website_news:2023070405

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច៖ អំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្ស បានកើតឡើង និងកំពុងរីកសាយភាយគ្រប់ទីកន្លែង គ្រប់រូបភាព ភាគច្រើនជាឧក្រិដ្ឋកម្មឆ្លងដែន

https://freshnewsasia.com/index.php/en/localnews/285416-2023-04-06-13-38-20.html 2023-04-06 08:38pm

(ភ្នំពេញ)៖ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងបញ្ជាក់ថា អំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្សបានកើតឡើង និងកំពុងរីកសាយភាយគ្រប់ទីកន្លែងគ្រប់រូបភាព ហើយភាគច្រើនជាឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង ហើយឧក្រិដ្ឋកម្មនេះបានធ្វើឲ្យប៉ះពាល់ទាំងថ្នាក់ជាតិ តំបន់ និងលើពិភពលោក ។ លោកបានបន្ថែមថា បញ្ហានេះប្រទេសកម្ពុជាបាននឹងកំពុងបង្កើតរៀបចំចង់ក្រងផ្សព្វផ្សាយ អនុវត្តគោលនយោបាយផែនការយុទ្ធសាស្រ្ត កិច្ចព្រមព្រៀងទ្វេភាគី ពហុភាគី និងយន្តការនានាសំដៅប្រយុទ្ធប្រឆាំង និងចូលរួមកាត់បន្ថយឲ្យបានជាអតិបរិមានូវអំពើជួញដូរមនុស្សទាំងក្នុងក្របខ័ណ្ឌជាតិ តំបន់ និងលើពិភពលោក ពិសេសជាងនោះទៅទៀត សព្វថ្ងៃនេះជនរងគ្រោះក៏បាន និងកំពុងតែកើតមាននៅក្នុងប្រទេសគោលដៅផងដែរ ដូចជាប្រទេសចិន ឥណ្ឌូនេស៊ី ថៃ ។

លោក ញ៉ឹក វណ្ណារ៉ា បានថ្លែងដូចនេះ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី នីតិវិធីនៃដំណើរការមាតុភូមិនិវត្តន៍ជនរងគ្រោះ និងជនសង្ស័យថារងគ្រោះ ដោយអំពើជួញដូរមនុស្សតាមផ្លូវអាកាស។ ពិធីនេះក៏មានការចូលរួមពីលោក គង់ សូភណារ៉ា ទីប្រឹក្សាក្រសួងសង្គមកិច្ច លោក តូនី ផូសណិត នាយកប្រចាំប្រទេសអង្គការ រតនៈអន្តរជាតិ លោក ជ័យ រដ្ឋា ប្រធាននាយកដ្ឋានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក លោកស្រី ប្រធាននាយកដ្ឋាន ប្រធានអង្គការ ឬតំណាងអង្គការ ស្ថាប័នដៃគូអភិវឌ្ឍន៍ និងអង្គការពាក់ពន្ធ័ជាច្រើនរូប។

លោក បានបន្ថែមទៀតថា ជនរងគ្រោះទាំងអស់នោះភាគច្រើន មានការសម្របសម្រួលតាមរយៈស្ថានទូត និងក្រសួងការបរទេស ដែលផ្តល់ឲ្យមកក្រសួងសង្គមកិច្ច អតីយយុទ្ធជន និងយុវនីតិសម្បទា ក្នុងការទទួល និងបញ្ជួនពួកគាត់ទៅរកសេវាស្នាក់នៅរយៈពេលវែង និងសេវាចាំបាច់នានា ពេលខ្លះការសម្របសម្រួលនោះមានភាពអសកម្មខ្លះដោយសារតែយើង មិនទាន់មានឯកសារជាក់លាក់ណាមួយ បង្ហាញឲ្យស៊ីជម្រៅ និងពេញលេញសម្រាប់មន្រ្តីអ្នកអនុវត្តទាំងនោះនៅឡើយ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននឹងកំពុងចងក្រងលិខិតបទដ្ឋានមួយចំនួនដើម្បីជាយន្តការក្នុងការសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះ និងសង្ស័យថារងគ្រោះតាមផ្លូវអាកាសដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់ការសម្របសម្រួលទទួល ជនរងគ្រោះដោយមានទំនូលខុសត្រូវតាមជំនាញរបស់ខ្លូន និងផ្តល់សេវាឲ្យមានប្រសិទ្ធភាពដល់ជនរងគ្រោះ ។

លោក ញ៉ឹក វណ្ណារ៉ា ក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមក្រុមការងារបច្ចេកទេស (អ្នកអនុវត្តជាក់ស្តែង) របស់លោក លោកស្រី ស្តីពីនីតិវិធីនៃដំណើរការមាតុភូមិ និវត្តន៍ជនរងគ្រោះ និងជនសង្ស័យថារងគ្រោះ ដោយអំពើជួញដូរមនុស្សតាមផ្លូវអាកាសដើម្បីជាប្រយោជន៍ដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងរំលោភបំពានផ្លូវភេទ ពិសេសកុមាររងគ្រោះដោយ អំពើជួញដូរ មនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទនៅព្រះរាជាណាចក្រកម្ពុជាផងដែរ៕

website_news/2023070405.txt · Last modified: 2023/04/07 10:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki