website_news:2023070703

មន្ត្រីរកឃើញរូបភាពបំពានផ្លូវភេទកុមារបង្ហោះចេញពីកម្ពុជា ២២ម៉ឺនករណី

https://www.khmertimeskh.com/501320498/ ហង្ស ពណ្ណរាយ / Khmer Times July 7, 2023

ក្នុងឆ្នាំ២០២២ មន្ត្រីជំនាញរកឃើញមានការចរាចររូបភាពសម្ភារៈរំលោភបំពានផ្លូវភេទកុមារ ដែលបង្ហោះចេញពីប្រទេសកម្ពុជាមានចំនួនប្រមាណ ២២០ ០០០ ករណី ដែលជាចំនួនមួយនៅតែព្រួយបារម្ភ ទោះមានការថយចុះជាង ១០០ ០០០ករណី បើធៀបនឹងឆ្នាំ២០២១។

ក្នុងកម្មវិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្ត គោលការណ៍ណែនាំស្ដីពី កិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា កាលពីម្សិលមិញ លោក នាង ម៉ៅ អគ្គនាយកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងគមនាគមន៍ បានលើកឡើងថា ការចរាចររូបភាពសម្ភារៈរំលោភបំពានកុមារតាមប្រព័ន្ធអនឡាញនៅកម្ពុជា នៅតែមានច្រើនករណីគួរឱ្យព្រួយបារម្ភ។ លោកបន្ថែមថា រូបភាពសម្ភារៈរំលោភបំពានផ្លូវភេទកុមារ ដែលបង្ហោះចេញពីកម្ពុជាមានចំនួន ប្រមាណ ២២ម៉ឺនករណី កាលពីឆ្នាំ២០២២។

លោកបញ្ជាក់ថា៖ «ថ្វីត្បិតតែចំនួននេះធ្លាក់ចុះ បើធៀបនឹងឆ្នាំ២០២១ ដែលមានចំនួនប្រមាណជិត ៤០ម៉ឺនករណីក៏ដោយ ក៏នៅតែមានកម្រិតខ្ពស់ជាងឆ្នាំ២០២០ ដែលមានប្រមាណ ១៨ម៉ឺនករណី»។ លោកបន្ថែមថា៖ «ហានិភ័យប្រភេទផ្សេងៗទៀតពាក់ព័ន្ធនឹងបញ្ហានេះ ដូចជាការគំរាមកំហែង ការបោកបញ្ឆោត លួចទិន្នន័យ និងការក្លែងបន្លំអត្តសញ្ញាណបុគ្គល ក៏នៅតែមានចំនួនច្រើនផងដែរ»។ លោកបន្តថា តាមការសិក្សាថ្មីៗស្តីពី ការបញ្ឈប់គ្រោះថ្នាក់នៅកម្ពុជាបានបង្ហាញថា មានកុមារ១នាក់ ក្នុងចំណោម១០នាក់ ធ្លាប់បានជនមិនធ្លាប់ស្គាល់ទាក់ទងតាមប្រព័ន្ធអនឡាញក្នុងចេតនារំលោភបំពានឬកេងប្រវ័ញ្ចផ្លូវភេទ។

មានករណីគ្រោះថ្នាក់ជាច្រើន ធ្លាប់បានកើតមានឡើងជាក់ស្តែង ដែលកុមារកម្ពុជាផ្ទាល់ត្រូវបានជនខិលខូចគំរាម កំហែង ឱ្យបង់ជាសាច់ប្រាក់ជាថ្នូរនឹងការមិនផ្សព្វផ្សាយរូបភាពមិនសមរម្យផ្ទាល់ខ្លួនជាសាធារណៈលើប្រព័ន្ធអនឡាញ ឬទៅកាន់អាណាព្យាបាល។ លោកបន្តថា ចំពោះហា និភ័យ និងគ្រោះថ្នាក់ទាំងអស់នេះ កើតមានឡើងដោយសារការប្រើប្រាស់បច្ចេកវិទ្យា ឬនៅលើប្រព័ន្ធ ឬក៏ថ្នាលបច្ចេកវិទ្យាឌីជីថល កិច្ចអន្តរាគមន៍ ដើម្បីការពារ ទប់ស្កាត់ និងឆ្លើយតបទៅនឹងបញ្ហាទាំងនេះ ទាមទារការចូលរួមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ដែលជាម្ចាស់របស់ប្រព័ន្ធ និងថ្នាលឌីជីថលទាំងឡាយ។

លោក នាង ម៉ៅ បញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ដែលរួមមានប្រតិបត្តិករទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត ក្រុមហ៊ុនថ្នាលឌីជីថល ក្រុមហ៊ុនផ្តល់សេវាផ្ទុកទិន្នន័យក្រុមហ៊ុនផលិតសុសវែរនិងឧបករណ៍បច្ចេកវិទ្យាក្រុមហ៊ុនផលិត ហ្គេម ក្រុមហ៊ុនផ្តល់សេវាផ្សាយផ្ទាល់ និងអ្នកបង្កើតមាតិកាឌីជីថល គឺសុទ្ធតែជាអ្នកពាក់ព័ន្ធដ៏សំខាន់ក្នុងកិច្ចការនេះ។

លោក វីល ផាកស៍ (Will Parks នាយកអង្គការយូនីសេហ្វកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន កុមារចំណាយពេលលើអនឡាញ កាន់តែច្រើនជាងមុន។ លោកបន្ថែមថា ការចម្រើនវ័យជាមួយការប្រើប្រាស់ប្រព័ន្ធអនឡាញ ផ្តល់ឱកាសគ្មានដែនកំណត់ ប៉ុន្តែវាក៏នាំមកនូវហានិភ័យធ្ងន់ធ្ងរផងដែរ។នាយកអង្គការយូនីសេហ្វកម្ពុជា បញ្ជាក់ថា៖ «ការសម្លុតគំរាមតាមប្រព័ន្ធអនឡាញ និងអំពើហិង្សាពីមិត្តភក្តិក្នុងទម្រង់ផ្សេងៗទៀត អាចបង្កផលប៉ះពាល់ដល់យុវជន នៅពេលពួកគេប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ឬប្រើប្រាស់កម្មវិធីផ្ញើសារនានា»។ លោក វីល ផាកស៍ បន្តថា បញ្ហាដែលគួរឱ្យបារម្ភបំផុតនោះ គឺការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានថ្លែងថា គោលការណ៍ណែនាំស្ដីពី កិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធ ដើម្បីការពារកុមារពីការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទគ្រប់រូបភាពនៅកម្ពុជា។ លោកបន្ថែមថា ចំពោះគោលការណ៍ណែនាំខាងលើនេះ មានគោលបំណងលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុនក្នុងវិស័យទាំងនេះ ចូលរួមទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះគ្រោះថ្នាក់ដែលកំពុងកើតមាន និងគ្រោះថ្នាក់ក្នុងទម្រង់ថ្មីៗ ដែលកើតចេញពីការប្រើប្រាស់បច្ចេកវិទ្យា។

លោកបន្តថា៖ «ការអនុវត្តគោលនយោបាយការពារសុវត្ថិភាពកុមារ ក៏ដូចទប់ស្កាត់ និងឆ្លើយតបចំពោះមាតិកា ដែលបង្ហាញពីការរំលោភបំពានផ្លូវភេទកុមារ»។ លោកបានជំរុញភាគីពាក់ព័ន្ធ បង្កើតវិធានការទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារ ដូចជាផ្តល់ការណែនាំ និងកំណត់ពីវិធានឱ្យបានច្បាស់លាស់ ដើម្បីផ្តល់កិច្ចការពារដល់កុមារលើប្រព័ន្ធអនឡាញ។ ផ្តល់វិធានការការពារ ជាពិសេសវិធីរាំងខ្ទប់ទំាងមនុស្ស និងមាតិកាមិនសមរម្យ ឬមាតិកាដែលអាចបង្កផលប៉ះពាល់ដល់កុមារ រាយការណ៍ និងទទួលអន្តរាគមន៍ពីអាជ្ញាធរ និងសេវាពាក់ព័ន្ធ។ រដ្ឋមន្ត្រីណែនាំ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវធានាថាទិន្នន័យ និងព័ត៌មានពាក់ព័ន្ធនឹងកុមារដែលកំពុងប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណិត ត្រូវបានរក្សាទុកជាព័ត៌មានសម្ងាត់ និងមានឯកជនភាព៕

website_news/2023070703.txt · Last modified: 2023/07/07 10:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki