរដ្ឋថៃនៅប្រទេសកូរ៉េខាងត្បូង ដែលលួចចូលធ្វើការខុសច្បាប់ឱ្យទៅបង្ហាញខ្លួននៅការិយាល័យប៉ូលិសអន្តោប្រវេសន៍កូរ៉េខាងត្បូង ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ នេះ ។ បើហួសកំណត់ ពួកគេនឹងត្រូវបានពិន័យជាប្រាក់៣០លានវ៉ុន ឬប្រមាណ៨សែនបាត ។ ក្រោយមក នៅថ្ងៃទី៤ ខែកុម្ភៈ ប៉ូលិសបានចាប់ខ្លួនស្រីឈ្មួញកណ្តាលជនជាតិថៃ ដែលបោកប្រាស់ពលករថៃទៅធ្វើការនៅកូរ៉េខាងត្បូង ជាដំបូងរកឃើញថា មានអ្នកចាញ់បោកជាង៥០នាក់ ។

ស្រីឈ្មួញកណ្តាលរូបនេះឈ្មោះ អ៊ីន ថុន ត្រូវបានប៉ូលិសចាប់ខ្លួននៅផ្ទះលេខ៤/៣ ឃុំហ្វាហ្វាំង ស្រុកម៉ែ ព្រិក ខេត្តឡាំប៉ាង ដោយស្រ្តីរូបនេះអះអាងថា នឹងនាំពលករថៃទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ហើយអ្នកជឿ ក៏ព្រមផ្ទេរប្រាក់ថ្លៃរត់ការឯកសារចាប់ពីរាប់ម៉ឺនបាត ដល់រាប់សែនបាតឱ្យនាង ។ តាមការសាកសួរបឋម ស្ត្រីជាប់ចោទបានយល់ព្រមសារភាព ហើយប៉ូលិសនឹងចាត់វិធានការតាមច្បាប់បន្តទៀត ។ កាលពីខែកក្កដា ឆ្នាំ២០២២ កន្លងមក មានអ្នកចាញ់បោកស្ត្រីខាងលើនេះជាច្រើននាក់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស ក្នុងករណីឆបោកប្រជាពលរដ្ឋ និងបោកបញ្ឆោតមនុស្សទៅធ្វើការនៅក្រៅប្រទេស ។ ជនរងគ្រោះនិយាយថា ស្ត្រីរូបនេះអះអាងថា ខ្លួនអាចនាំពលករថៃទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងបាន ដោយទាមទារប្រាក់ដល់ខ្ទង់សែនបាត ដោយនិយាយថា ប្រាក់នេះសម្រាប់ធានារ៉ាប់រងលើការធ្វើដំណើរ ប៉ុន្តែពលរដ្ឋថៃទាំងនោះមិនបានទៅធ្វើការពិតប្រាកដឡើយ ខណៈពួកគេបានផ្ទេរប្រាក់ទៅឱ្យនាងរួចហើយ ប៉ុន្តែមិនអាចទាក់ទងបានទៀត ។

ប៉ូលិសបានសាកសួរទៅកាន់ការិយាល័យកណ្តាលផ្នែកចុះឈ្មោះរកការងារ និងការពារសិទ្ធិអ្នករកការងារធ្វើ ដើម្បីស្វែងរកប្រវត្តិស្ត្រីឈ្មោះ អ៊ីន ថុន ។ តាមការស្រាវជ្រាវបង្ហាញថា ស្ត្រីឈ្មោះ អ៊ីន ថុន មិនបានទទួលការអនុញ្ញាតដើម្បីរកការងារឱ្យពលករថៃទៅធ្វើការនៅក្រៅប្រទេស និងមិនបានចុះឈ្មោះជាឈ្មួញកណ្តាលទេ ។ តាមទិន្នន័យរបស់នាយកដ្ឋានស្វែងរកការងារបង្ហាញថា មានជនរងគ្រោះចំនួន១៦នាក់បានទៅតវ៉ា ដោយសារពួកគេម្នាក់ៗចំណាយប្រាក់អស់៤សែនបាត ហើយគ្មានការងារធ្វើ ៕

website_news/2023070205.txt · Last modified: 2023/02/07 09:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki