website_news:2023070303

ឃាត់ខ្លួនបុរសជនជាតិថៃម្នាក់ ពាក់ព័ន្ធនឹងអំពើឃា.តកម្ម ដោយប្ល.ន់ស.ម្លាប់ស្ត្រីពលករខ្មែរម្នាក់នៅច្រករបៀង នៃព្រំដែន នាស្រុកអូរជ្រៅ-ណូនម៉ាក់មុន

https://cen.com.kh/archives/628332.html Posted ByPen Srey NeatMarch 6, 2023

បន្ទាយមានជ័យៈ កម្លាំងសមត្ថកិច្ចនគរបាលស្រុកអូរជ្រៅ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការនឹងនគរបាលការពារព្រំដែន នគរបាលដែនដីភាគីថៃ នៅស្រុកគោកធ្យូង ខេត្តស្រះកែវ កាលពីថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០២៣ បានធ្វើការ ឃាត់ខ្លួន ជនសង្ស័យជនជាតិថៃម្នាក់ ដែលជាមេខ្យល់ នាំពលករឆ្លងដែនខុសច្បាប់ ពាក់ព័ន្ធនឹងអំពើ ឃាតកម្ម ដោយប្លន់សម្លាប់ស្ត្រីពលករខ្មែរម្នាក់ ប្រព្រឹត្តកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្នុងព្រៃចំការមីនព្រំដែន ខាងលិចទំនប់ក៥ ពីផ្លូវជាតិលេខ៥៨ ស្ថិតនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្ដបន្ទាយមានជ័យ គឺទល់មុខថ្នល់ខ្មៅថៃ ភូមិអាងសិលាថៃ ឃុំណូនម៉ាកម៉ុន ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ ។

យោងតាមសមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហុង ខាវសិរីវេត (ហៅហុង) ភេទប្រុស អាយុ៥១ឆ្នាំ ជាមេខ្យល់ជនជាតិថៃ រស់នៅភូមិណាំគៀង ឃុំណូនម៉ាក់មុន ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ។ ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ស្វៃ សុភត្រ្តា អាយុ ៣៨ ឆ្នាំ ទីលំនៅភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ក្រោយឃាត់ខ្លួនជនសង្ស័យ, សមត្ថកិច្ចនៃភាគីទាំងពីរ បាននិងកំពុងសម្របសម្រួលនីតិវិធី ក្នុងការសួរចម្លើយជនសង្ស័យ និងនីតិវិធីបញ្ជូនមកប្រទេសកម្ពុជា ។

បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលជាតិ ដើម្បីរៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនបន្តទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកឯ សាកសពរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅគ្រួសាររបស់ជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ចន្ទា ភា

website_news/2023070303.txt · Last modified: 2023/03/07 09:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki