website_news:2023070601

ថៃបន្តកិច្ចសន្យាជាមួយពលករចំណាកស្រុកជាង ២០០.០០០នាក់

https://www.information.gov.kh/articles/106486 AKP ភ្នំពេញថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣

សេចក្តីសម្រេចមួយកាលពីពេលថ្មីៗនេះរបស់គណៈរដ្ឋមន្ត្រីថៃ ក្នុងការបន្តកិច្ចសន្យាការងារសម្រាប់ពលករចំណាកស្រុកជាង ២០០.០០០នាក់ បានបន្ធូរបន្ថយការព្រួយបារម្ភអំពីកង្វះកម្លាំងពលកម្មក្នុងស្រុក។

លោក ប៉ូច អារ៉ាមវឌ្ឍនានុន្ត (Poj Aramwattananont) អនុប្រធានសភាពាណិជ្ជកម្មថៃ និងជាប្រធានគណៈកម្មាធិការអភិវឌ្ឍការងារ និងជំនាញបាននិយាយថា ដោយផ្អែកទៅលើកិច្ចពិភាក្សាដែលបានធ្វើឡើងជាមួយសភា និងសហព័ន្ធឧស្សាហកម្មថៃ (FTI) គណៈរដ្ឋមន្ត្រីថៃបានអនុម័តទៅលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ស្តីពីពលករបរទេសមកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា; ព្រមទាំងកិច្ចព្រមព្រៀងស្តីពីពលករបរទេសមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ការអនុម័តនេះ គឺផ្អែកទៅលើដំណោះស្រាយមួយរបស់គណៈរដ្ឋមន្ត្រីចាប់ពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ និងមួយទៀតចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។ យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក អានុចា ប៊ូរ៉ាប៉ាចៃស្រ៊ី (Anucha Burapachaisri) បានឱ្យដឹងថា ការអនុវត្តនេះ គឺមានបំណងពង្រឹងសន្តិសុខសេដ្ឋកិច្ច។ ការបន្ថែមនេះអនុវត្តចំពោះពលករចំណាកស្រុកដែលបានទៅប្រទេសថៃក្រោម MoU ទាក់ទងនឹងការងារដែលចុះហត្ថលេខាដោយរដ្ឋាភិបាល។

ទោះជាយ៉ាងណាក៏ដោយ លោក អានុចា បាននិយាយថា គណៈរដ្ឋមន្ត្រីបានផ្លាស់ប្តូរគំនិតរបស់ខ្លួន ហើយបានអនុម័តលើការបន្តកិច្ចសន្យានាពេលនេះ ខណៈដែលភាពមិនប្រាកដប្រជានៃការបង្កើតរដ្ឋាភិបាលកំពុងគំរាមកំហែងដល់ការបន្សល់ទុកនូវចន្លោះទំនេរដ៏ធំមួយ។ គណៈរដ្ឋមន្ត្រីពីមុនបានច្រានចោលសំណើរបស់ក្រសួងសម្រាប់ការពន្យារពេលកិច្ចសន្យានេះ ដោយបារម្ភថាវានឹងបង្កើតបន្ទុកនៃការទទួលខុសត្រូវដល់រដ្ឋាភិបាលថ្មី។ បើតាមឧបនាយករដ្ឋមន្ត្រីថៃ លោក វីស្សានុ គ្រាង៉ាម (Wissanu Krea-ngam) បានឱ្យដឹងថា បើគ្មានការពន្យាពេលកិច្ចសន្យានេះទេ ពលករចំណាកស្រុកត្រូវត្រឡប់ទៅផ្ទះវិញ ហើយរង់ចាំរហូតដល់មានរដ្ឋាភិបាលថ្មីចូលកាន់អំណាចទើបពួកគេអាចត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញបាន៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)

website_news/2023070601.txt · Last modified: 2023/06/07 09:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki