website_news:2023070602

សង្គមស៊ីវិលទទូចឲ្យក្រសួងមហាផ្ទៃស្វែងរកអ្នកនៅពីក្រោយខ្នងករណីជួញដូរមនុស្ស

https://www.rfa.org/khmer/news/human-rights/ngos-urged-interior-ministry-to-find-leaders-behind-human-trafficking-case-06042023084850.html ដោយ សេក បណ្ឌិត2023.06.04

មន្ត្រីអង្គការសង្គមស៊ីវិល នៅតែទទូចឲ្យក្រសួងមហាផ្ទៃមានវិធានការតឹងរ៉ឹង ក្នុងការស្វែងរកអ្នកនៅពីក្រោយខ្នង នៃការប្រព្រឹត្តបទល្មើសជួញដូរមនុស្ស។ ការលើកឡើងនេះ នៅបន្ទាប់ពីសមត្ថកិច្ចបានជួយសង្គ្រោះជនបរទេសចំនួន២២នាក់បន្ថែមទៀត។ មន្ត្រីអង្គការសង្គមស៊ីវិល នៅតែព្រួយបារម្ភអំពីករណីជួញដូរមនុស្សនៅកម្ពុជា ខណៈដែលក្រសួងមហាផ្ទៃ នៅតែទទួលពាក្យបណ្តឹងឲ្យជួយសង្គ្រោះជនបរទេសស្ទើរជារៀងរាល់ថ្ងៃ ដែលអ្នកនោះ ជាជនរងគ្រោះក្នុងអំពើជួញដូរមនុស្ស ។

ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(ADHOC) លោក នី សុខា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២ ឧសភា ថា ទិន្នន័យដែលបង្ហាញពីចំនួនការជួញដូរមនុស្សនៅកម្ពុជា នៅតែស្ថិតនៅក្នុងចំនួនច្រើនគួរឲ្យព្រួយបារម្ភ។ លោកយល់ថា អំពើពុករលួយអាចជាឬសគល់ នៃការជួញដូរមនុស្ស ដែលធ្វើឲ្យអ្នកប្រព្រឹត្តបទល្មើសនេះ មិនខ្លាចច្បាប់។ លោក នី សុខា សង្ស័យថា អ្នកប្រព្រឹត្តការជួញដូរមនុស្សនេះ មិនមែនជាជនសាមញ្ញ គ្មានអ្នកកាងនៅពីក្រោយអាចមកធ្វើបាននោះទេ ពោលអ្នកដែលហ៊ានធ្វើរឿងនេះសុទ្ធតែអ្នកមានខ្សែបណ្ដាញមានឥទ្ធិពលជាដើម។

គិតត្រឹមថ្ងៃទី១ ខែមិថុនា សំណើក្នុងបញ្ជីតាមដានរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង មានចំនួន ជិត១ពាន់ករណី(៩១៦) ក្នុងនោះមានមនុស្សជាង២ពាន់នាក់(២.១៩៨ )។ ក្រសួងមហាផ្ទៃ បញ្ជាក់ថា ការស្រាវជ្រាវបឋមមានចំនួនជិត៩រយសំណើ(៨៦៩ ) និងបិទសំណុំរឿងជិត ៣រយសំណើ(២៩៥ )។ ក្នុងនោះ សមត្ថកិច្ច រកឃើញមនុស្សជាង១ពាន់ ( ១.៣៣៧)នាក់ និងឃាត់ខ្លួនជនសង្ស័យជាងមួយរយនាក់(១៣៥) បិទទីតាំងក្រុមហ៊ុនចំនួន៥ និងផ្អាកដំណើរការក្រុមហ៊ុនមួយចំនួនដើម្បីបន្តការស៊ើបអង្កេត។ រីឯប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត មានចំនួន ៤៧ ករណី។ នៅថ្ងៃទី២ មិថុនា ក្រសួងមហាផ្ទៃ ក៏ទទួលបានពាក្យបណ្តឹងឲ្យជួយសង្គ្រោះជនបរទេស២នាក់ទៀតដែរ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មានប្រសាសន៍ថា កាលពីថ្ងៃទី៣០ និង៣១ ឧសភា សមត្ថកិច្ចបានទទួលសំណើចំនួន១០ ដែលស្នើឲ្យជួយសង្គ្រោះជនបរទេសចំនួន២២នាក់ ហើយសមត្ថកិច្ច បានជួយសង្គ្រោះរួចហើយ។ លោក ខៀវ សុភ័គ រំពឹងកម្ពុជានឹងអាចរួចផុតពីចំណាត់ថ្នាក់ទាប ដែលជាប្រទេសមានបទល្មើសជួញដូរមនុស្សច្រើនជាងគេ ក្រោយពីក្រសួងមហាផ្ទៃបានបើកយុទ្ធនាការដើម្បីជួយសង្គ្រោះជនរងគ្រោះពីអំពើជួញដូរ។ លោកបញ្ជាក់ថា កាលពីផ្ដើមយុទ្ធនាការដំបូង មានសំណើយ៉ាងហោចណាស់ ១០ក្នុងមួយថ្ងៃ ក៏ប៉ុន្តែថ្មីៗនេះសំណើជួយសង្គ្រោះជនរងគ្រោះនោះ គឺថមថយ ហើយថ្ងៃខ្លះពុំមានសំណើនោះទេ។ លោកស្នើឲ្យជនរងគ្រោះ ឬសាច់ញាតិ ទាក់ទងទៅហ្វេសប៊ុក (Facebook) លោក ស ខេង ដើម្បីរាយការណ៍ និងទទួលបានការជួយសង្គ្រោះទាន់ពេលវេលា។

កាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ការផ្សព្វផ្សាយរបស់ស្ថាប័នព័ត៌មានអន្តរជាតិអាល់ហ្ស៉ាហ្ស៊ីរ៉ា (Al Jazeera) បានបង្ហាញថា បណ្ដាញក្រុមហ៊ុនឆបោកចិនបើកអាជីវកម្មចាប់ជម្រិតមនុស្សបង្ខំឱ្យធ្វើការខុសច្បាប់នៅកម្ពុជា ដំណើរការទៅបានដោយសេរី គឺដោយសារតែក្រុមហ៊ុនទាំងនោះបានសហការ និងទទួលបានការជួយជ្រោមជ្រែងពីក្រុមមនុស្សអ្នកមានលុយមានអំណាច នៃបក្សពួកលោក ហ៊ុន សែន។ សារព័ត៌មានអន្តរជាតិនេះបានលាតត្រដាងថា មនុស្សស្និទ្ធនឹងលោក ហ៊ុន សែន ព្រមទាំងមន្ត្រីក្នុងជួររដ្ឋាភិបាលមួយចំនួនទៀតសុទ្ធតែមានអគារដូចជា នៅខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ សម្រាប់ផ្ដល់ឱ្យជនជាតិចិនបង្ខាំងមនុស្ស ដើម្បីបង្ខំឱ្យធ្វើការឆបោកមនុស្សនៅតំបន់អាស៊ីដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។

រីឯអគារដែលក្រុមជួញដូរមនុស្សនោះប្រើប្រាស់ដើម្បីប្រព្រឹត្តបទល្មើស តែងតែជាអគារធំៗ មានកាមេរ៉ាសុវត្ថិភាពគ្រប់ជ្រុង និងមានរបងខ្ពស់ៗផុតពីភ្នែកមនុស្ស ដែលមិនអាចមើលឃើញផ្នែកខាងក្នុងដោយភ្នែកទទេ ហើយមានសន្តិសុខយាមកាមតឹងរ៉ឹង ដែលមិនមានសកម្មភាពចេញចូលក្នុងបរិវេណនោះដោយងាយស្រួលនោះទេ។

ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏រកឃើញថា កម្ពុជាដើរថយក្រោយ និងគ្មានឆន្ទៈក្នុងការលុបបំបាត់ការជួញដូរមនុស្សដោយសារបញ្ហាអំពើពុករលួយជាប្រព័ន្ធ ដែលបានរារាំងដល់ការអនុវត្តច្បាប់លើក្រុមឧក្រិដ្ឋជន ដែលប្រព្រឹត្តនូវការជួញដូរមនុស្សនៅកម្ពុជា។ របាយការណ៍ស្ដីពីការជួញដូរមនុស្សឆ្នាំ២០២២ របស់ក្រសួងការបរទេសអាមេរិកបានទម្លាក់ចំណាត់ថ្នាក់កម្ពុជាកម្រិតទី៣ ដែលមានន័យថា អាក្រក់បំផុត និងពុំធ្លាប់មានចាប់តាំងពីឆ្នាំ២០១៥ មក៕

website_news/2023070602.txt · Last modified: 2023/06/07 09:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki