website_news:2023070701

រដ្ឋាភិបាលកំពុងរៀបចំកិច្ចការពារសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ ក្រោយកុមារភាគច្រើនប្រឈមផ្នែកសុវត្ថិភាព

https://www.rfi.fr/km/ref=tgi ចុះផ្សាយនៅថ្ងៃ៖ 06/07/2023 - 08:06

តាមការសិក្សាមួយបានបង្ហាញថា កុមារកម្ពុជាក្រោមអាយុ១៨ឆ្នាំ ប្រមាណ៦លាននាក់ឬ៣៦% នៃប្រជាជនកម្ពុជាសរុប កំពុងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ ក៏ប៉ុន្តែការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលនេះ បានក្លាយជាក្តីព្រួយបារម្ភចំពោះហានិភ័យ និងគ្រោះថ្នាក់ដល់សុខមាលភាព សិទ្ធិ និងសុវត្ថិភាពរបស់កុមារទាំងនោះ។ ក្រោយពិនិត្យឃើញបែបនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការជាមួយ អង្គការយូនីសេហ្វកម្ពុជាដើម្បីរៀបចំគោលការណ៍ស្តីពី កិច្ចការពារកុមារលើប្រព័ន្ធអនឡាញ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទកុមារ និងអំពើហិង្សាលើកុមារតាមប្រព័ន្ធអនឡាញ។

ការបង្កើតគោលការណ៍ណែនាំ ស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ សម្រាប់ក្រុមហ៊ុន បច្ចេកវិទ្យាឌីជីថលនៅកម្ពុជារបស់ក្រសួងប្រៃសណីយ៍ និងអង្គការយូនីសេហ្វ គឺធ្វើឡើងក្រោយពេលដែល ស្ថាប័នពាក់ព័ន្ធបានវិភាគនូវស្ថានភាពរួចរាល់របស់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ដើម្បីធ្វើយ៉ាងព្រួតដៃគ្នា ជួយបង្ការ និងទប់ស្កាត់ករណីកេងប្រវ័ញ្ចផ្លូវភេទកុមារ និងអំពើហិង្សាលើកុមារគ្រប់ទម្រង់នៅលើប្រព័ន្ធអនឡាញ។

ទោះជាយ៉ាងណា ក្រសួងប្រៃសណីយ៍អះអាងថា កិច្ចការពារកុមារលើប្រព័ន្ធអនឡាញ គឺជាកិច្ចការដែលលំបាកស្មុគស្មាញ ដែលទាមទារឱ្យមានការប្តេជ្ញាចិត្ត ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព និងកិច្ចសហប្រតិបត្តិការរបស់ភាគីពាក់ព័ន្ធរួមទាំងវិស័យឯកជន អង្គការសង្គមស៊ីវិល និងរដ្ឋាភិបាល ពិសេសស្ថាប័នក្រសួងដែលពាក់ព័ន្ធនានា។

ចំណែក ក្រុមហ៊ុនបច្ចេកវិទ្យា ដូចជាក្រុមហ៊ុនបណ្តាញសង្គម ប្រតិបត្តិករផ្តល់សេវាអុីនធឺណេត ប្រតិបត្តិករទូរសព្ទចល័យ ក្រុមហ៊ុនផ្តល់សេវាផ្ទុកទិន្នន័យ អ្នកបង្កើតមាតិកា និងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវធានាបានថា រាល់ផលិតផល និងសេវារបស់ពួកគេត្រូវមានភាពត្រឹមត្រូវចំពោះអ្នកប្រើប្រាស់ ពិសេសគោរពដល់សិទ្ធិកុមារ។ ជាក់ស្តែង កុមារកម្ពុជាអាយុក្រោម១៨ឆ្នាំមានចំនួនជាង៦លាននាក់កំពុងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ឬប្រើប្រាស់អុីនធឺណេត។ ក្នុងនោះ កុមារចំនួន៤នាក់ ក្នុងចំណោមកុមារ៥នាក់ដែលមានអាយុចន្លោះពី១២ ដល់១៧ឆ្នាំមានអុីនធឺណេតប្រើប្រាស់។ ដោយឡែក កុមារ៩នាក់ក្នុងចំណោម១០នាក់ ដែលមានអាយុចន្លោះ១៦ និង១៧ឆ្នាំ មានលទ្ធភាពចូលប្រើប្រាស់អុីនធឺណេត។

របាយការណ៍សិក្សាពីអង្គការជាច្រើនបានបង្ហាញថា កុមារកម្ពុជាភាគច្រើន កំពុងប្រើប្រាស់ប្រព័ន្ធអនឡាញតាមមធ្យោបាយខុសគ្នា និងប្រើប្រាស់ឧបករណ៍ ថ្នាល និងកម្មវិធីខុសគ្នា ដែលទាំងអស់នេះសុទ្ធសឹងតែអាចមានឥទ្ធិពលដល់ជីវិតរបស់ពួកគេតាមរយៈមធ្យោបាយខុសៗគ្នា។ ខណៈនិន្នាការសង្គមបច្ចុប្បន្ន ក្រសួងប្រៃសណីយ៍សង្កេតឃើញថា កុមារទទួលរងឥទ្ធិពលពីការផ្លាស់ប្តូរស្ថានភាពសង្គមជាងគេ ពិសេសក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ដែលកុមារត្រូវងាកមកប្រើប្រាស់នូវបច្ចេកវិទ្យាស្ទើតែទាំងស្រុង។ ការណ៍នេះហើយបាន ធ្វើឱ្យកុមារងាយប្រឈមនឹងហានិភ័យ និងគ្រោះថ្នាក់ដល់សុខមាលភាព ពិសេសសិទ្ធិ និងសុវត្ថិភាពលើប្រព័ន្ធអនឡាញ ពិសេសការរំលោភបំពានសិទ្ធិជាដើម៕

website_news/2023070701.txt · Last modified: 2023/07/07 10:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki