website_news:2023070306

ក្រុមពលករធ្វើការនៅប្រទេសថៃ ស្នើរដ្ឋាភិបាលឱ្យបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន

https://www.rfa.org/khmer/news/social-economy/workers-and-civil-society-organizations-call-on-government-to-reduce-passport-fees-03062023120727.html ដោយ ជី វិតា2023.03.06

ពលករខ្មែរធ្វើការនៅប្រទេសថៃ ស្នើសុំរដ្ឋាភិបាលឱ្យបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន ដើម្បីឲ្យពលរដ្ឋក្រីក្រ មានលទ្ធភាពចំណាយ ហើយអាចធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសដោយស្របច្បាប់។ មន្ត្រីអង្គការសង្គមស៊ីវិល គាំទ្រចំពោះការស្នើសុំនេះ និងជំរុញឱ្យរដ្ឋាភិបាលបង្កើនចំនួនខេត្ត ធ្វើលិខិតឆ្លងដែនឱ្យបានច្រើន ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋ។ ពលករខ្មែរធ្វើការនៅប្រទេសថៃ ស្នើសុំឱ្យរដ្ឋាភិបាលបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែនឱ្យបានឆាប់ ដើម្បីជួយកាត់បន្ថយចំណាយរបស់ពួកគេ ក្នុងការបំពេញឯកសារ ធ្វើការនៅប្រទេសថៃ និងប្រទេសផ្សេងទៀត។

ពលករខ្មែរម្នាក់ ដែលកំពុងធ្វើការនៅខេត្តសមុទ្រប្រាកាន លោក គួ សាវឿន ប្រាប់វិទ្យុអាស៊ីសេរីថា លោកបានធ្វើចំណាកស្រុកជាមួយប្រពន្ធលោក ទៅធ្វើការនៅប្រទេសថៃ កាលពីឆ្នាំ២០១៥ ដោយត្រូវចំណាយអស់ម្នាក់ ១ម៉ឺនបាត (១០.០០០បាត) ឬប្រហែល ៣០០ដុល្លារអាមេរិក ដើម្បីបំពេញឯកសារឱ្យបានស្របច្បាប់។ លោកបន្ថែមថា លោកបានបង់លុយឱ្យក្រុមហ៊ុនឯកជន ដើម្បីបំពេញបែបបទឯកសារឱ្យលោក ប៉ុន្តែដោយសារក្រុមហ៊ុនធ្វើឯកសារយឺតយ៉ាវ តម្រួតថៃបានចាប់ប្រពន្ធលោក និងកូនរបស់លោក ដែលមានអាយុទើបតែ ២ខែ ទៅបង្ខាំងទុកទៅប៉ុស្តិ៍ប៉ូលិសខូកខាម (Khok Kham) បាត់ ហើយនៅថ្ងៃទី៥ ខែមិនា ហើយពេលនេះលោកកំពុងយកលុយ ២ម៉ឺនបាត (២០.០០០បាត) ឬប្រហែល ៦រយដុល្លារអាមេរិក ដើម្បីយកប្រពន្ធកូនរបស់លោកវិញ។ លោក គួ សាវឿន បន្ថែមថា គ្រួសាររបស់លោកមិនសូវបានផ្ញើលុយទៅស្រុកកំណើតវិញនោះទេ ព្រោះលោកត្រូវចំណាយលើថ្លៃបំពេញឯកសារស្របច្បាប់ច្រើន។ លោក គួ សាវឿន «ចុះតម្លៃមកអ៊ីចឹង បងប្អូនយើងគាត់អាចធ្វើច្រើន (ឯកសារស្របច្បាប់) ពេលនេះ បងប្អូនគាត់ដាច់ឯកសារ ដល់ពេលជួលគេទៅធ្វើអស់ថ្លៃ។ ជួនកាលធ្វើការមួយថ្ងៃបាន ៣០០រយ ឬ១០ដុល្លារ អី ហើយគាត់ធ្វើអ៊ីចឹងទៅ បងប្អូនខ្លះគាត់ខ្វល់គាត់ខ្វាយ ពួកតម្រួតថៃចង់ចុះចាប់ ចង់អីអ៊ីចឹង ពិបាកចិត្តដែររាល់ថ្ងៃហ្នឹង»។

ស្រដៀងគ្នានេះ ពលករខ្មែរម្នាក់ទៀត ដែលកំពុងធ្វើការនៅទីក្រុងបាងកក (Bangkok) លោក ហាក់ ស្លូ ប្រាប់វិទ្យុអាស៊ីសេរីថា លោកបានមកធ្វើការនៅប្រទេសថៃជាមួយប្រពន្ធជិត២ឆ្នាំមកហើយ ប៉ុន្តែគ្រួសាររបស់លោកនៅតែមិនអាចមានលទ្ធភាពឱ្យកូនចូលរៀនបាននោះឡើយ។ លោកបន្ថែមថា បច្ចុប្បន្នលោកកំពុងទាក់ទងឱ្យក្រុមហ៊ុនឯកជនរត់ឯកសារ ដើម្បីបានធ្វើការស្របច្បាប់នៅប្រទេសថៃបន្ត ដោយលោកត្រូវចំណាយក្នុងម្នាក់ ៧ពាន់បាត (៧.០០០បាត) ឬប្រហែលជាង ២រយដុល្លារអាមេរិក (២០០ដុល្លារ)។ លោក ហាក់ ស្លូ ស្នើសុំរដ្ឋាភិបាលឱ្យបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែនឱ្យបានឆាប់ ដើម្បីជួយកាត់បន្ថយការចំណាយគ្រួសាររបស់លោក និងពលរដ្ឋខ្មែរដទៃទៀត។ លោក ហាក់ ស្លូ៖ «បានតែមួយហូប មួយចិញ្ចឹមកូន ព្រោះកូនច្រើនពេក ៣នាក់ ហើយនៅតូចៗ។ សំណូមពរដល់រដ្ឋាភិបាលខ្មែរយើង ឱ្យចុះតម្លៃធ្វើប៉ាស្ព័រជាងហ្នឹងទៀត ព្រោះខ្ញុំរកលុយអត់សូវបានអ៊ីចឹងទៅ មានលុយឱ្យកូនបានចូលរៀន»។ ប្រៀបធៀបជាមួយធ្វើលិខិតឆ្លងដែនជាមួយប្រទេសជិតខាងវិញ ការធ្វើលិខិតឆ្លងដែនកម្ពុជាមានតម្លៃថ្លៃជាងគេ។ ដើម្បីធ្វើលិខិតឆ្លងដែនប្រើប្រាស់ ប្រជាពលរដ្ឋខ្មែរត្រូវចំណាយចាប់ពីជាង ១រយដុល្លារ (១១០ដុល្លារ) ទៅដល់ជាង ២រយដុល្លារអាមេរិក (២៣០ដុល្លារ) ខណៈការធ្វើលិខិតឆ្លងដែន ប្រទេសថៃ (Thailand) និងប្រទេសឡាវ (Lao) ប្រជាពលរដ្ឋនៃប្រទេសទាំង ២នេះ ត្រូវចំណាយត្រឹម ៥០ដុល្លារតែប៉ុណ្ណោះ។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអគ្គស្នងការរង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថន ដើម្បីបកស្រាយជុំវិញការស្នើសុំនេះបានទេ នៅថ្ងៃទី៥ ខែមិនា ដោយទូរស័ព្ទចូល តែលោកថា កំពុងជាប់រវល់។ ទោះជាយ៉ាងណាក្ដី នៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសកលវិទ្យាល័យឯកទេសនៃកម្ពុជា នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១ ខែមីនា កន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថា រដ្ឋាភិបាលកំពុងពិចារណាបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់នៅឡើយទេ។

លោក កែវ វណ្ណថន៖ «ឥឡូវមានតែប៉ាស្ព័រទេ ដែលមានតម្លៃ ហើយមានអ្នកខ្លះគាត់ស្រែកថា ប៉ាស្ព័រហ្នឹងថ្លៃពេក (សំឡេងសើច) ថ្លៃពេកដែរ រដ្ឋាភិបាលនឹងពិចារណាទៀត តើតម្លៃប៉ុណ្ណា ដែលស្រប ព្រោះរដ្ឋាភិបាលយើងនេះកើតចេញពីការបោះឆ្នោត»។

ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការសង់ត្រាល់ (CENTRAL) លោក មឿន តុលា គាំទ្រ ចំពោះការស្នើសុំឱ្យរដ្ឋាភិបាលបញ្ចុះតម្លៃក្នុងការធ្វើលិខិតឆ្លងដែនឱ្យបានឆាប់ ។ លោកបន្ថែមថា ការបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែនមិនត្រឹមតែជួយកាត់បន្ថយចំណាយពលករខ្មែរ ដែលធ្វើការចំណាកស្រុកប៉ុណ្ណោះទេ តែក៏ជាកត្តាជំរុញពលករខ្មែរឱ្យធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ទៀតផង។ លើសពីនេះ លោកថា រដ្ឋាភិបាលគួរអនុញ្ញាតឱ្យខេត្តនីមួយៗអាចធ្វើលិខិតឆ្លងដែនដល់ប្រជាពលរដ្ឋផ្ទាល់ខ្លួនដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋផងដែរ។ លោក មឿន តុលា៖ «នីតិវិធីនៃការធ្វើប៉ាស្ព័រហ្នឹង យើងធ្វើម៉េចកុំឱ្យវាចំណាយ ឬកុំឱ្យវាមានភាពស្មុគស្មាញទៅដល់ប្រជាពលរដ្ឋពេក ហើយឥឡូវនេះយើងមាននៅភ្នំពេញ និងបាត់ដំបង ប៉ុន្តែ បើសិនជាអាចធ្វើប្រតិភូកម្ម ទៅឱ្យបណ្ដាខេត្តអីផ្សេងៗ ទៀត ក៏ល្អដែរ ដើម្បីឱ្យប្រជាពលរដ្ឋយើងនៅតាមខេត្តមួយចំនួនហ្នឹង គាត់មិនចាំបាច់ឡើងមកភ្នំពេញ មិនចាំបាច់ឡើងទៅបាត់ដំបងអី លោកអាចធ្វើបាននៅខេត្ត ដែលខ្លួនរស់នៅហ្នឹងឯងបាទ»។

ប្រជាពលរដ្ឋខ្មែរបានធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសរាប់លាននាក់ ក្នុងនោះភាគច្រើននៅប្រទេសថៃ។ ជាមួយគ្នានេះ ពលករខ្មែរធ្វើការនៅប្រទេសថៃ នៅតែប្រឈមជីវភាពលំបាក ដោយសារការចំណាយច្រើនទៅលើការធ្វើលិខិតឆ្លងដែន និងការបំពេញឯកសារផ្សេងៗ។ ស្របពេលប្រជាពលរដ្ឋកម្ពុជារកចំណូលបានទាបជាងគេ ប្រៀបធៀបជាមួយប្រទេសជិតខាង អង្គការសង្គមស៊ីវិល លើកឡើងថា រដ្ឋាភិបាលកម្ពុជាគួរតែបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែនឱ្យបានទាបជាង ឬយ៉ាងហោចណាស់ស្មើប្រទេសជិតខាង ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋខ្លួនឯង៕

website_news/2023070306.txt · Last modified: 2023/03/07 09:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki