website_news:2023070704

ក្រសួងមហាផ្ទៃ ឱ្យរដ្ឋបាលខេត្តឧត្តរមានជ័យ ចាត់វិធានការមន្ត្រីរត់ការសុំសេវាជំនួយពីប្រជាពលរដ្

https://www.khmertimeskh.com/1320497/9A/ ហង្ស ពណ្ណរាយ / Khmer Times July 7, 2023

ក្រសួងមហាផ្ទៃ ណែនាំរដ្ឋបាលខេត្តឧត្តរមានជ័យ និងភាគីពាក់ព័ន្ធចាត់វិធានការ និងលុបបំបាត់រាល់មន្ត្រីរត់ការស្នើសុំសេវាជំនួយពីប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធិភាពបម្រើសេវាសាធារណៈ និងលុបបំបាត់អំពើពុករលួយ។ ក្នុងលិខិតរបស់ក្រសួងមហាផ្ទៃ ដែលផ្សព្វផ្សាយនៅលើបណ្ដាញសង្គមរបស់អង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃចន្ទ បានប្រាប់ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និងអភិបាលខេត្តឧត្តរមានជ័យ ត្រូវចាត់វិធានការណែនាំ និងលុបបំបាត់រាល់មន្ត្រីរត់ការស្នើសុំសេវាជំនួសពីប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តនេះឱ្យបានយ៉ាងម៉ឺងម៉ាត់បំផុត។ ចំពោះចំណាត់ការលើមន្ត្រីរត់ការស្នើសុំសេវាជំនួសបន្ថែមនេះ ធ្វើឡើងទាំងមន្ត្រីពេញសិទ្ធិ និងបុគ្គលិកជាប់កិច្ចសន្យារបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ដែលជះឥទ្ធិពលមិនល្អដល់ការធ្វើកំណែទម្រង់របស់រដ្ឋាភិបាល។

ក្រសួងមហាផ្ទៃ បន្ថែមថា រដ្ឋបាលខេត្តត្រូវបញ្ឈប់ផ្តល់សេវាបណ្ណព្រំដែន នៅក្រៅអង្គភាពច្រកចេញចូលតែមួយនិងត្រូវយកសេវានេះមកអនុវត្តនៅអង្គភាពច្រកចេញចូលតែមួយ។ ក្នុងអំឡុងពេលក្រសួងមហាផ្ទៃ កំពុងរៀបចំបញ្ចូលកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ និងប្រព័ន្ធផ្តល់សេវាបណ្ណព្រំដែន គឺស្នើរដ្ឋបាលខេត្តណែនាំមន្ត្រីផ្តល់សេវាកត់ត្រាបញ្ចូលទិន្នន័យប័ណ្ណព្រំដែនក្នុងកម្មវិធីព័ត៌មានវិទ្យាឱ្យអស់ និងត្រឹមត្រូវ។ ក្នុងនោះ រដ្ឋបាលខេត្ត ត្រូវចាត់តាំងក្រុមការងារ ដើម្បីចុះទៅពិនិត្យបែបបទ និងនីតិវិធី នៃការផ្តល់សេវារដ្ឋបាលតាមរយៈយន្តការច្រកចេញចូលតែមួយនៅតាមរដ្ឋបាលឃុំ សង្កាត់។ លើសពីនេះ រដ្ឋបាលខេត្ត ត្រូវបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវា ដល់ប្រធាន អនុប្រធានការិយាល័យ និងបុគ្គលិកទាំងអស់របស់ការិយាល័យប្រជាពលរដ្ឋខេត្ត ឱ្យបានទៀងទាត់ និងត្រឹមត្រូវតាមគោលការណ៍កំណត់។

ក្រសួងមហាផ្ទៃ បញ្ជាក់ថា ចំពោះគណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ ត្រូវពន្លឿននីតិវិធីបោះឆ្នោត ដោយត្រូវអនុវត្តតាមនីតិវិធីឱ្យបានត្រឹមត្រូវតាមសេចក្តី ណែនាំស្តីពី នីតិវិធីនៃការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត។ នៅក្នុងដំណាក់កាលដែលពុំមានប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត គឺប្រធាន និងក្រុមប្រឹក្សាខេត្ត ត្រូវចាត់តាំងសមាជិកក្រុមប្រឹក្សា ដែលមានសមត្ថភាព ដើម្បីទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងប្រជាពលរដ្ឋ ជាបណ្តោះអាសន្ន។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ងី ច័ន្ទ្រផល បានឱ្យដឹងថា កន្លងមក ក្រសួងបានចាត់តាំងក្រុមការងារចុះពិនិត្យមើល អំពីការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ និងសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ។ លោកបន្ថែមថា ក្រោយពីចុះពិនិត្យមើលការផ្ដល់សេវារដ្ឋបាល គឺក្រុមការងាររកឃើញចំណុចអសកម្មមួយចំនួនពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ និងការគាំទ្រដល់ការិយាល័យប្រជាពលរដ្ឋខេត្តផងដែរ។

កាសែតខ្មែរថាមស៍ ពុំអាចសុំការបញ្ជាក់បន្ថែមពីលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានឡើយកាលពីម្សិលមិញ។

លោក ជា ពិសិដ្ឋ នាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យ ប្រាប់កាសែតខ្មែរថាមស៍ កាលពីម្សិលមិញថា ករណីខាងលើនេះ គឺជាករណីចាស់ដែលធ្លាប់កើតឡើងកាលពីកន្លងទៅ ប៉ុន្តែរដ្ឋបាលខេត្តបានចាត់វិធានការ និងដោះស្រាយបានល្អប្រសើររួចរាល់ហើយ។ លោកបន្ថែមថា បច្ចុប្បន្ន រដ្ឋបាលខេត្តបានផ្លាស់ប្ដូរប្រធានអង្គភាពច្រកចេញចូលតែមួយ ដោយដាក់មន្ត្រីថ្មី ជំនួសមន្ត្រីចាស់ ដូច្នេះ មិនមានបញ្ហាខ្វះចន្លោះ ដូចមុនទៀតនោះទេ។ នាយករដ្ឋបាលខេត្តបញ្ជាក់ថា ចាប់តាំងពីធូរស្បើយនៃការរីករាលដាលជំងឺកូវីដ-១៩ មានប្រជាពលរដ្ឋជាច្រើនបានសម្រុកមកធ្វើឯកសារច្រើនមែនទែន ក្នុងមួយថ្ងៃចន្លោះពី ៥០០នាក់ ទៅ ៦០០នាក់ ដែលធ្វើឱ្យមន្ត្រីពាក់ព័ន្ធពិបាកសម្របសម្រួលនៅផ្នែកជួរខាងមុខ ព្រោះមនុស្សច្រើនផ្ដល់សេវាពុំគ្រប់គ្រាន់។

លោក ជា ពិសិដ្ឋ និយាយថា៖ «នៅពេលមន្ត្រីជួរមុខសម្របសម្រួលពុំគ្រប់គ្រាន់ យើងបានបញ្ជូនមន្ត្រីទៅជួយសម្របសម្រួលបន្ថែម ក្នុងនោះ ក៏មានប្រជាពលរដ្ឋមួយចំនួន គាត់មិនចេះសរសេរអក្សរ និងបំពេញឯកសារ ក៏បានពឹងមន្ត្រីយើងឱ្យជួយ ហើយអ្នកខ្លះលើកទឹកចិត្តដល់មន្ត្រី ៥ ០០០រៀល ឬចំនួន ១០ ០០០រៀល ដែលបញ្ហាទាំងនេះ ជាផ្នែកមួយធ្វើឱ្យកើតឡើងភាពមិនប្រក្រតី»។ ក្នុងលិខិតណែនាំរបស់ក្រសួងមហាផ្ទៃ បានជំរុញ អភិបាលខេត្ត និងក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ត្រូវចាត់ចែង និងដោះស្រាយបញ្ហាអសកម្មខាងលើនេះ ឱ្យមានប្រសិទ្ធិភាព៕

website_news/2023070704.txt · Last modified: 2023/07/07 10:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki