website_news:2023070603

កម្ពុជាកំពុងសហការជាមួយថៃជុំវិញការព្រួយបារម្ភអំពីការបណ្តេញពលករបរទេស

https://khmer.voanews.com/a/cambodia-discusses-with-thailand-over-concerns-of-cambodian-migrants-expelled/7123235.html ០៥ មិថុនា ២០២៣លាស់ លីបលីប

ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំទៅក្រសួងការងារកម្ពុជាឱ្យយកចិត្តទុកដាក់លើគោលនយោបាយថៃ ដែលលោកថា ចង់បណ្តេញពលករកម្ពុជា និងឡាវចេញពីប្រទេស ដែលជាគោលនយោបាយរបស់រដ្ឋាភិបាលថៃថ្មី។ មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារកម្ពុជាឱ្យដឹងថា ក្រសួងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលថៃលើបញ្ហានេះ។

នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករក្នុងខេត្តកណ្ដាល កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ លោក ហ៊ុន សែន ថ្លែងថា បើទោះបីថៃមិនទាន់ប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីជាផ្លូវការក៏ដោយ ប៉ុន្តែមានការគំរាមបណ្តេញពលករកម្ពុជា និងឡាវចេញពីប្រទេសថៃ។ លោកបន្តថា គោលនយោបាយនេះមិនត្រឹមតែប៉ះពាល់ពលករកម្ពុជាដែលកំពុងធ្វើការនៅទីនោះទេ ប៉ុន្តែវាថែមទាំងអាចបង្កនូវការខូតខាតដល់ក្រុមហ៊ុនថៃ ដែលកំពុងប្រើប្រាស់កម្លាំងពលកម្មបរទេស។ លោកថ្លែងថា៖ «មិនទាន់បានអីផង នៅក្នុងប្រទេសថៃ បានគំរាមបណ្តេញចេញនូវកម្មករកម្ពុជា និងកម្មករឡាវទៅហើយ។ ខ្ញុំគ្រាន់តែផ្តាំទៅថា អ្នកឈ្នះឆ្នោតក្នុងប្រទេសថៃ ខ្ញុំមិនជ្រៀតជ្រែកនយោបាយរបស់អ្នកទេ ក៏ប៉ុន្តែសង្ឃឹមថា អ្នកនឹងមើលឱ្យឆ្ងាយជាងប្រទេសថៃ ហើយអ្នកជាអ្នកឈ្នះឆ្នោត ក៏ប៉ុន្តែមិនប្រាកដថា អ្នកក្លាយទៅជានាយករដ្ឋមន្ត្រី និងបង្កើតរដ្ឋាភិបាលបានទេ។ ប៉ុន្តែអ្នកបានដាក់ចេញនូវនយោបាយមួយ ដែលវាបង្កនូវគ្រោះថ្នាក់ មិនមែនគ្រាន់តែសេដ្ឋកិច្ច គ្រាន់តែពលករកម្ពុជា និងពលករឡាវទេ តែវាខូតខាតសហគ្រាសរបស់ថៃ ដែលកំពុងប្រើប្រាស់ពលករទៅពីកម្ពុជា មកពីឡាវ ហើយមកពីមីយ៉ាម៉ាផងដែរ»។ លោក ហ៊ុន សែន បញ្ជាក់ថា បើនោះជាគោលនយោបាយថៃមែន វានឹងមិនទទួលបានការគាំទ្រពីប្រទេសជិតខាង ដូចជាកម្ពុជា និងឡាវឡើយ។

មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារកម្ពុជាអះអាងថា ក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងសហការជាមួយក្រសួងការងារថៃ និងអាជ្ញាធរពាក់ព័ន្ធ។ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមជាអក្សរ នៅថ្ងៃចន្ទថា៖ «រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលថៃ។ អ្វីដែលជាផែនការ ឬគោលនយោបាយរបស់ថៃ គឺក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និងសហការជាមួយក្រសួងការងារថៃ និងអាជ្ញាធរពាក់ព័ន្ធថៃ។ ប៉ុន្តែរហូតមកដល់ពេលនេះ គោលនយោបាយរបស់ថៃមិនទាន់មានអ្វីប្រែប្រួលនោះទេ»។ បើតាមលោក ហេង សួរ គិតត្រឹមខែឧសភា ឆ្នាំ២០២៣ ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃមានប្រមាណ១លាន២សែននាក់ ក្នុងនោះស្រ្តីមានជិត៥០ម៉ឺននាក់។

វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីស្ថានទូតថៃប្រចាំនៅកម្ពុជាតាមសារអ៊ីម៉ែលបាននៅឡើយទេ។

ប្រទេសថៃទើបតែបញ្ចប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិថ្មីរបស់ខ្លួន កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៣។ គណបក្ស Move Forward ទទួលបានសំឡេងគាំទ្រច្រើនជាងគេ ដោយទទួលបានសំឡេង១៥១អាសនៈក្នុងចំណោមអាសនៈចំនួន៥០០នៅក្នុងសភាជាន់ទាប។ គណបក្ស Pheu Thai ដែលដឹកនាំដោយកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រី Thaksin Shinawatra ទទួលបាន១៤១អាសនៈ។ ការប្រកាសនាយករដ្ឋមន្ត្រីថៃជាផ្លូវការនឹងធ្វើឡើងក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីការបោះឆ្នោត ដែលត្រូវការ៣៧៦សំឡេង ទើបអាចបង្កើតរដ្ឋាភិបាលបាន។

លោក ឌី ថេហូយ៉ា ប្រធានកម្មវិធីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ (CENTRAL) ប្រាប់វីអូអេនៅថ្ងៃចន្ទថា លោកមិនទាន់ជឿថា ប្រទេសថៃអនុវត្តគោលនយោបាយដូចអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងទេ ព្រោះថា ប្រទេសថៃក៏នៅត្រូវការកម្លាំងពលកម្មពីបរទេស ដែលរួមមានកម្ពុជា ឡាវ វៀតណាម និងភូមា។ ប៉ុន្តែលោកថា បើសិនជាប្រទេសថៃបញ្ជូនពលករកម្ពុជាមកវិញមែន នោះរដ្ឋាភិបាលកម្ពុជាជាអ្នកទទួលខុសត្រូវ ដោយបង្កើតការងារក្នុងស្រុកឱ្យបានច្រើន។ លោកថ្លែងថា៖ «ប៉ុន្តែយ៉ាងណាក្តី បើសិនជាមានការបញ្ជូន[ពលករកម្ពុជា]មកវិញ អ៊ីចឹងមែនក៏ជាភារកិច្ចរបស់រដ្ឋាភិបាលកម្ពុជាត្រូវទទួលខុសត្រូវប្រជាពលរដ្ឋខ្លួនឯង តាមរយៈការបង្កើតការងារក្នុងស្រុកឱ្យគាត់ [ពលរដ្ឋ] ធ្វើ ដើម្បីទទួលបានប្រាក់ចំណូល និងជាផ្នែកមួយក្នុងការចូលរួមចំណែកសេដ្ឋកិច្ចជាតិដែរ»។

បើតាមលោក ឌី ថេហូយ៉ា ពលករខ្មែរដែលកំពុងរស់នៅនិងធ្វើការក្នុងប្រទេសថៃមានចំនួនជាង២លាន២សែននាក់។ ក្នុងនោះពលករខ្មែរដែលប្រើប្រាស់ឯកសារហួសសុពលភាពមានប្រមាណ៣០ទៅ៤០ភាគរយ ដែលកើតឡើង ដោយសារបញ្ហាកូវីដ១៩ និងការស្នើសុំឯកសារនៅមានភាពស្មុគស្មាញ។ លោកជំរុញឱ្យរដ្ឋាភិបាលកម្ពុជានិងថៃគួរតែធ្វើគោលនយោបាយមួយ ដោយតម្រូវឱ្យថៅកែថៃជាអ្នករៀបចំឯកសារ និងចេញថ្លៃឯកសារនោះសម្រាប់ពលករខ្មែរ។ បន្ថែមពីនេះ លោកក៏ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាកំណត់តម្លៃទាបបំផុតរាល់ការធ្វើឯកសារចេញពីកម្ពុជា និងត្រូវបង្កភាពងាយស្រួលក្នុងការធ្វើឯកសារទាំងនោះផងដែរ៕

website_news/2023070603.txt · Last modified: 2023/06/07 09:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki