website_news:2023070404

កម្ពុជាស្នើអង់គ្លេសចែករំលែកបទពិសោធន៍ក្នុងការពង្រឹងសមត្ថភាពប្រយុទ្ធឧក្រិដ្ឋកម្មឆ្លងដែន

https://www.postkhmer.com/national/2023-04-05-1726-248811.html សុខ រក្សា | Publication date 05 April 2023 | 17:26 ICT

ភ្នំពេញៈ កម្ពុជាបានស្នើចក្រភពអង់គ្លេសចែករំលែកបទពិសោធន៍ក៏ដូចជាការអនុវត្តល្អៗដល់កម្ពុជាក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពកងកម្លាំងអនុវត្តច្បាប់ឱ្យកាន់តែខ្លាំងថែមដើម្បីត្រៀមខ្លួនប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបទល្មើសប្រឆាំងការជួញដូរមនុស្ស ។

សំណើនេះត្រូវបានលើកឡើងក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតជូនលោកDominic William ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាដែលទើបតែងតាំងថ្មី ចូលជួបសម្ដែងការគួរសមនៅវិមានសន្តិភាព នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។ លោកស ខេង បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកស្តីពីជំនួបនោះ ដោយបានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំង២ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងចក្រភពអង់គ្លេសជាមួយក្រសួងមហាផ្ទៃកម្ពុជាលើវិស័យនានាដែលក្រសួងមហាផ្ទៃទទួលខុសត្រូវ។

ជាមួយគ្នានេះដែរ តាមរយៈអាណត្តិបេសកកម្មការទូតរបស់លោក Dominic William នៅកម្ពុជា លោកស ខេង សង្ឃឹមថា នឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំង២ក៏ដូចជាជាមួយនឹងក្រសួងមហាផ្ទៃកាន់តែរីកចម្រើនលូតលាស់ថែមទៀត។ ប្រភពដដែលបញ្ជាក់ថា៖«សម្ដេចក៏សុំយកឱកាសនេះសម្តែងនូវបំណងឱ្យមានកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លាថែមទៀត ក៏ដូចជាស្នើឱ្យមានការចែករំលែកបទពិសោធន៍ក៏ដូចជាការអនុវត្តល្អៗរបស់ចក្រភពអង់គ្លេស ក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពកងកម្លាំងអនុវត្តច្បាប់របស់កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀតនៅក្នុងការងារប្រយុទ្ធប្រឆាំងទៅឧក្រិដ្ឋកម្មឆ្លងដែន»។

ប្រភពបានបន្តទៀតថា ជាការឆ្លើយតបលោកDominic William បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំង២កម្ពុជា និងចក្រភពអង់គ្លេស ដែលក្នុងនោះក៏មានទំនាក់ទំនងដ៏ល្អជាមួយក្រសួងមហាផ្ទៃលើវិស័យការងារពាក់ព័ន្ធ រួមទាំងកិច្ចសហប្រតិបត្តិការល្អពាក់ព័ន្ធនឹងកិច្ចការកុងស៊ុលផងដែរ។

ជាមួយគ្នានេះ លោកDominic ក៏វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសកោតសរសើរលោក ស ខេង ដែលបានដឹកនាំផ្ទាល់ខិតខំប្រឹងប្រែងក្នុងការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ធ្វើឱ្យកម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះនៃប្រទេសមានហានិភ័យក្នុងការសម្អាតប្រាក់។ ប្រភពខាងលើបញ្ជាក់ថា៖«ការងារពាក់ព័ន្ធទៅនឹងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ឯកឧត្តម Dominic ក៏សម្ដែងនូវសេចក្ដីរីករាយដែលបានចូល រួមចំណែក ជាមួយនឹងបណ្ដាប្រទេសសមាជិកអាស៊ានក្នុងការអនុវត្តនូវយន្តការនានាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស។ ឯកឧត្ដមចាត់ទុកថា សមិទ្ធផលការងារដូចបានបញ្ជាក់មកនេះ គឺជាការបង្ហាញអំពីការប្ដេជ្ញាចិត្ត និងឆន្ទៈរបស់ចក្រភពអង់គ្លេសក្នុងការរួមចំណែករក្សានូវសន្តិសុខល្អនៅក្នុងតំបន់»។

លោក ស ខេង បានយកឱកាសនេះថ្លែងអំណរគុណចំពោះលោកDominicដែលបានវាយតម្លៃទៅលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសសម្អាតប្រាក់ ដែលធ្វើឱ្យកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះ។ លោកស ខេង ថ្លែងថា៖«រាជរដ្ឋាភិបាលកម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសគឺបទល្មើសពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស និងគ្រឿងញៀនខុសច្បាប់ដែលបញ្ហានេះ គឺជាបញ្ហាមួយមានភាពស្មុគស្មាញ ហើយដែលកម្ពុជាត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាធំៗទាំងនេះ»។ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសង្កត់ធ្ងន់ថា ការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសគឺបទល្មើសប្រឆាំងការជួញដូរមនុស្សកម្ពុជាតែឯងមិនអាចធ្វើបាននោះទេ គឺទាមទារជាចាំបាច់នៃកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតតំបន់ និងសកលលោកដើម្បីរួមសហការគ្នាស្រាវជ្រាវផ្តន្ទាទោសដល់អ្នកពាក់ព័ន្ធក៏ដូចជាមេខ្លោងក្នុងបទល្មើសទាំងនេះ ៕

website_news/2023070404.txt · Last modified: 2023/04/07 10:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki