website_news:2023070304

រដ្ឋមន្ដ្រីមហាផ្ទៃ ឱ្យពលរដ្ឋបន្តរួមគ្នាគាំទ្រ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព

https://dap-news.com/national/2023/03/06/317034/ ByPH104Posted on March 6, 2023

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តរួមគ្នាគាំទ្រ ការអនុវត្តគោល នយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

ក្នុងពិធីបុណ្យឆ្លងចេតិយ និងតម្កល់អដ្ឋិធាតុ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធឧបាសិកា ស ស៊ន់ និងឧបាសក ឈុន ឈាន ព្រមទាំងញាតិកាលទាំង ៧សន្ដាន នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ សម្ដេច ស ខេង បានរំលឹកអំពីប្រវត្តិក្រុមគ្រួសារ សម្ដេច នៅភូមិកំណើត ពិសេសប្រវត្តិឆ្លងកាត់សង្គ្រាមបែកបាក់ និងផល នៃការបញ្ចប់សង្គ្រាម នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍទាំង នៅក្នុងមូលដ្ឋានឃុំក្របៅ និងនៅទូទាំងប្រទេស។ សម្ដេច មានប្រសាសន៍ថា «សូមអំពាវនាវ ឱ្យប្រជាពលរដ្ឋបន្តរួមគ្នាគាំទ្រ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»។ នាឱកាសនោះ សម្ដេច ក៏បានណែនាំពលរដ្ឋ ត្រៀមអញ្ជើញទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗ ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពិសេសគាំទ្រការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា លក្ខណសម្បត្តិ របស់ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព មានចំនួន០៧ យ៉ាង រួមមាន៖ ទី១-ផ្ដល់សេវាធាណរណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ,ទី២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ,ទី៣-មានសណ្ដាប់ធ្នាប់សាសធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ,ទី៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ដ្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង ,ទី៥-ដោះស្រាយវិវាទនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធិភាព ,ទី៦-មានអនាម័យ មានសោភ័ណភាពល្អ និងទី៧-ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្ដរាយ និងរាល់ជំងឺឆ្លងរាតត្បាត កាចសាហាវ ប្រកបដោយប្រសិទ្ធិភាព៕

website_news/2023070304.txt · Last modified: 2023/03/07 09:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki